លោក ថូម៉ាស ប៊ីតធី ដែលគេស្គាល់ទូទាំងពិភពលោកថាជា "បុរសមានគភ៌" បានប្រកាសចែកផ្លូវពីប្រពន្ធការជាមួយគ្នា ប្រាំបួនឆ្នាំរបស់គាត់ហើយ។ លោក ថូម៉ាស អាយុ ៣៨ ឆ្នាំ បានបង្ហើបអំពីការចែកផ្លូវគ្នាពីប្រពន្ធឈ្មោះ ណាន់ស៊ី របស់លោកនៅក្នុងខ្សែអាត់វីដេអូនៃកម្មវិធី "The Doctors" របស់ទូរទស្សន៍ CBS។
លោកក៏បានសារភាពនៅអំឡុងកិច្ចសម្ភាសន៍នោះផងដែរថា លោកបានទទួលការវះកាត់ប្តូរភេទឡើងវិញចុងក្រោយបំផុតពីស្រីទៅប្រុសវិញហើយ។ លោកប៊ីតធីបាននិយាយនៅក្នុងខ្សែអាត់វីដេអូសម្រាប់កម្មវិធីដែលនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នៅថ្ងៃទី ៧ ឧសភាថា "ណាន់ស៊ីមិនទាន់បានឃើញរូបរាងថ្មីរបស់ខ្ញុំនៅឡើយទេ។ ដូចអ្នកដែលបានរៀបការទាំងអស់ដូច្នេះដែរ យើងតែងមានការចុះសម្រុង និង មានភាពរកាំរកូសជាមួយគ្នា ហើយឥឡូវនេះយើងកំពុងតែឆ្លងកាត់លើវិថីដ៏សែនរលាក់។ ខណៈពេលនេះ យើងបានចែកផ្លូវគ្នាហើយ"។
លោកប៊ីតធីបានកើតមកក្លាយទៅជាស្ត្រី ឈ្មោះ ទ្រេស៊ី ឡាហ្គុនឌីណូ (Tracy Lagondino) នៅរដ្ឋហាវ៉ៃ ក្នុងឆ្នាំ ១៩៧៤ ប៉ុន្តែលោកនិយាយថាលោកតែងតែមានអារម្មណ៍ដូចជាចង់ក្លាយទៅជាបុរសម្នាក់វិញ។ នៅពេលលោកមានអាយុខ្ទង់ ២០ ឆ្នាំ លោកបានចាប់ផ្តើមទទួលការចាក់បញ្ចូលអ័រម៉ូនតេស្តូស្ត័ររ៉ូន (Testosterone) ដោយវាបានផ្តល់ឲ្យលោកនូវរោមលើមុខ, សម្លេងរាងធ្លាក់ចុះជាងមុន និង ផ្លាស់ប្តូរនូវសរីរាង្គភេទរបស់លោក។
ក្នុងឆ្នាំ ២០០២ លោកបានទទួលការវះកាត់យកដោះចេញ និង បានក្លាយទៅជាបុរសស្របច្បាប់ ប៉ុន្តែលោកបានជ្រើសយកការរក្សាទុកយោនី ស្បូន និងសរីរាង្គភេទស្រីដទៃទៀត ដូច្នេះប្តីប្រពន្ធទាំងពីរនាក់នេះអាចមានកូនបាន ព្រោះប្រពន្ធរបស់លោកបានទទួលការវះកាត់យកស្បូនចេញដោយសារតែនាងបានដាច់អញ្ចាញទឹករំអិលក្នុងស្បូនជាដុំៗ។
គួរបញ្ជាក់ផងដែរថា លោកថូម៉ាស ប៊ីតធី គឺជាបុរសដំបូងគេនៅក្នុងលោកដែលបានប្រសូតបានកូនប្រុសម្នាក់ឈ្មោះ ជេនសិន ជេមស៍ ប៊ីតធី នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសេនថ៍ ឆាលីស នៅថ្ងៃទី ២៥ កក្កដា ២០១០ នៅទីក្រុងប៊េនដ៏ (Bend) រដ្ឋអូរីហ្គុន (Oregon) សហរដ្ឋអាមេរិក៕
- ប្រភព CEN




0 comments:
Post a Comment