Monday, August 13, 2012

ពលរដ្ឋ​ខេត្ត​កំពត​និង​ខេត្ត​តាកែវ​ជួប​គ្រោះ​រាំង​ស្ងួត


2012-08-13
ប្រជាកសិករ​មួយ​ចំនួន​រស់នៅ​ខេត្ត​កំពត និង​ខេត្ត​តាកែវ កំពុង​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ឆ្នាំ​ក្រោយ។ ក្តី​ព្រួយបារម្ភ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ពួកគាត់​មិន​មាន​ទឹក​ធ្វើស្រែ​នៅ​រដូវវស្សា​ឆ្នាំ​២០១២ នេះ។
កសិករ​​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ បាច​ស្រូវ​ពង្រោះ។ រូបថត​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១២។
ទោះ​បី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដូវ​វស្សា​ឆ្នាំ​នេះ​ប្រជាកសិករ​បាន​បង្កបង្កើន​ផល​សម្រេច​បាន​ប្រមាណ ៧០​ភាគរយ​រួច​ក្តី ក៏​ប៉ុន្តែ​សម្រាប់​ប្រជាកសិករ​មួយ​ចំនួន​រស់​នៅ​ខេត្ត​កំពត និង​ខេត្ត​តាកែវ ពួកគាត់​បាន​ត្អូញត្អែរ​ថា មិន​ទាន់​បាន​បង្កបង្កើន ឬ​ដក​ស្ទូង​ស្រូវ​រដូវ​វស្សា​នោះ​ទេ ព្រោះ​គ្មាន​ទឹក​ភ្លៀង។
ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ជុំ សុបិន ជា​កសិករ​រស់​នៅ​ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្ត​កំពត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ថា គ្រួសារ​គាត់​កំពុង​ព្រួយបារម្ភ​ខ្វះ​ស្បៀង​ផ្គត់ផ្គង់​គ្រួសារ​ឆ្នាំ​ក្រោយ ព្រោះ​ថា មក​ដល់​ខែ​សីហា ទៅ​ហើយ​មិនទាន់​បាន​ស្ទូង​ដក​បាន​មួយ​អំពក​ណា​ទេ។
កសិករ​រូប​នេះ​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​កសិករ​ក្នុង​មូលដ្ឋាន​មិន​ទាន់​បាន​បង្កបង្កើនផល​ស្រូវ​រដូវ​វស្សា​ឆ្នាំនេះ ដោយសារ​ដី​ធ្វើ​កសិកម្ម​ស្ងួត​ហួតហែង​គ្មាន​ទឹក៖ «ដី​ស្ងួត​ហួតហែង អ្នក​សាប​គោក​មុនៗ​សំណាប​ងាប់​អស់​ហើយ។ សាប​លុប​ដី​ឥឡូវ​ឆួល​អត់​ភ្លៀង​ងាប់​អស់​ហើយ។ ដូច​អត់​សង្ឃឹម​ទេ មេឃ​អត់​អំណោយ​ផល មេឃ​ខ្ពស់​ណាស់»
ស្ត្រី​ជា​កសិករ​មាន​កូន ១១​នាក់ ក្នុង​បន្ទុក​រូប​នេះ សម្ដែង​ភ័យ​ព្រួយ​ថា បើ​គ្រោះ​រាំង​ស្ងួត​បន្ត​អូស​បន្លាយ​យូរ​ថ្ងៃ​ទៀត​នោះ គ្រួសារ​គាត់​ទំនងជា​ប្រឈម​បញ្ហា​ខ្វះ​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​នៅ​ឆ្នាំ​ក្រោយ​មិន​ខាន។
អ្នកស្រី​បន្ត​ថា កង្វល់​ខ្វះ​ស្បៀង ឬ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​ស្រែ​នេះ គ្រួសារ​គាត់​មិន​ដឹង​ជា​ទៅ​ពឹង​ស្ថាប័ន​ផ្នែក​ណា​មួយ​ឲ្យ​ជួយ​ដល់​ពលរដ្ឋ​បាន​ទឹក​ធ្វើ​ស្រែ​នោះ​ទេ ព្រោះ​ក្នុង​មូលដ្ឋាន​ឃុំ​នារាយណ៍ ស្រុក​ឈូក មិន​មាន​ប្រភព​ទឹក​ច្រើន​ទេ។
មិន​ខុស​គ្នា​ក្ដី​ព្រួយ​បារម្ភ​របស់​កសិករ​រស់​នៅ​ស្រុក​ឈូក ខេត្ត​កំពត ទេ សម្រាប់​ប្រជា​កសិករ​រស់​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក៏​មាន​កង្វល់​លើ​បញ្ហា​ខ្វះ​ស្បៀង​ផ្គត់ផ្គង់​គ្រួសារ​ឆ្នាំ​ក្រោយ​នេះ​ដែរ។
អ្នកស្រី សំបូរ ជា​កសិករ​រស់នៅ​ឃុំ​ត្រពាំង​កែស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ អ្នកស្រី​ឲ្យ​ដឹង​ថា សំណាប​ដែល​គ្រួសារ​គាត់ និង​កសិករ​ផ្សេង​ទៀត​បាន​សាបព្រោះ​ក្នុង​ថ្នាល​បាន​ស្វិត​អស់ ព្រោះ​គ្មាន​ទឹក ឬ​ក៏​គ្មាន​ភ្លៀង​ធ្លាក់ ចាប់​ពី​ខែ​កក្កដា រហូត​មក​ដល់​ខែ​សីហា​នេះ។
ស្ត្រី​មេម៉ាយ​រូប​នេះ​ព្រួយបារម្ភ​ថា បញ្ហា​ខ្វះ​ស្បៀង​មិន​អាច​ជៀស​ផុត​ទេ ប្រសិន​គ្រោះ​រាំងស្ងួត ឬ​មិន​មាន​ភ្លៀង​ធ្លាក់​បន្ត​អូស​បន្លាយ​ពេល​យូរ​ទៀត​នោះ៖ «ពិបាក​ដល់​ខែ​នេះ​មេឃ​អត់​ភ្លៀង​យើង​អ្នក​ធ្វើ​ស្រែ ដល់​រាំង​ពេល​រាំង​ក៏​ភ័យ សំណាប​ទើប​សាប​បាន ២​ថ្នាល។ ភ្លៀង​តាំង​ថ្ងៃ​ពេញបូណ៌មី​បាន ១​មេ រួច​ប្រវេប្រវា​សាប​ដល់​ពេល​ឥឡូវ​ហ្នឹង​សាប​ហើយ​ស្ងួត ព្រោះ​ភ្លៀង​អត់​ដែល​ភ្លៀង​ទៀត​ទេ»
ទាក់ទង​ការ​ព្រួយ​បារម្ភ​ខ្វះ​ស្បៀង​នេះ កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ឆ្នាំ​២០១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ ឬ​ខ្វះ​ស្បៀង​អាហារ​នោះ​ទេ។
ស្រប​ពេលនេះ​ដែរ លោក​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា រដូវ​វស្សា​ឆ្នាំ​២០១២ នេះ កសិករ​ខ្មែរ​បាន​បង្កបង្កើនផល​ស្រូវ​រដូវ​វស្សា បាន​ប្រមាណ ៧០​ភាគរយ​ហើយ​នៅ​ទូទាំង​ប្រទេស។
លោក ហ៊ុន សែន សង្កត់ធ្ងន់​ដូច្នេះ៖ «មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ ហើយ​យើង​មិន​បាន​ដោះស្រាយ​នោះ​ទេ»
ទោះ​យ៉ាង​ណា ប្រជាកសិករ​មួយ​ចំនួន​រស់នៅ​ខេត្ត​កំពត និង​ខេត្ត​តាកែវ ពួកគាត់​បាន​ត្អូញត្អែរ​ថា មិន​ទាន់​បាន​បង្កបង្កើន ឬ​ដក​ស្ទូង​ស្រូវ​រដូវវស្សា​នោះ​ទេ ព្រោះ​គ្មាន​ទឹកភ្លៀង។ 
ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១៤​លាន​នាក់ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន  ៨០​ភាគរយ ជា​កសិករ​ប្រកបរបរ​កសិកម្ម​ធ្វើ​ស្រែ​ចម្ការ។ ការ​ធ្វើ​របរ​កសិកម្ម​របស់​កសិករ​ខ្មែរ​ភាគច្រើន គឺ​ពឹង​ផ្អែក​ទៅលើ​ទឹកភ្លៀង​ពី​ធម្មជាតិ ដោយ​មិន​មាន​ប្រព័ន្ធ​ធារាសាស្ត្រ ឬ​ប្រភព​ទឹក​ជួយ​ស្រោចស្រព​ទេ៕

0 comments:

Post a Comment