លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ កាលពីព្រហស្បតិ៍បានប្រកាសថា នឹងចាត់មន្ត្រីជំនាញរបស់ខ្លួន ចុះធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋសហគមន៍បឹងកក់ ចំនួនភូមិ៦ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ប៉ុន្តែបែរជាទាត់ចោលទាំងស្រុង ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិ១ ដែលជាហេតុធ្វើពលរដ្ឋខ្លះគំរាមធ្វើការតវ៉ាជាថ្មី។
ថ្លែងក្នុងពិធីជួបប្រជុំជាមួយប្រជាពលរដ្ឋ ប្រមាណ ៥០០ នាក់ នៅក្នុងតំបន់បឹងកក់ កាលពីម្សិលមិញ លោកកែប ជុតិមា បាននិយាយថា៖«បងប្អូននឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី តាមទំហំដីជាក់ស្ដែងរបស់បងប្អូន ដោយការបង់ពន្ធប្រថាប់ត្រាជាបន្ទុករបស់រដ្ឋ»។ លោក បានបញ្ជាក់ថា៖ «យើងនឹងចុះធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូន នៅថ្ងៃចន្ទខាងមុខនេះ...តែបន្ទាប់ពីបានទទួលប័ណ្ណកម្មសិទ្ធិហើយនោះ សូមកុំភ្លេចបង់ពន្ធអចលនទ្រព្យជូនរដ្ឋ»។
ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់បឹងកក់នាពេលបច្ចុប្បន្ន មានចំនួន ៧ ភូមិ រួមមានភូមិ ១ ភូមិ ៦ ភូមិ ២០ ភូមិ ២១ ភូមិ ២២ ភូមិ ២៣ និងភូមិ ២៤ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៧៥៦ គ្រួសារ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ របស់ប្រជាពលរដ្ឋបឹងកក់ ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ។
យោងតាមអនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១១ ស្ដីពីការកែសម្រួលក្រឡាផ្ទៃ ដីតំបន់អភិវឌ្ឍន៍បឹងកក់ លោកនាយករដ្ឋមន្ត្រី បានសម្រេចកាត់ដីចំនួន១២,៤៤ ហិកតា ក្នុងតំបន់បឹងកក់ ដើម្បីផ្ដល់ប្រទានកម្មជូនប្រជាពលរដ្ឋទាំងនេះ។ ប៉ុន្តែបើយោងតាមផែនការណែនាំរបស់សាលាក្រុងភ្នំពេញ ស្តីពីការអនុវត្តអនុក្រឹត្យខាងលើនេះ ដែលបានចុះកាលបរិច្ឆេទកាលពីថ្ងៃពុធ លោក កែប ជុតិមា បានទាត់ចោលទាំងស្រុង ចំពោះប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិ១សង្កាត់ស្រះចកនេះ។
លោកចាន់ រិទ្ធិស័ក្ដិ តំណាងប្រជាពលរដ្ឋភូមិ ១ សង្កាត់ស្រះចកបាននិយាយទាំងទឹកមុខក្រៀមក្រំថា៖«យើងខ្ញុំពិតជាមានក្តីព្រួយកង្វល់ និងមានការខកចិត្តខ្លាំងណាស់ចំពោះអាជ្ញាធរក្រុងភ្នំ-ពេញដែលមិនបានផ្តល់នូវភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋយើងខ្ញុំ នៅក្នុងភូមិ១» ។
អ្នកស្រីលី ណារី ដែលផ្ទះរបស់គាត់ ត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីនបូមខ្សាច់កប់ពន្លិច កាលពីចុងឆ្នាំមុនបានថ្លែងថា៖ «វាពិតជាអយុត្តិ-ធម៌ណាស់ សម្រាប់គ្រួសារខ្ញុំ និងប្រជាពលរដ្ឋផ្សេងទៀត ដែលរស់នៅក្នុងភូមិ១»។
លោកពៅ ជឿន មេភូមិ ១ សង្កាត់ស្រះចក បានប្រាប់អោយដឹងកាលពីថ្ងៃព្រហស្បតិ៍ ថា លោកបានបញ្ជូនបញ្ជីឈ្មោះគ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះ-ពាល់ទាំងអស់ នៅក្នុងភូមិនេះ ទៅសាលាសង្កាត់អស់ហើយ។
លោកបានបញ្ជាក់ថា ប្រជា-ពលរដ្ឋប្រមាណ ២៧ គ្រួសារ ដែលផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានក្រុមហ៊ុនបូមខ្សាច់កប់ពន្លិច មិនទាន់បានទទួលសំណងនៅឡើយទេ ចំណែកប្រជាពលរដ្ឋចំនួន ២៣ គ្រួសារទៀត ដែលរស់នៅជាប់ផ្លូវរថភ្លើង កន្លងមកអា-ជ្ញាធរខណ្ឌក៏ដូចជាក្រុង ធ្លាប់បានបដិសេធថា ពួកគេមិនស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ នៃតំបន់បឹងកក់ទេ។ លោកពៅ ជឿន បានបញ្ជាក់បន្ថែមថា៖ «ចំពោះបញ្ហានេះ ខ្ញុំពិតជាមានក្តីអាណិតអាសូរដល់ពួកគេ ប៉ុន្តែនេះ ជាការសម្រេចពីថ្នាក់លើ»។
អ្នកស្រីតុល ស្រីពៅ តំណាងប្រជាពលរដ្ឋមកពីភូមិ ២៤ បានព្រមានថា៖ «យើងនឹងបន្តធ្វើការតវ៉ា ប្រសិនបើសាលាក្រុងមិនទទួលស្គាល់ប្រជាពលរដ្ឋនៅភូមិ ១ ទេនោះ»។
លោកសៀ ភារម្យ ប្រធានអគ្គ-លេខាធិការដ្ឋាន នៃបេសកកម្មពិសេសសិទ្ធិលំនៅដ្ឋាន បានថ្លែងថា៖«អ្នកភូមិទាំងអស់ ដែលកំពុងរស់នៅក្នុងភូមិទាំង ៧ ក្នុងតំបន់បឹងកក់ ពួកគេគួរតែទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដូចៗគ្នា ពីព្រោះប្រមុខរដ្ឋាភិបាលបានផ្តល់ចំពោះពួកគេទាំង ៧ ភូមិ>>៕
0 comments:
Post a Comment