Sunday, August 26, 2012

បក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​បញ្ជូន​អ្នក​អង្កេត​ការណ៍​ពិនិត្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត


2012-08-24
គណបក្ស​សិទ្ធិ​មនុស្ស និង​សម រង្ស៊ី ធ្វើ​ពហិការ​មិន​បញ្ជូន​ភ្នាក់ងារ​ចុះ​អង្កេត​ការណ៍​ពី​សកម្មភាព​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១២ ទេ។
RFA/Sok Serey/ តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ
ការ​ធ្វើ​ពហិការ​នេះ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ដោយ​សារ​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មិន​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ដែល​មាន​ភាព​សាំញ៉ាំ​នោះ​ទេ។
កាល​បរិច្ឆេទ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ នៅ​តាម​ឃុំ-សង្កាត់ មាន​រយៈពេល​៤២​ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។
ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​២០១២ ជា​ការ​កសាង​បញ្ជី​បោះ​ឆ្នោត​មួយ សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
យ៉ាង​នេះ​ក្តី មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​២ មាន​គណបក្ស សិទ្ធិ​មនុស្ស និង​សម រង្ស៊ី បាន​ប្រកាស​ថា មិន​បញ្ជូន​ភ្នាក់ងារ ឬ​សមាជិក​របស់​ខ្លួន​ចូល​រួម​អង្កេត​ការណ៍​សកម្មភាព​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ នេះ​ទេ។
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី លោក​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​បក្ស​ប្រឆាំង មិន​បញ្ជូន​អ្នក​អង្កេត​ការណ៍ ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ ដោយ​សារ​តែ គ.ជ.ប មិន​បាន​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ដែល​មាន​ភាព​សាំញ៉ាំ​នោះ​ទេ។
សេចក្តី​ថ្លែងការណ៍​រួម​របស់​គណបក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស ឬ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​២៣ ខែ​សីហា បាន​ចាត់​ទុក​នីតិវិធី​ចុះ​ឈ្មោះ ការ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​របស់ គ.ជ.ប មាន​ភាព​សាំញ៉ាំ​ដដែល។ បក្ស​ប្រឆាំង​អះអាង​ថា គ.ជ.ប មិន​បាន​កែប្រែ​ប្រព័ន្ធ​បោះ​ឆ្នោត ដែល​បក្ស​ប្រឆាំង​ទាមទារ​បន្តិច​ណា​ទេ និង​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដដែល។
ក្រៅ​ពី​នេះ មន្ត្រី​អនុវត្ត​ការងារ​ពិនិត្យ​បញ្ជី និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ភាគ​ច្រើន ជា​សកម្មជន​របស់​គណបក្ស​កាន់​អំណាច។
ទោះ​យ៉ាង​ណា លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ថ្លែង​ថា គ្មាន​អ្វី​សាំញ៉ាំ​សម្រាប់​ពលរដ្ឋ​ទៅ​ពិនិត្យ ឬ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ។ លោក​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ឬ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដោយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ឃុំ-សង្កាត់​របស់​ខ្លួន និង​ត្រូវ​យក​ឯកសារ​ដូច​ជា អត្តសញ្ញាណ សញ្ជាតិ អាយុ និង​លិខិត​បញ្ជាក់​ទីលំនៅ​ក្នុង​ឃុំ-សង្កាត់។
លោក​បន្ត​ថា សម្រាប់​ពលរដ្ឋ​ទាំង​អស់ ពុំ​មាន​ឯកសារ​បំពេញ​លក្ខខណ្ឌ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​ទៅ​ជួប​ស្មៀន​ឃុំ-សង្កាត់ និង​សួរ​ព័ត៌មាន​រក​ឯកសារ​បំពេញ​លក្ខខណ្ឌ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ការ​ស្រេច។
ទាក់​ទិន​បញ្ហា​នេះ មន្ត្រី​អង្គការ​ធ្វើ​ការងារ​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ត្រៀម​លក្ខណៈ​បញ្ជូន​ភ្នាក់ងារ​អង្កេត​ការណ៍​ជុំវិញ​សកម្មភាព​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដោយ​យក​ចិត្ត​ទុក​ដាក់។
លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច បាន​ឲ្យ​ដឹង​ថា អង្គការ​នេះ​បាន​ត្រៀម​ភ្នាក់ងារ​ប្រមាណ​៥០០​នាក់ ដើម្បី​ចូលរួម​អង្កេត​ពី​សកម្មភាព​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ នេះ។
ចំណែក​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុមហ្វ្រែល (Comfrel) ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ថាប័ន​នេះ​បាន​ដាក់​ពង្រាយ​ភ្នាក់ងារ​អង្កេត​ការណ៍​ប្រមាណ​២៥០​នាក់ សម្រាប់​ឃ្លាំ​មើល​ដំណើរ​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ។
យ៉ាង​នេះ​ក្តី មន្ត្រី​បក្ស​ប្រឆាំង​នៅ​បន្ត​ចាត់​ទុក​នីតិវិធី​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ របស់ គ.ជ.ប មិន​អាច​ជួយ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ទេ បើ​មិន​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នោះ​ទេ។
កន្លង​មក មន្ត្រី​បក្ស​ប្រឆាំង​បាន​ទទូច​ឲ្យ គ.ជ.ប កែប្រែ​នីតិវិធី​ស្មុគស្មាញ​មួយ​ចំនួន​ជុំវិញ​ការ​ពិនិត្យ និង​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ទាមទារ​បន្ថែម​ពេល​វេលា​ចុះ​ឈ្មោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ពេល​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​ដោយ​គ្មាន​ឧបសគ្គ និង​ការ​រំខាន។
ដើម្បី​បោះ​ឆ្នោត​បាន មន្ត្រី គ.ជ.ប បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្លូវ​ការ ដែល​មាន​ឈ្មោះ និង​ទិន្នន័យ​ត្រូវ​គ្នា​នឹង​ឈ្មោះ និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះ​ឆ្នោត។ សម្រាប់​អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ពិសេស​យុវជន យុវនារី ទើប​គ្រប់​អាយុ​១៨ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ កើត​មុន ឬ​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​១៩៩៥ និង​អ្នក​ផ្លាស់​ទីលំនៅ​ចូល​ក្នុង​ឃុំ-សង្កាត់​ថ្មី ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​មាន​សិទ្ធិ​​បោះ​ឆ្នោត។
ទាក់​ទិន​បញ្ហា​នេះ​ដែរ មន្ត្រី គ.ជ.ប ក៏​បាន​បញ្ជាក់​ថា សម្រាប់​ប្រជាពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច ត្រូវ​ទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង ដែល​បិទ​ផ្សាយ​នៅ​តាម​សាលា​ឃុំ-សង្កាត់ របស់​ខ្លួន ដើម្បី​ឲ្យ​ប្រាកដ​ថា បងប្អូន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​មាន​ទិន្នន័យ​ត្រឹមត្រូវ។ ប៉ុន្តែ​លោក​ថា ក្នុង​ករណី​ឃើញ​ទិន្នន័យ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​ខុស​គ្នា​នឹង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្លូវ​ការ សូម​ទាក់​ទង​ស្មៀន​ឃុំ-សង្កាត់ ដើម្បី​សុំ​កែ​តម្រូវ។
មន្ត្រី គ.ជ.ប បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​ឃើញ​ឈ្មោះ​ត្រូវ​គូស​ឆូត​លុប​នៅ​លើ​បញ្ជី​បោះ​ឆ្នោត​ដំបូង ដែល​មិន​បាន​ស្នើ​សុំ​លុប​ទេ ត្រូវ​ប្ដឹង​តវ៉ា​ទៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដើម្បី​រក្សា​ទុក​ឈ្មោះ​លោក​អ្នក​ក្នុង​បញ្ជី​បោះ​ឆ្នោត​វិញ។ ហើយ​ក្នុង​ករណី​ពលរដ្ឋ​ទើប​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​បង្កាន់​ដៃ​បញ្ជាក់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប៉ុន្តែ​បែរ​ជា​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​ទេ ត្រូវ​ប្ដឹង​តវ៉ា​ទៅ​ក្រុម​ប្រឹក្សា​សង្កាត់​ជា​បន្ទាន់៕

0 comments:

Post a Comment