ដោយ សុខ សេរី
2012-08-01
ដំណើរការបោះបង្គោលព្រំដែន និងផែនការដោះដូរភូមិមួយចំនួននៅតាមបណ្ដោយព្រំដែន រវាងកម្ពុជា និងវៀតណាម កំពុងតែក្លាយជាសង្គ្រាមពាក្យសំដីរវាងគណបក្ស សម រង្ស៊ី និងប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន។
![]() |
RFA/Sok Serey លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) ចូលរួមជាអធិបតីនៃពិធី ចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១២។ |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ បានប្រកាសថា រូបលោកគ្រោងនឹងឡើងទៅឆ្លើយបំភ្លឺដោយផ្ទាល់មាត់យ៉ាងពិស្ដារ រយៈពេល ៤ម៉ោង ឬ ៧ម៉ោង នៅក្នុងសភាជាតិនៅពេលខាងមុខនេះ ជុំវិញការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលកន្លងមកមេដឹកនាំគណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី បានចោទដោយសំដីធ្ងន់ៗថា លោកជាជនក្បត់ជាតិលក់ទឹកដីឲ្យវៀតណាម។
លោកនាយករដ្ឋមន្ត្រីកំពុងតែរង់ចាំលិខិតជាផ្លូវការពីសភាជាតិ កោះហៅរូបលោកទៅឆ្លើយបំភ្លឺនៅសភាជាតិនោះ។
ពាក្យចោទប្រកាន់ធ្ងន់ធ្ងរនេះហើយបានញ៉ាំងឲ្យលោក ហ៊ុន សែន ត្រូវតែចេញមុខឆ្លើយបំភ្លឺដើម្បីជម្រះការមន្ទិលសង្ស័យនានាជូនមហាជន កុំឲ្យភ័ន្តច្រឡំបន្តទៀត។
ការប្រកាសជំហរម៉ឺងម៉ាត់នេះ គឺជាការឆ្លើយតបទៅនឹងតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ ដែលបានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រធានសភាជាតិ លោក ហេង សំរិន សុំឲ្យលោក ហ៊ុន សែន មកឆ្លើយបំភ្លឺដោយផ្ទាល់មាត់នៅសភាជាតិ ជុំវិញការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួនជាង ២.៦០០នាក់ នៅទីក្រុងភ្នំពេញ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២១០២ បានមានប្រសាសន៍ថា លោកមិនខ្លាចនឹងការទៅឆ្លើយលើរឿងនេះទេ។
លោក ហ៊ុន សែន៖ «ជម្រះបញ្ជីគ្នាម្ដងនៅក្នុងសភាកន្លងទៅ។ ខ្ញុំចេះតែសរសេរឆ្លើយ ប៉ុន្តែលើកនេះគឺថា ខ្ញុំសុំបួនម៉ោងឆ្លើយតែមួយសំណួររបស់អ្នកឯងទេ ខ្ញុំសុំបួនម៉ោង។ ចង់និយាយ ៧ម៉ោង ក៏វាមិនទាន់គេហៅថា 7 hours non-stop អត់បញ្ហាទេ ដើម្បីពន្យល់តាមដំណាក់មួយៗមក អ៊ីចឹងគឺថា និយាយឲ្យជ្រះក្អែលម្ដងនៅក្នុងសភា ហើយបើសិនផ្សាយបន្តផ្ទាល់បាន គឺផ្សាយបន្តផ្ទាល់គ្រប់ទូរទស្សន៍...លេងអ៊ីចេះម្ដង។ ហើយមកចោទគេក្បត់ជាតិស្អី នរណាស្នេហាជាតិ នរណាក្បត់ជាតិ?»។
ជាមួយគ្នានេះដែរ ប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា និងវៀតណាម លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ការចោទប្រកាន់កន្លងមក គឺខុសការពិត និងមិនអាចទទួលយកបានទេ។លោក វ៉ា គឹមហុង៖ «អ៊ីចឹងធម្មតាទេ សម្ដេចលោកបំភ្លឺឲ្យវាយល់ច្បាស់ កុំឲ្យចេះតែនិយាយទិតៀនរដ្ឋាភិបាល ឬថ្នាក់ដឹកនាំកំពូលរបស់យើងសុទ្ធតែជនក្បត់ជាតិក្បត់អី ចេះតែនិយាយផ្ដេសផ្ដាសទៅម៉េចកើត។ អ្នកនៅស្រុកក្រៅចេះតែនិយាយថា យើងហ្នឹងប្រើផែនទីខុសផែនទីអី ខ្លួនមិនដឹងខ្យល់ផែនទីអីផង ចេះតែដើរចោទគេអ៊ីចឹងមិនកើត...»។
ទាក់ទងនឹងការកោះហៅនេះ សមាជិកគណៈកម្មការអចិន្ត្រៃយ៍របស់សភាជាតិ លោក ជាម យៀប និងជាប្រធានគណៈកម្មការរបស់សភាជាតិទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា គណៈកម្មការអចិន្ត្រៃយ៍របស់សភាជាតិនៅមិនទាន់បានកោះប្រជុំដើម្បីរៀបចំរបៀបវារៈប្រជុំសភានៅឡើយ ចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ៖ «ចាំមើលខ្ញុំមើលសំណើរបស់ សុន ឆ័យ មកដល់រដ្ឋសភាយ៉ាងណាៗនោះ គឺថាយើងដឹងទៀត»។
ការប្រកាសចូលបំភ្លឺដោយផ្ទាល់មាត់ខាងមុខនេះ ត្រូវបានស្វាគមន៍ដោយគណបក្សប្រឆាំង។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា លោករង់ចាំចំលើយនេះកន្លងមក៖ «យើងរង់ចាំមើលថា តើគាត់ (លោក ហ៊ុន សែន) នឹងឆ្លើយចំលើយអ្វីខ្លះទាក់ទងនឹងសំណួរដែលឯកឧត្ដម សុន ឆ័យ បានបញ្ជូនទៅ»។
កន្លងមកតំណាងរាស្ត្រគណបក្សប្រឆាំង និងសកម្មជនការពារព្រំដែននៅក្នុងស្រុក និងនៅបរទេស បានសំដែងការព្រួយបារម្ភថា ផែនការដោះដូរភូមិមួយចំនួន ដូចជាភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច នៅស្រុកពញាក្រែក ខេត្តកំពង់ចាម និងភូមិមួយចំនួនទៀតជាមួយភាគីវៀតណាមនោះ ធ្វើឲ្យកម្ពុជា បាត់បង់ទឹកដី។
ប៉ុន្តែប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា និងវៀតណាម លោក វ៉ា គឹមហុង បានច្រានចោលការចោទប្រកាន់នេះ។ លោកបានបញ្ជាក់កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះថា គ្មានភាគីណាចំណេញ ឬខាតបង់ទេ៕




0 comments:
Post a Comment