ថ្ងៃទី 24 មករា 2012 /CEN/ 02:55:PM
ក្រុមសម្ពន្ធប្រជាជនសំរាប់លទ្ធិប្រជាធិបតេយ្យ(PAD)កាលពីថ្ងៃសុក្រសប្តាហ៍មុនបានរៀបចំកិច្ចពិភាក្សាសាធារណៈមួយដើម្បីអបអរពិធីចូលឆ្នាំចិនហើយមេដឹកនាំ៤នាក់នៃក្រុមរាជានិយមនេះបានប្តេជ្ញាបន្តធ្វើការតស៊ូប្រឆាំងអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។
មេដឹកនាំសំខាន់ជាងគេឈ្មោះ សុនធិ លីមថងគុល ដែលបាននិយាយតាមទូរស័ព្ទមកពីចិន បាននិយាយថាយោធាគួរធ្វើរដ្ឋប្រហារមួយនៅក្នុងកិច្ចសហការជាមួយប្រជាជនដើម្បីដណ្តើមការត្រួតត្រាអំណាចពីថាក់ស៊ីន។
បុរសនេះបាននិយាយថា"ប្រសិនបើក្រុមPADត្រូវចាត់វិធានការណាមួយជាថ្មីទៀត ពេលនេះមិនត្រឹមតែធ្វើត្រឹមតែការប្រឆាំងតវ៉ាតាមដងផ្លូវប៉ុណ្ណោះទេ តែចាប់យកអំណាចទាំងស្រុងតែម្តង"។
សុនធិបានសម្តែងការព្រួយបារម្ភអំពីអនាគតរបបរាជានិយមបើក្រុមថាក់ស៊ីនមានផ្លូវ។
ចំណែកសហមេដឹកនាំក្រុមនេះ លោកភីបផប់ ថងចៃបាននិយាយថាចលនាដែលដឹកនាំដោយPADមិនស្រកស្រុតទេក្នុង៦ឆ្នាំមកនេះតែបានត្រៀមខ្លួនហក់ចេញមកជាស្រេចនិងប្រយុទ្ធប្រឆាំងការត្រួតត្រារបស់ពួកមូលធនទុច្ចរិតលើប្រព័ន្ធនយោបាយ។
តែមេដឹកនាំគណបក្សប្រជាធិបតេយ្យដែលធ្លាប់ជាសម្ពន្ធមិត្ត លោកអាប់ភិស៊ីត វេចាជីវ៉ាបានសម្តែងការប្រឆាំងជំទាស់ទៅនឹងគំនិតអោយយោធាចាប់យកអំណាចនៅថៃក្នុងពេលការស្ទង់មតិបានបង្ហាញថាប្រជាជនភាគច្រើនបំផុតប្រឆាំងរដ្ឋប្រហារ។
អតីតនាយករដ្ឋមន្ត្រីរូបនេះបាននិយាយថាលោកមិនយល់ស្របជាមួយការអំពាវនាវអោយយោធាផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃទេពីព្រោះ"ការផ្លាស់ប្តូរនយោបាយណាមួយមិនគួរចេញតាមមធ្យោបាយមិនប្រព័ន្ធនោះទេ។ យើងគួរជួយគាំទ្រប្រព័ន្ធនយោបាយអោយដំណើរការនិងបញ្ហានយោបាយគួរត្រូវបានដោះស្រាយតាមយន្តការនៃប្រព័ន្ធនេះ"។
"បើយើងឃើញថារដ្ឋាភិបាលបានធ្វើអ្វីមិនត្រឹមត្រូវ យើងត្រូវប្រើរដ្ឋធម្មនុញ្ញសំរាប់ដោះស្រាយបញ្ហា"។
ក្នុងពេលជាមួយគ្នា ការស្ទង់មតិលើមនុស្សជាង២ពាន់នាក់នៅ១៧ខេត្តដោយសកលវិទ្យាល័យAssumption Universityបានបង្ហាញថាប្រជាជន៨១,៧%ប្រឆាំងរដ្ឋប្រហារ៕ R




0 comments:
Post a Comment