Tuesday, January 24, 2012

បក្ស​ប្រឆាំង​ចោទ​មន្ត្រី​បក្ស​ប្រជា​ជន​ទិញ​សន្លឹក​ឆ្នោត


TUESDAY, 24 JANUARY 2012 12:06
មាស សុខជា


បាត់ដំបងៈ មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​ម្នាក់ ​បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ បាន​​​ប្រើ​លុយ ទិញ​សន្លឹក​ឆ្នោតពី​សកម្ម​ជន​ គណ​បក្ស​ប្រឆាំង ​នៅ​ក្នុង​ការ​​បោះ-​ឆ្នោត​ព្រឹទ្ធ​សភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​​ថ្ងៃ​ទី២៩ខែ​មក​រា​នេះ​។ នេះ​បើ​យោង​តាម​​មន្ត្រី​បក្ស​ប្រឆាំង​។

លោក ជា ជីវ សមាជិក​ក្រុម​ប្រឹក្សា​​ខេត្ត​បាត់​ដំបង​ មក​ពី​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​​ម្សិល​មិញ​ថា លោក​បាន​ដាក់​ពាក្យ​ប្តឹង​រួច​ហើយ​​ ទៅ​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​កាល​ពី​ថ្ងៃ​សៅរ៍ប្រឆាំង​នឹង​លោក ជាម ប៉េអា សមាជិក​គណបក្ស​ប្រជា​ជន ដោយ​ចោទ​ប្រកាន់​គាត់​ថាទិញ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់​ដំបង ក្នុង​តម្លៃ ៧០០ ដុល្លារ​ ដើម្បី​ឲ្យ​បោះ​ឆ្នោត​ ជូន​គណបក្ស​ប្រជាជន។
លោក ជា ជីវ បាន​គូស​បញ្ជាក់​ថា៖ ​«ខ្ញុំប្តឹង​ទៅ​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ឲ្យ​ដាក់​ទោស​លោក ជាម ប៉េអា ពី​បទ​ទិញ​សន្លឹក​ឆ្នោត​ពី​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ទួល​តា​ឯក លោក ម៉ក់ រ៉ាមក​ពី​គណបក្សសមរង្ស៊ី»​។
លោក​បន្ត​ថា ក្រុម​លោក ជាម ប៉េអា បាន​ទូរ​ស័ព្ទ​រក​លោក ម៉ក់ រ៉ា កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី ២០ ខែ​មករា ដោយ​ប្រាប់​គាត់​ឲ្យ​ទៅ​ជួប​នៅ​សណ្ឋាគារ​បាណន់​ដើម្បី​និយាយ​គ្នា​អំពី​ការ​ទិញ​សន្លឹក​ឆ្នោត​។ លោក ជា ជីវ បាន​អះ​អាង​ថា នៅ​ពេល​ជួប​ជាមួយ​លោក ម៉ក់ រ៉ា លោក ជាម ប៉េអា បាន​ឲ្យ​ប្រាក់​លោក ម៉ក់ រ៉ា ២០០ ដុល្លារ​សិន ហើយ​សន្យា​ថា បើ​ពុំ​មាន​ការ​ប្តឹង​ប្តល់​អ្វី​ទេ គាត់​​នឹង​ប្រគល់​ប្រាក់ ៥០០ ដុល្លារ​បន្ថែម​ទៀត នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​។ លោកជា ជីវ ​បន្ត​ថា លោកជាម ប៉េអា បាន​និយាយ​ទៅ​កាន់​លោក ម៉ក់ រ៉ា ថា តាម​គោល​ការណ៍​ គណបក្ស​ប្រជាជន ​ទិញ​សន្លឹក​ឆ្នោត​ ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស សម រង្ស៊ី ដើម្បី​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ នៅក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ក្នុង​តម្លៃ​តែ​មួយ​លាន​រៀល​តែប៉ុណ្ណោះ ប៉ុន្តែ​ថា លោក ជាម ប៉េអា ហ៊ាន​ឲ្យ ៧០០ ដុល្លារ ​ដើម្បី​ទិញ​លោក ម៉ក់ រ៉ា ព្រោះ​លោក ជាម ប៉េអា ស្គាល់​លោក ម៉ក់ រ៉ា ជា​យូរ​មក​ហើយ។
លោក ម៉ក់ រ៉ា បាន​ឯក​ភាព​នឹង​ការ​លើក​ឡើង​របស់​លោក ជា ជីវ ដោយ​ថ្លែង​ថា លោក​បាន​ជួប​ជាមួយ​លោក ជាម ប៉េអា និង​មន្ត្រី​របស់​គាត់ ២ រូប​ទៀត​ នៅ​ក្នុង​បន្ទប់​មួយ​នៃ​សណ្ឋាគារ​បាណន់​ នៅ​វេលា​ម៉ោង​ជាង ៩ យប់ និង​ថា លោក ជាម ប៉េអា បាន​យក​ឯកសារ ៣ ច្បាប់​ ដែល​រួម​មាន​កិច្ច​សន្យា​ខ្ចី​ប្រាក់ ពាក្យ​សុំ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា និង​ទម្រង់​បែប​បទ​បោះ​ឆ្នោត ហើយ​បាន​ប្រាប់​លោក​ឲ្យ​ផ្តិត​មេ​ដៃ​ លើ​កិច្ច​សន្យា និង​ពាក្យ​សុំ​ចូល​ជា​សមាជិក​គណបក្ស​ប្រជា​ជន​។
លោក ម៉ក់ រ៉ា ​គូស​បញ្ជាក់​ថា៖​«​ពេល​ជួប​គ្នា​ក្នុង​បន្ទប់ [លោក ជាម ប៉េអា]​​និយាយ​ថា [គាត់]​ ​ឲ្យ​[ខ្ញុំ] ២០០ ដុល្លារ ហើយ​​ឲ្យ​ខ្ញុំ​ ផ្តិត​មេ​ដៃ​លើ​ឯកសារ​បញ្ជាក់​ថា​ ជា​កិច្ច​សន្យា​ខ្ចី​ប្រាក់​»។ លោក​​បន្ត​ថា៖​«ពេល​ឃើញ​ហេតុ​ការណ៍​នេះ ខ្ញុំ​មិន​ចង់​ប្រព្រឹត្ត​បែប​នេះ​ទេ ប៉ុន្តែ​ដោយសារ​បារម្ភ​ពី​សុវត្ថិ​ភាព ខ្ញុំ​ត្រូវ​អនុវត្ត​តាម​ពួក​គេ។ ខ្ញុំ​មាន​សំឡេងលោក ជាម ប៉េអា ធ្វើ​ជា​ភស្តុតាង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក»។
លោក វន ពន ប្រធាន​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ បាន​ថ្លែង​ថា លោក​បាន​កោះ​ហៅ​ភាគី​ទាំង ២ មក​សួរ​នាំ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ហើយ​នៅ​លើក​ទី ២ គណៈ​កម្មា​ធិការ ​នឹង​ធ្វើ​ការ​ផ្សះ-​ផ្សាដើម​បណ្តឹង និង​ចុង​បណ្តឹង ហើយ​បើ​សិន​ភាគី​ទាំង ២ មិន​អាច​ផ្សះ​ផ្សា​បាន​ទេ គណៈ​កម្មា-​ធិការ​​បោះ​ឆ្នោត នឹង​បើក​សវនា-​ការ​លើ​បណ្តឹង​នោះ។
លោក ជាម ប៉េអា បាន​បដិ-​សេធ​​មិន​ធ្វើ​អធិប្បាយ​​ពី​ម្សិល​-​មិញដោយ​ថ្លែង​ថា ​កំពុង​ជាប់​រវល់​ប្រជុំ រី​ឯ​លោក អ៊ុក វង្ស ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​បាត់​ដំបង​របស់​គណបក្ស​ប្រជា​ជន ក៏​​បាន​ច្រាន​ចោល​មិន​ធ្វើ​អធិប្បាយ​ផង​ដែរ ដោយ​គ្រាន់​តែ​ឆ្លើយ​តប​ថា លោក​កំពុង​ជាប់​រវល់​បើក​បរ៕ CR



0 comments:

Post a Comment