ដោយ សុ ជីវី
2012-08-02
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានមូលដ្ឋាននៅទីក្រុងប៉ារីស បានប្រតិកម្មតបចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសថា ប្រធានគណៈកម្មាធិការមួយនេះ កាលនៅមានតួនាទីក្នុងជួររដ្ឋាភិបាលសម័យ លន់ ណុល ពុំបានស្វិតស្វាញក្នុងការការពារបូរណភាពកោះខ្មែរនោះទេ។
![]() |
RFA, Screenshot លោក ស៊ាន ប៉េងសែ ឆ្លើយបទសម្ភាសជាមួយអ្នកយកព័ត៌មានវិទ្យុ អាស៊ីសេរីនៅ ស.រ.អា. អំពីការអនុវត្តកិច្ចព្រមព្រៀងក្រុងបារី ២៣ តុលា |
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក ស៊ាន ប៉េងសែ បញ្ជាក់ថា កោះវ៉ៃ ឬកោះពូឡូវ៉ៃ គឺជាកោះខ្មែរជានិច្ចកាល ពុំបានស្ថិតក្នុងការគ្រប់គ្រងរបស់វៀតណាម ឡើយ។
លិខិតបញ្ជាក់របស់គណៈកម្មាធិការព្រំដែនកម្ពុជា ដែលចុះហត្ថលេខាដោយ លោក ស៊ាន ប៉េងសែ ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា បានអះអាងថា ក្នុងរបបសាធារណរដ្ឋខ្មែរ លោកជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងកសិកម្ម មិនបានប្រគល់ ឬបណ្ដោយឲ្យវៀតណាមចូលកាន់កាប់កោះវ៉ៃ នោះឡើយ។ ចំណែកនៅក្នុងរបបសង្គមរាស្ត្រនិយម ឬព្រះរាជាណាចក្រទី១ នៃសម្ដេច នរោត្តម សីហនុ ក៏កោះនោះស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា។
លិខិតដដែលបានបន្តថា លើកលែងតែរវាងថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៧៥ ដែលវៀតណាម បានរំលោភឈ្លានពានម្ដង គឺនៅពេលដែលកម្ពុជាធ្លាក់នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។
លិខិតរបស់លោក ស៊ាន ប៉េងសែ ឆ្លើយតបនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែសីហា ដែលថា អតីតរដ្ឋមន្ត្រីក្រសួង និងជាអ្នកជំនាញខាងផែនទីរូបនេះ មិនបានធ្វើអ្វី ដើម្បីទៅយកកោះវ៉ៃ ពីការគ្រប់គ្រងរបស់វៀតណាម៖«ពន្យល់ទាំងអាមួយរត់ទៅនែក ស្រុកបារាំង កាន់ផែនទីរត់កាលហ្អែងធ្វើរដ្ឋមន្ត្រីរបស់ លន់ ណុល កោះវ៉ៃ ហ្អែងអ្នកណាកាន់កាប់ ក្រែងវៀតណាមខាងត្បូងហ្អី ចុះម៉េចហ្អែងមិនទៅយក។ កោះវ៉ៃ អ្នកណាគ្រប់គ្រង គឺអាធីវគី ម៉េចក៏លោកឯងរដ្ឋមន្ត្រីជំនាន់នោះមិនយក ត្រឹមតែគូសផែនទី រត់ប្រផាប់ប្រភីង អ៊ីចឹងទេគឺថានិយាយអោយជ្រះក្អែលម្តងនៅក្នុងសភា»។
លោក ស៊ាន ប៉េងសែ បានបន្តនៅក្នុងលិខិតដោយរិះគន់ថា កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ១៩៨២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលនោះគឺជារដ្ឋមន្ត្រីការបរទេសនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានចុះហត្ថលេខាដោយខុសច្បាប់ ជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម ង្វៀន កូថាច់ លើកិច្ចព្រមព្រៀងស្ដីពីទឹកប្រវត្តិសាស្ត្រ។ នោះគឺលោក ហ៊ុន សែន ទទួលស្គាល់ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ថា កោះត្រល់ និងប្រជុំកោះក្រចកសេះ ឬពូឡូ ប៉ង់យ៉ង ជារបស់វៀតណាម ព្រមទាំងបានអះអាងថា វៀតណាមបានទទួលស្គាល់វិញថា កោះវ៉ៃ ជារបស់ខ្មែរ។រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ពុំអត្ថាធិប្បាយពីករណីនេះឡើយ ដោយបញ្ជាក់ថា ជារឿងបច្ចេកទេស។ លោកបានបង្វែរសំនួរទៅប្រធានគណៈកម្មាធិការដោះស្រាយកិច្ចការព្រំដែន លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង។
វិទ្យុអាស៊ីសេរី ពុំអាចសុំការឆ្លើយតបពីប្រធានគណៈកម្មាធិការដោះស្រាយកិច្ចការព្រំដែន លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានទេនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា ពុំមានឯកសារជាក់លាក់ដែលនិយាយដល់វត្តមានបរទេស ក្នុងការគ្រប់គ្រងកោះវ៉ៃ នោះឡើយ។ ប៉ុន្តែតាមរយៈការផ្សព្វផ្សាយមួយចំនួនអោយដឹងថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កម្ពុជា និងវៀតណាមមានជម្លោះនឹងគ្នាក្នុងការគ្រប់គ្រងកោះវ៉ៃ នោះ៖ «យើងឃើញថា មានទំនាស់គ្នារវាងក្រុមខ្មែរក្រហម និងវៀតណាម ហ្នឹង ដោយសារតែបញ្ហាកោះវ៉ៃ ហ្នឹងឯង។ កន្លែងហ្នឹងបញ្ជាក់ជាទឡ្ហីករណ៍ បញ្ជាក់ច្បាស់លាស់ថា វៀតណាម បានកាន់កាប់កន្លែងហ្នឹងមែនហើយ តែយើងពុំមានឯកសារដែលបញ្ជាក់ថា ខ្មែរក្រហមបានយកកោះមកវិញនៅពេលណា អត់មានទេ»។
កោះពូឡូវ៉ៃ គឺជាកោះធំមួយស្ថិតចម្ងាយ១០០គីឡូម៉ែត្រពីខេត្តព្រះសីហនុ បច្ចុប្បន្នត្រូវគេស្គាល់ថា គឺជាមូលដ្ឋានកងទ័ពដ៏សំខាន់មួយ ក្នុងការការពារដែនសមុទ្រកម្ពុជា៕
0 comments:
Post a Comment