ដោយ : លីនណា / CEN / ថ្ងៃទី 29 មករា 2012
ភ្នំពេញ: នៅពេលដែលទូទាំងប្រទេសកម្ពុជា
កំពុងបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយសលាកប័ត្រព័ត៌មានមួយ ស្តីពី
កម្រងឯកសារ ស្តីពីស្ថាប័នព្រឹទ្ធសភា។ ព្រឹទ្ធសភា ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
បកស្រាយពន្យល់ពីខ្លឹមសារ និងតួនាទី ព្រមទាំងជំរុញឲ្យព្រឹទ្ធសភា
ពង្រឹងខ្លួនថែមទៀត នៅក្នុងអាណត្តិថ្មី អាណត្តិទី៣ ដែលមានរយៈពេល ៦ ឆ្នាំ
កើតចេញពីការបោះឆ្នោតតាមបែបអសកល នៅថ្ងៃអាទិត្យនេះ។
កម្រងឯកសាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា នៅកម្ពុជាអនុវត្តរបបទ្វិសភា ដែលរួមមាន ព្រឹទ្ធសភា និងរដ្ឋសភា។ ព្រឹទ្ធសភា មានតួនាទីជាអ្នកផ្ដល់ប្រឹក្សាចំពោះនីតិកម្ម ហើយសមាជិកព្រឹទ្ធសភា ត្រូវបានបោះឆ្នោតជាអសកល ដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិករដ្ឋសភា។
ឯកសារដដែល លើកឡើងថា ទោះបីជាព្រឹទ្ធសភា ត្រូវបានមើលឃើញថា ស្របនឹងគោលការណ៍ប្រជាធិបតេយ្យ និងតម្លាភាព ក៏ប៉ុន្តែរបៀបបោះឆ្នោតជ្រើសរើសសមាជិកសភា និងការដាក់កំហិតក្នុងតួនាទីរបស់ពួកគេ បានបង្កឲ្យមានបញ្ហាដ៏ធំធេង ចំពោះប្រសិទ្ធភាពនៃស្ថាប័ននេះ។
កម្រងឯកសាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ស្របពេលកម្ពុជា កំពុងឈានទៅរកការបោះឆ្នោតព្រឹទ្ធសភា ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ សលាកប័ត្រព័ត៌មាននេះ មានបំណងបង្ហាញទិដ្ឋភាពទូទៅរបស់ស្ថាប័នព្រឹទ្ធសភា វាយតម្លៃប្រសិទ្ធភាពការងារ និងផ្ដល់ជាអនុសាសន៍ ដើម្បីធ្វើឲ្យស្ថាប័ននេះ មានភាពប្រសើរឡើង។
កម្រងឯកសារ បានលើកឡើងថា ព្រឹទ្ធសភា ត្រូវបានបង្កើតឡើងដោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ) ក្នុងឆ្នាំ១៩៩៩ ដោយសារការចរចាផ្នែកនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីដោះស្រាយការជាប់គាំងផ្នែកនយោបាយ បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ១៩៩៨។
ព្រឹទ្ធសភាមានសមាជិកចំនួន ៦១រូប ដែលសមាជិកពីររូប តែងតាំងដោយព្រះមហាក្សត្រ ពីររូប ត្រូវជ្រើសតាំងដោយរដ្ឋសភា និងសមាជិក ៥៧ រូប ត្រូវបោះឆ្នោតជាអសកល ដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិករដ្ឋសភា មានចំនួនសរុបប្រហែលជាង ១១.០០០ រូប។
កម្រងឯកសារ បានលើកឡើងថា ការបោះឆ្នោត គឺតម្រូវឲ្យបោះឆ្នោតជ្រើសរើសគណបក្ស ជាជាងជ្រើសរើសបេក្ខជន តាមប្រព័ន្ធបោះឆ្នោតសមាមាត្រ មានន័យថា មានតែបុគ្គល ដែលជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយតែប៉ុណ្ណោះ ដែលអាចឈរឈ្មោះបោះឆ្នោតបាន។
ការបោះឆ្នោតព្រឹទ្ធសភាលើកចុងក្រោយ គឺនៅឆ្នាំ២០០៦ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៥ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ១០ អាសនៈ និងគណបក្សសមរង្ស៊ីទទួលបាន ២ អាសនៈ។ ក្នុងនោះ ២ អាសនៈ ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ២ អាសនៈ ( មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ) ត្រូវជ្រើសតាំងដោយរដ្ឋសភា។
ឯកសារមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២នេះ អ្នកវិភាគបានរំពឹងទុកថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបាន ៤៦ អាសនៈ ហើយគណបក្សសមរង្ស៊ី នឹងទទួលបាន ១១ អាសនៈ។ អាណត្តិរបស់ព្រឹទ្ធសភា មានរយៈពេល ៦ឆ្នាំ។
កម្រងឯកសារ បានលើកឡើងថា ជាទូទៅ ព្រឹទ្ធសភា មានសម័យប្រជុំពេញអង្គពីរដង ក្នុងមួយឆ្នាំ សម័យប្រជុំនីមួយៗ មានរយៈពេលបីខែ។ ក្នុងនោះ មានគណៈកម្មាធិការអចិន្ត្រៃយ៍មួយ និងគណៈកម្មការចំនួន ៩ ដែលគណៈកម្មការនីមួយៗ មានជំនាញរៀងៗខ្លួន។ តួនាទីរបស់គណៈកម្មការទាំងនោះ គឺពិនិត្យមើលច្បាប់ ដែលស្របទៅតាមជំនាញរបស់គណៈកម្មការនីមួយៗ និងដើម្បីផ្ដល់អនុសាសន៍ ជូនទៅព្រឹទ្ធសភា ក្នុងការធ្វើវិសោធនកម្ម ឬអនុម័តច្បាប់។
កម្រងឯកសាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា មាត្រា៥១ នៃរដ្ឋធម្មនុញ្ញ បានចែងថា “អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជំរះក្ដី”។ ក្នុងអំឡុងពេលបង្កើតស្ថាប័នព្រឹទ្ធសភាគឺមានបំណងក្លាយជាស្ថាប័នប្រជាធិបតេយ្យ ដែលតំណាងឲ្យទស្សនរបស់ប្រជាពលរដ្ឋកម្ពុជា។ ស្ថាប័ននេះ មានកាតព្វកិច្ចសម្របសម្រួលការងាររវាងរដ្ឋាភិបាល និងរដ្ឋសភា ដែលមានផ្នែកមួយ នៃសភានៅកម្ពុជា មានកាតព្វកិច្ចពិនិត្យមើលអង្គនីតិប្រតិបត្តិ និងធ្វើឲ្យអំណាចនេះ ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។
ប៉ុន្តែឯកសាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់សម្គាល់ថា កាតព្វកិច្ចចម្បងរបស់ព្រឹទ្ធសភា គឺជាអ្នកផ្ដល់ប្រឹក្សាទៅលើច្បាប់ ជាពិសេសពិនិត្យមើលសេចក្ដីព្រាងច្បាប់។ បន្ទាប់ពីរដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ សេចក្ដីព្រាងច្បាប់នោះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យសាឡើងវិញ។ ព្រឹទ្ធសភា មានរយៈពេលមួយខែ ដើម្បីពិនិត្យមើលច្បាប់ ប៉ុន្តែក្នុងករណីបន្ទាន់រយៈពេលនេះ អាចបន្ថយនៅត្រឹមប្រាំថ្ងៃ។
ឯកសារបានបន្ថែមថា ជាទូទៅ ព្រឹទ្ធសភានឹងអនុម័តច្បាប់ ដោយមតិភាគច្រើនដាច់ខាត ប៉ុន្តែចំពោះការអនុម័តលើការកែប្រែរដ្ឋធម្មនុញ្ញ តម្រូវឲ្យមានសំឡេងគាំទ្រពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងអស់។ រចនាសម្ព័ន្ធប្រតិបត្តិការ នៃស្ថាប័ននេះ មានលក្ខណៈស្រដៀងនឹងរដ្ឋសភាដែរ។
ប្រសិទ្ធភាពរបស់ព្រឹទ្ធសភា ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងទៀតថា ក្នុងរបាយការណ៍របស់តំណាងពិសេសនៃអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺលោកសាស្ដ្រចារ្យ សុរិយា ស៊ូបេឌី បានកត់សម្គាល់ថា ជាទូទៅការអនុវត្តរបស់ព្រឹទ្ធសភា មានលក្ខណៈជឿនលឿន និងស្របជាមួយគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងតម្លាភាពជាងការអនុវត្តរបស់រដ្ឋសភា។ គណៈកម្មការជាច្រើនរបស់ព្រឹទ្ធសភា ដែលរួមមានទាំងគណៈកម្មការសិទ្ធិមនុស្ស បានទទួលបណ្ដឹងពីសាធារណជនច្រើនជាង ៣០០ ករណី ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ត្រូវបានគេនិយាយថា គណៈកម្មការនោះ អាចអនុវត្តស្របតាមការទទួលខុសត្រូវរបស់ខ្លួន ដោយមានប្រសិទ្ធភាព។
ប៉ុន្តែមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ព្រឹទ្ធសភា ក៏មិនមែនមិនមានចំណុចខ្វះខាតនោះទេ៖
-តំណាងឲ្យប្រជាពលរដ្ឋ៖ ក្នុងការបោះឆ្នោតព្រឹទ្ធសភា ដែលឈានមកដល់នាពេលនេះ មានគណបក្សនយោបាយតែពីរប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី។ ប្រព័ន្ធបោះឆ្នោត ហាក់ដូចជាផ្ដល់ប្រយោជន៍ច្រើនដល់គណបក្សធំៗ។ ទោះបីជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ បានឈ្នះឆ្នោតចំនួន ៥ ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០០៧ និងការបោះឆ្នោតថ្នាក់ជាតិ២០០៨ ក៏ដោយ ប៉ុន្តែប្រព័ន្ធបោះឆ្នោត ដោយផ្អែកលើចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគណបក្សនីមួយៗមានបែបនេះ ធ្វើឲ្យគណបក្សទាំងពីរនេះ មិនអាចទទួលបានអាសនៈ ក្នុងព្រឹទ្ធសភានោះទេ។
ការបដិសេធមិនឲ្យគណបក្សនយោបាយ ដែលមានចំនួនអ្នកបោះឆ្នោតមួយចំនួនធំ ផ្ដល់ការជឿជាក់ ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថាធ្វើឲ្យប្រជាធិបតេយ្យភាពរបស់ព្រឹទ្ធសភា ចុះអន់ថយ។
-សមត្ថភាព៖ សមត្ថភាពរបស់ព្រឹទ្ធសភា ក្នុងការដាក់ឲ្យអង្គនីតិប្រតិបត្តិ ទទួលខុសត្រូវ នៅមានកម្រិត ព្រោះថា ការពិតរដ្ឋសភា គ្មានកាតព្វកិច្ចជាធម្មនុញ្ញ ក្នុងការទទួលយកវិសោធនកម្ម ដែលផ្ដល់ដោយព្រឹទ្ធសភាទេ។ មិនតែប៉ុណ្ណោះរដ្ឋសភា អាចបន្តអនុវត្តច្បាប់ ទោះបីជាព្រឹទ្ធសភា មិនព្រមអនុម័តលើច្បាប់នោះក៏ដោយ។ ដូច្នេះ ព្រឹទ្ធសភា មិនមានអំណាចពិតប្រាកដ ក្នុងលទ្ធិប្រជាធិបតេយ្យកម្ពុជានោះទេ។
-គ្រាន់តែប្រថាប់ត្រា?៖
ជាញឹកញាប់ព្រឹទ្ធសភា ត្រូវបានគេដឹងថា គ្រាន់តែ “ប្រថាប់ត្រា” ដើម្បីអនុម័តលើគោលនយោបាយរបស់រដ្ឋាភិបាល។ ប្រព័ន្ធបោះឆ្នោតសមាមាត្រ និងអសកល ធ្វើឲ្យព្រឹទ្ធសភា ត្រូវគោរពតាមគណបក្សរបស់ខ្លួន ជាជាងទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ចំណុចនេះ រួមជាមួយទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ប្រសិនបើមិនអនុវត្តតាមគោលនយោបាយគណបក្ស បានរឹតត្បិតសមត្ថភាពរបស់ព្រឹទ្ធសភាជាខ្លាំង ក្នុងការធ្វើសកម្មភាពដោយឯករាជ្យ ដែលមិនរងការគាបសង្កត់ពីគណបក្សនយោបាយ។ តែអ្នកវិភាគជាច្រើនមើលឃើញថា ព្រឹទ្ធសភារងឥទ្ធិពលយ៉ាងខ្លាំងពីគណបក្សនយោបាយ។
ក្នុងសេចក្តីសន្និដ្ឋាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភាមួយ មានតួនាទីជាក់លាក់ និងច្បាស់លាស់ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គួរតែមានការត្រួតពិនិត្យលើប្រសិទ្ធភាពរបស់ស្ថាប័ននេះ ឲ្យបានតឹងរឹង។
ដើម្បីសម្រេចគោលដៅនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ម.ស.ម.ក ផ្ដល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម៖
-ត្រូវបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពិចារណានូវកំណែទម្រង់ប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភា ដូចជា ការអនុញ្ញាតឲ្យបេក្ខជនឈរឈ្មោះដោយឯករាជ្យ ដោយមិនខ្វល់ពីគណបក្សនយោបាយ និងត្រូវបានបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ។ ប្រសិនបើព្រឹទ្ធសភា ត្រូវបានជ្រើសរើសតាមរយៈប្រព័ន្ធឯកត្តនាម នោះព្រឹទ្ធសភា នឹងមានអំណាចគ្រប់គ្រងរដ្ឋាភិបាល និងអាចតំណាងប្រជាពលរដ្ឋបាន។ ការផ្លាស់ប្ដូរប្រព័ន្ធបោះឆ្នោត នឹងអាចធ្វើឲ្យការបោះឆ្នោតព្រឹទ្ធសភា ចេញពីក្រុមអ្នកជំនាញ និងអាចបង្កើនសមត្ថភាពរបស់ព្រឹទ្ធសភាក្នុងការពិនិត្យមើលច្បាប់។
-ត្រូវពិនិត្យ និងកែប្រែតួនាទីរបស់ព្រឹទ្ធសភា ដើម្បីផ្ដល់អំណាចជាក់លាក់ដល់ព្រឹទ្ធសភា ក្នុងការត្រួតពិនិត្យមើលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយអនុញ្ញាតឲ្យស្ថាប័ននេះ អាចរារាំង និងបង្ខំឲ្យមានការធ្វើវិសោធនកម្មច្បាប់។
-គួរតែផ្ដល់ពេលវេលាឲ្យបានគ្រប់គ្រាន់សម្រាប់ព្រឹទ្ធសភា ដើម្បីពិនិត្យមើលសេចក្ដីព្រាងច្បាប់ និងមានករណីលើកលែងមួយចំនួនតូចប៉ុណ្ណោះ ដែលច្បាប់ទាមទារការត្រួតពិនិត្យនោះ ត្រូវបានចាត់ទុកថា មានលក្ខណៈ “ប្រញាប់”៕




0 comments:
Post a Comment