ដោយ ម៉ម មុនីរតន៍
2012-08-04
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងទៅឆ្លើយបំភ្លឺសភាជាតិអំពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម នៅថ្ងៃទី៩ ខែសីហា ខាងមុខនេះ។
![]() |
RFA/Sok Serey ០៦-កក្កដា-២០១១៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង ពិធីបើកការដ្ឋានសាងសង់ស្ពាននៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ |
ការលើកបែបនេះរបស់មន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី ធ្វើឡើងនៅបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រកាសតតាំងតាមផ្លូវច្បាប់កាលពីថ្ងៃទី១ ខែសីហា ទៅតាមសំណើរបស់គណបក្សប្រឆាំង សម រង្ស៊ី។ មន្ត្រីគណបក្ស សម រង្ស៊ី ស្នើឲ្យរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៣០ឆ្នាំមកឆ្លើយបំភ្លឺនៅសភានេះ គឺក្រោយដែលរដ្ឋាភិបាលត្រូវរងការរិះគន់ថា បានធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទឹកដីទៅខាងប្រទេសវៀតណាម ធ្វើឡើងតាមរយៈនៃការបោះបង្គោលព្រំដែនរួមគ្នាកន្លងទៅថ្មីៗនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី។ លោកមានប្រសាសន៍នៅថ្ងៃទី៤ សីហា ដោយចាត់ទុកការហ៊ានប្រឈមមុខរបស់លោក ហ៊ុន សែន ក្រោមសម្ពាធនៃការរិះគន់នេះថា គឺជាផ្នែកមួយនៃការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងជាបរិបទនយោបាយថ្មីរបស់គណបក្សគ្រប់គ្រងអំណាច។ តែបើទោះជាបែបនេះក្ដី អ្វីដែលគណបក្ស សម រង្ស៊ី ទាមទារចង់បាន គឺស្នើឲ្យប្រមុខរដ្ឋាភិបាលគួរបើកវេទិកាចំហក្នុងការសួរឆ្លើយជាជាងអានរបាយការណ៍នៅក្នុងសភា។
វិទ្យុអាស៊ីសេរីទទួលបានលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោក ឡេង ប៉េងឡុង កាលពីថ្ងៃទី៣ សីហា ឲ្យដឹងថា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៤ នៅថ្ងៃទី៩ ខែសីហា ខាងមុខនេះ កិច្ចប្រជុំនឹងមានការបំភ្លឺដោយផ្ទាល់មាត់ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលជូនរដ្ឋសភាលើការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ បើទោះជាក្នុងលិខិតពុំបានបញ្ជាក់ពីអ្នកដែលឆ្លើយបំភ្លឺយ៉ាងណាក្ដី តែគេរំពឹងថា នោះគឺជានាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។
ឆ្លើយតបទៅនឹងបញ្ហានេះប្រមុខរដ្ឋាភិបាលបានប្រកាសជាសាធារណៈ កាលពីថ្ងៃទី១ ខែសីហា ថា លោកនឹងមិនខ្លាចការតតាំងតាមផ្លូវច្បាប់ចំពោះបញ្ហាព្រំដែននោះទេ។ លោក ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងឆ្លើយបំភ្លឺនៅក្នុងសភាដើម្បីបង្ហាញពីភាពស្អាតស្អំនេះ។
លោក ហ៊ុន សែន៖ «ជម្រះបញ្ជីគ្នាម្ដងនៅក្នុងសភា។ កន្លងទៅខ្ញុំចេះតែសរសេរឆ្លើយ ប៉ុន្តែលើកនេះគឺថា ខ្ញុំសុំ ៤ម៉ោងឆ្លើយតែមួយសំណួររបស់អ្នកទេ ខ្ញុំសុំ៤ ម៉ោង ចង់និយាយ ៧ម៉ោងក៏វាមិនទាន់គេហៅថា 7 Hourses Nonstop អត់បញ្ហាទេ ដើម្បីពន្យល់តាមដំណាក់មួយៗមក។ អ៊ីចឹងទេគឺថានិយាយឲ្យជ្រះក្អែលម្ដងនៅក្នុងសភា»។
ទាក់ទិនទៅនឹងការស្នើឲ្យមន្ត្រីរដ្ឋាភិបាលឆ្លើយបំភ្លឺជុំវិញការបោះបង្គោលព្រំដែននេះ កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១២ មន្ត្រីរបស់គណបក្ស សម រង្ស៊ី បានដាក់សំណួរចំនួន៤ ក្នុងនោះ រួមការឆ្វៀលភូមិ២នៅក្នុងស្រុកកំណើតរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ក្នុងខេត្តកំពង់ចាម និងការបោះបង្គោលចុងក្រោយលេខ ៣១៤ ក្នុងខេត្តកំពត។
វិទ្យុអាស៊ីសេរីពុំអាចស្នើសុំការអត្ថាធិប្បាយបានទេពីមន្ត្រីរដ្ឋាភិបាលមួយចំនួននៅថ្ងៃអាទិត្យ ទី៤ ខែសីហា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ។ លោកគិតថាការ ដែលនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បង្ហាញចេតនាបកស្រាយនៅក្នុងរឿងដ៏រសើបមួយនេះ នោះមានន័យថា ដោយសាររដ្ឋាភិបាលមិនចង់ស្ថិតក្រោមសម្ពាធនៃការរិះគន់ពីពលរដ្ឋ និងសហគមន៍អន្តរជាតិ។
ទោះជាបែបណានេះគឺជាលើកទី១ហើយដែលរដ្ឋាភិបាលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួននឹងបង្ហាញសាធារណជនក្នុងរឿងព្រំដែនចាប់តាំងពីគណបក្សមួយនេះកាន់កាប់អំណាចក្រោយឆ្នាំ១៩៩៣ មកនោះ៕
0 comments:
Post a Comment