Sunday, September 2, 2012

សម្ពោធ​រូបសំណាក​មេទ័ព​ខ្មែរ​២​រូប​ចំ​ថ្ងៃ​កំណើត​លោក ហ៊ុន សែន


2012-09-01
មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ​ការ​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​​រូប​សំណាក់​​មេទ័ព ២​រូប ដែល​​គេ​ចាត់​ទុក​​ជា​មេទ័ព​ដែល​មាន​កេរ្តិ៍​​ឈ្មោះ​ល្បី​ល្បាញ និង​មហិទ្ធិឫទ្ធិ​ការពារ​ទឹក​ដី​ក្នុង​សម័យ​លង្វែក គឺ​​តេជោ​មាស និង​តេជោ​យ៉ត ​​ធ្វើ​ឡើង​ចំ​ថ្ងៃ​កំណើត​របស់​​នាយករដ្ឋមន្ត្រី​​លោក ហ៊ុន សែន។
(Photo: CEN)
លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ក្នុង​​​ពិធី​សម្ពោធ​រូប​សំណាក​មេទ័ព​ទាំង​ពីរ​នៅ​សួន​ច្បារ​​មាត់​ទន្លេ​ មុខ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ​កញ្ញា​ ថា ​​ថ្ងៃ​សម្ភោធ​រូប​សំណាក​នេះ គឺ​ចំ​ថ្ងៃ​កំណើត​របស់​លោក ហ៊ុន សែន ​គឺ​ថ្ងៃ ១៥​កើត ឆ្នាំ​រោង។
លោក កែប ជុតិមា ចាត់​ទុក​ថា ​ក្នុង​ចំណោម​មេទ័ព ៤៩​នាក់ ដែល​ទទួល​បាន​គោរមងារ​ជា "តេជោ" ​ក្នុង​នោះ​ក៏​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​ ដែល​គេ​គិត​ថា​ សាកសម​ក្នុង​ការ​ទទួល​បាន​ឋានៈ​មួយ​នេះ​សម្រាប់​ជាតិ​មាតុ​ភូមិ។
លោក កែប ជុតិមា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ ១៥​កើត​ពេញបូណ៌មី ខែ​ស្រាពណ៍ ឆ្នាំ​រោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ដែល​ជា​ទិវា​ខួប​មួយ​ចក្រ​រាសី​របស់​សម្ដេច​​អគ្គមហាសេនាបតី ហ៊ុន សែន។ ការ​ចាប់​បដិសន្ធិ​របស់​សម្ដេច​តេជោ​នៅ​លើ​មាតុ​ភូមិ​យើង គឺ​ជា​​ការ​បង្ហាញ​អំពី​ភ័ព្វសំណាង​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ទទួល​តួ​អង្គ​ដ៏​ខ្លាំងក្លា ហើយ​ដែល​ប្រជាជន​កម្ពុជា ទូទាំង​រាជធានី​សូម​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ សូម​ប្រសិទ្ធិនាម​ជូន​សម្ដេច​ជា​មហាបុរស​នៃ​ប្រវត្តិសាស្ត្រ​នា​ឱកាស​ដ៏​មហា​ប្រសើរ​នេះ»
ទាក់​ទិន​ករណី​នេះ លោក កែប ជុតិមា ឲ្យ​ដឹង​ថា អ្វី​ដែល​ដែល​លោក ហ៊ុន សែន ទទួល​បាន​គោរមងារ​ដូច​អតីត​មេ​ទ័ព​ដែរ​នោះ ក៏​​ព្រោះ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជា​មនុស្ស​ដែល​មាន​បុណ្យ​វាសនា និង​ឥទ្ធិពល​​ដែល​បាន​សម្រេច​កិច្ចការ​មួយ​ចំនួន​សម្រាប់​ប្រទេស​ជាតិ រួម​មាន​​ការ​រំដោះ​ប្រទេស​ជាតិ​ពី​របស់​ខ្មែរ​ក្រហម​ ការ​បញ្ចប់​ជម្លោះ​រវាង​ផ្ទៃ​ក្នុង​​ខ្មែរ​និង​ខ្មែរ នយោបាយ​ឈ្នះៗ​កសាង​សន្តិភាព និង​អាច​រក្សា​បាន​នូវ​បូរណភាព​ទឹក​ដី​ពី​​ការ​ឈ្លានពាន​របស់​បរទេស​ចាប់​ពី​ក្រោយ​សម័យ​អង្គរ ការ​ធ្វើ​បដិវត្ត​ជលផល​បឹង​ទន្លេ​សាប ដែល​អូស​បន្លាយ​​ជាង​មួយ​​សតវត្ស និង​កំណែ​ទម្រង់​ដីធ្លី​សម្រាប់​ពលរដ្ឋ។
ក៏​ប៉ុន្តែ​បញ្ហា​នេះ​​ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការវិវត្តន៍​ស្ថានការណ៍​សង្គម​គិត​ថា លោក ហ៊ុន សែន ពុំ​មែន​ជា​វីរជន​ទេ គឺ​គ្រាន់​តែ​ជា​អ្នក​ក្លាហាន ព្រោះ​ប្រព័ន្ធ​មួយ​ចំនួន​ដូច​ជា​អំពើ​ពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​​នៅ​តែ​បន្ត​ញាំញី​សង្គម​​កម្ពុជា ដែល​គេ​រក​ឃើញ​ថា នៅ​​មាន​កម្រិត​ខ្ពស់​​​នៅឡើយ។
លោក ស៊ឺន ស៊ូប៊ែរ្តិ៍ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សិទ្ធិមនុស្ស ចាត់​ទុក​ថា ការ​ព្យាយាម​លើក​កម្ពស់​តម្លៃ​​លោក ហ៊ុន សែន ទៅ​នឹង​អតីត​មេ​ដឹកនាំ​ក្នុង​សម័យ​មុន​នោះ ​គឺ​ជា​ប្រការ​ដែល​គួរ​ឲ្យ​ខ្មាសអៀន។លោក​គិត​ថា បើ​តាម​ច្បាប់​អន្តរជាតិ នយោបាយ​​របស់​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន គឺ​ពុំ​បាន​នាំ​នូវ​ការ​ចំណេញ​សម្រាប់​ជាតិ​នោះ​ទេ។
លោក ស៊ឺន ស៊ូប៊ែរ្តិ៍៖ «កាល​តេជោ​ទាំង​ប៉ុន្មាន​ហ្នឹង ខ្ញុំ​មិនសូវ​ស្គាល់​ប្រវត្តិសាស្ត្រ​ច្បាស់​ទេ។ ក៏ប៉ុន្តែ​បើ​ខ្ញុំ​គិត​​ទៅ​តេជោ​ថ្មី​នេះ មុន​នឹង​លោក​បាន​ទទួល​ងារ​ពី​ព្រះមហាក្សត្រ​ហ្នឹង ...បើ​ប្រៀបធៀប​ទៅ​នៅ​ស្រុក​បារាំង គេ​ថា​របប​នៃ​សហការ​​ជាមួយ​បរទេស​ឈ្លាន​ពាន​បាត់​ទៅ​ហើយ​ហ្នឹង»
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នក​វិភាគ​សង្គម។ លោក​គិត​​ថា គេ​គួរ​រំលឹក​គុណ​ចំ​ពោះ​មេ​ដឹក​នាំ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​ពលិកម្ម​ដើម្បី​ជាតិ​ក្នុង​អតីតកាល​​បន្ថែម​ពី​នេះ។ លោក​ចាត់​ទុក​ថា នេះ​​ការ​ព្យាយាម​បង្ហាញ​ពី​ឥទ្ធិ​ពលរដ្ឋ​របស់​លោក ហ៊ុន សែន ដែល​ទទួល​បាន​ងារ​ជា​តេជោ​ដែរ​នោះ។
លោក អ៊ូ វីរៈ៖ «អ្នក​ដែល​បាន​ពលី​ជីវិត​ដោយ​សារ​សេរីភាព​ខ្ញុំ​ថា​ជា​រឿង​មួយ​ដែល​ចាំបាច់ ប៉ុន្តែ​រឿង​ថ្នាក់​ដឹកនាំ​​អ្នក​នយោបាយ​​ជា​ទូទៅ នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​អ្នក​នយោបាយ​អត់​ឲ្យ​មាន​ឈ្មោះ អត់​ឲ្យ​មាន​អី​អ៊ីចឹង​ទេ នៅ​តាម​ផ្លូវ​នៅ​តាម​អី​ក៏​ដោយ គឺ​ទាល់​តែ​អ្នក​ស្លាប់​ហើយ​ទើប​​គេ​ចាប់​ផ្តើម​ជជែក​ពី​ការ​ដាក់​ឈ្មោះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​​គេ​មិន​ដែល​ដាក់​ឈ្មោះ​នៅ​ពេល​អ្នក​នៅ​រស់ ឬ​នៅ​ពេល​ធ្វើ​នយោបាយ​នៅ​ឡើយ​ទេ។ ខ្ញុំ​មើល​ទៅ​ជា​រឿង​សោកស្ដាយ​នៃ​លទ្ធិប្រជាធិបតេយ្យ​​មួយ​ដែល​មិន​ទាន់​ចាស់​ទុំ​ទាល់​តែ​សោះ​បាទ! ហើយ​យើង​ឃើញ​មាន​ការ​ប្រើ​ប្រាស់​​តួនាទី និង​អំណាច​ដើម្បី​លាប​ពណ៌​បែប​ហ្នឹង​ចំពោះ​សាធារណជន​​ជា​រឿង​មួយ​មិន​មែន​សប​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ»
ទាក់​ទិន​ករណី​នេះ​មន្ត្រី​និយាយ​ថា រូប​សំណាក​តេជោ​មាស និង​តេជោ​យ៉ត ​ដែល​គេ​រៀបចំ​នៅ​ក្បែរ​មាត់​ទន្លេ​នេះ​​​ស្ថិត​ខាង​មុខ​សួន​​វត្តឧណ្ណាលោម ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​មួយ ខណ្ឌ​ដូនពេញ។ រូបសំណាក​ទាំង​ពីរ​នេះ​ត្រូវ​គេ​សាង​​ឡើង​អំពី​ស្ពាន់​កម្ពស់ ៣,០៦​ម៉ែត្រ ជិះ​នៅ​លើ​ខ្នង​សេះ មុខ​បែរ​ទៅ​ទិស​ពាយព្យ គឺ​ទិស​ខាង​លិច​ឆៀង​ខាង​ជើង ដោយ​ឈរ​លើ​ផ្ទាំង​ថ្ម​ដា​ធម្មជាតិ​ប្រវែង ៥​ម៉ែត្រ កម្ពស់ ១,៨០​ម៉ែត្រ និង​អប​ដោយ​ស្មៅ​ពណ៌​បៃតង​ព័ន្ធ​ជុំវិញ។ ការ​សាង​សង​រូប​សំណាក​ទាំង​ពីរ​នេះ​ត្រូវ​ចំណាយ​ពេល​ជិត ៥​ខែ ដោយ​គិត​ចាប់​ថ្ងៃ​ទី​២ ខែ​មេសា ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា និង​សម្ពោធ​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២។
កិច្ច​ផ្ដួច​ផ្ដើម​ដែល​នាំ​ឲ្យ​មាន​រូបសំណាក​ពី​មេទ័ព​ទាំង​ពីរ​នេះ​ឡើង គឺ​ក្នុង​ន័យ​រំលឹក​នូវ​គុណ​បំណាច់ និង​វីរភាព​ក្នុង​ពេល​ដែល​មេទ័ព​ទាំង​ពីរ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា នៅ​ចន្លោះ​សតវត្ស​ទី​១៦-​១៧ នៃ​គ្រិស្តសករាជ​ជាមួយ​ប្រទេស​ថៃ ក្នុង​រាជ​ព្រះបាទ​ជ័យជេដ្ឋាទី២ នា​សម័យ​លង្វែក និង​ឧត្តុង្គ៕

0 comments:

Post a Comment