Thursday, October 4, 2012

បរិយាយថ្ងៃនេះ ៖ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ ឱ្យ​ជាប់​គុក ២០ឆ្នាំ ជា​រឿង​នយោបាយ​និង​គំនុំ​សង​សឹក

ដោយ ខ្មែរ​ម្ចាស់​ស្រុក​ ថ្ងៃទី 00 ខែ ឆ្នាំ​ 0000
    វាជារឿងមួយគួរឱ្យភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំងទៅនឹងការកាត់ទោស លោក ម៉ម សូណង់ដូ ដែលគេ ស្គាល់ថា ជាមនុស្សស្លូតត្រង់គោរពព្រះ ពុទ្ធសាសនា ។ លោកត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញអានសាលក្រមកាត់ទោសឱ្យលោកជាប់គុក២០ឆ្នាំ និងពិន័យ ជាប្រាក់ចំនួន ១០ លានរៀល ស្មើនឹង២៥០០ដុល្លារសហរដ្ឋអាមេរិក ។ នេះជាលើកទី ៣ ហើយដែលលោកត្រូវបានតុលាការជា ឧបករណ៍របស់លោក ហ៊ុន សែន ចាប់ឱ្យលោកជាប់គុកនៅព្រៃសនោះ ។

    ចំពោះបញ្ហានេះ ទោះបីជាតុលាការដំបូងបានចោទប្រកាន់លោក ម៉ម សូណង់ដូ ជាបទឧក្រិដ្ឋស្តីពីការញុះញង់ប្រជាពលរដ្ឋ នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ឱ្យធ្វើការប្រឆាំងជាមួយរាជរដ្ឋាភិបាលក្នុងគោលបំណងដើម្បីបង្កើតតំបន់អបគមន៍ ឬបង្កើតរដ្ឋក្នុងរដ្ឋក្តី ។ ប៉ុន្តែអ្នកនយោបាយទាំងក្នុង និងក្រៅប្រទេស ដែលមិនចំណុះមនុស្សរបស់គណបក្សប្រជាជន ពិសេសអង្គ ការសិទ្ធិមនុស្ស គណបក្សប្រឆាំងព្រមទាំងអង្គទូតនៃសហគមអឺរ៉ុប និងសហរដ្ឋអាមេរិក ជប៉ុនផងដែរ បានថ្កោលទោសតុលាការ ក្រុងភ្នំពេញថា ជាតុលាការមិនឯករាជ្យមិនអាចទទួលយកបានឡើយ ។ ហើយបានស្នើសុំឱ្យរាជរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូដោយឥតលក្ខខណ្ឌ។ ជាការពិតណាស់តុលាការនេះពិតជាមិនឯករាជ្យទេ ព្រោះគ្រប់ស្ថាប័នរដ្ឋទាំងអស់រួមទាំងអំណាច និតិបញ្ញត្តិ, និតិប្រតិបត្តិ និងតុលាការផងដែរ គឺស្ថិតនៅក្រោមបញ្ជាលោក ហ៊ុន សែន ។ 
    បើតាមសំដីនិយមន័យដែលវិទ្យុ និងទូរទស្សន៍ជាកម្មសិទ្ធិដាច់មុខរបស់គណបក្សប្រជាជន បានផ្សព្វផ្សាយជារៀងរាល់ថ្ងៃថា លោក ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការរីកចំរើនគ្រប់វិស័យ ។ មានន័យថា លោក ហ៊ុន សែន ដឹកនាំលើស្ថាប័នរដ្ឋទាំងអស់រួមទាំងតុលាការផងដែរ ។ ដូច្នេះមតិដែលរិះគន់ថា តុលាការសព្វថ្ងៃមិនឯក រាជ្យនោះពិតជាត្រឹមត្រូវ ។

    ប៉ុន្តែទោះជាយ៉ាងណា បើយោងតាមសភាពការណ៍នយោបាយសព្វថ្ងៃ មនុស្សរបស់គណបក្សប្រជាជនកំពុងតែព្រួយបារម្ភទៅលើ គណបក្សប្រឆាំងស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ។ មានន័យថា មនុស្សរបស់គណបក្សប្រជាជនមិនចង់ឱ្យមានវិទ្យុ និងទូរ-ទស្សន៍បំរើឱ្យគណបក្សប្រឆាំងទេ ។ ពិសេសវិទ្យុសំបុកឃ្មុំ ដែលមានលោក ម៉ម សូណង់ដូ ជានាយក និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យផងដែរ ។ ព្រោះវិទ្យុនេះរិះគន់រាជរដ្ឋាភិបាលឥតសំចៃមាត់ ធ្វើឱ្យខាតបង់សន្លឹកឆ្នោតច្រើនណាស់ ។ ម៉្យាង កាត់ទោសលោក ម៉ម សូណង់ដូ ឱ្យជាប់គុក២០ឆ្នាំ ស្មើនឹងអស់មួយជីវិតនេះ វាជានយោបាយ(អារកមាន់បន្លាចស្វា)ដើម្បីបន្លាច លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិឯណោះទេ រីឯ លោក សម រង្ស៊ី ដែលនិរទេសខ្លួននៅឯបរទេសនោះ បាន និយាយប្រាប់សកម្មជនគណបក្ស សមរង្ស៊ីជារឿយៗថា លោកមិនលេងសើចជាមួយជនកុម្មុយនីស្តផ្តាច់ការដូចយក ក ទៅលអន្ទាក់ ជាមួយរបបកុម្មុយនីស្តឡើយ ។ ឥឡូវនេះសំដីរបស់លោក សម រង្ស៊ី បានក្លាយជាការពិត ។ គឺលោក ម៉ម សូណង់ដូ ត្រូវបានតុលាការដែលជាប់កំអែលកុម្មុយនីស្ត បានកាត់ទោសឱ្យលោកជាប់គុក ២០ឆ្នាំ ។

    ព្រឺត្តិការណ៍ដ៏ក្តៅគគុកកក្រើកឋានព្រះឥ្រន្ទដល់យមរាជនាឋាននរកនេះ បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសដែលស្រឡាញ់យុត្តិ ធម៌ ភ័យញ័រតក់ស្លុតព្រលឹងចុងសក់ ហើយបានកោតសរសើរពួកប្រេតអសុរកាយថា ពួកប្រេតដែលជាប់គុកនៅឋាននរក មាន សំណាងជាងលោក ម៉ម សូណង់ដូ ឆ្ងាយណាស់ ទោះជាមានទោសជាប់គុកងងឹតជិតប្រាំរយជាតិក៏ដោយឱ្យតែដល់ថ្ងៃមួយរោជ ខែភទ្របទ ហើយយមរាជតែងតែដោះលែងពីគុកឱ្យរួចខ្លួនមានសេរីភាពទៅសួររកបងប្អូនញាតិសន្តានក្នុងរយៈពេល១៥ថ្ងៃដែរ ។ ប៉ុន្តែលោក ម៉ម សូណង់ដូ វិញមិនត្រូវបានយមបាលយមរាជឋានកណ្តាលដោះលែងឱ្យមានសេរីភាពឡើយ ។ ហើយវាអន់ជាង មេខ្មែរក្រហម អៀង សារី, ខៀវ សំផន, នួន ជា មេឃាតកសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត២លាននាក់ ដែលកំពុងឃុំខ្លួននៅក្នុង អគារដ៏ប្រណីតមានម៉ាស៊ីនត្រជាក់ មានម្ហូបម្ហាឆ្ងាញ់ៗ មានតុលាការអន្តរជាតិមើលថែគួរឱ្យកោតសរសើរ ។

    តែបើតាមសំដីអ្នកដែលធ្លាប់រាប់អានលោក ហ៊ុន សែន កន្លងមក បាននិយាយថា លោក ហ៊ុន សែន ចិត្តល្អទេ ប៉ុន្តែកុំបង្អាប់ធ្វើត្រាប់ តាមឱ្យសោះខឹងណាស់ ។ ដូច្នេះរឿងដែលកាត់ទោសឱ្យលោក ម៉ម សូណង់ដូ ជាប់គុក២០ឆ្នាំនេះ វាជារឿងគំនុំបុគ្គលផងដែរ ។ ព្រោះលោក ម៉ម សូណង់ដូ ធ្លាប់បាននិយាយដៀមដាមថា លោក ហ៊ុន សែន ក្បត់ជាតិកាត់ដីឱ្យយួន ៕B

    0 comments:

    Post a Comment