Sunday, February 19, 2012

ខ្មែរក្រោមជាច្រើន បានរត់គេចចេញពីការតាមចាប់ខ្លួន របស់អាជ្ញាធរយួន ក្នុងរឿងជម្លោះដីធ្លី

15- 02- 2012 
ដោយៈ ឃ្លាំង វឌ្ឍនជាតិ UAKKBM RADIO
រឿងរ៉ាវជម្លោះដីធ្លីនៅកម្ពុជាក្រោម បានបញ្តាលអោយខ្មែរក្រោមរាប់ពាន់នាក់ ក្លាយជាជនភៀសខ្លួន 
ព្រោះតែ តវ៉ារឿងដីធ្លី ដែលត្រូវបានរដ្ឋាភិបាលយួន ប្លន់យកទៅចែកអោយជនជាតិយួន កាលពី ឆ្នាំ 
១៩៧៥ ពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ បានរត់គេចចេញពីការតាមចាប់ របស់អជ្ញាធរយួនហើយ
មកសំងំលាក់ខ្លួននៅប្រទេសជិតខាង ដើម្បីសុំសិទ្ធិជ្រោកកោននយោបាយ ពីឧត្តមស្នងការ អ.ស.
បទទួលបន្ទុកផ្នែកខាង ជនភៀសខ្លួន។
ក្រុមជនភៀសខ្លួនខ្មែរកម្ពុជាក្រោម នៅប្រទេសសៀម
ពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើន ដែលបានរត់ភៀសខ្លួនចេញពីស្រុកកំណើត ទៅរស់នៅប្រទេសកម្ពុជា ប្រទេសសៀម និងប្រទេសមួយចំនួនទៀតនោះ គឺគេចចេញពីការប៉ិនប៉ងតាមចាប់ខ្លួន របស់អជ្ញាធរយួន ដោយបានចោទប្រកាន់ពួកគាត់ថា បានបះបោរធ្វើបាតុកម្ម បញ្តាអោយខូចខាត សណ្តាប់ធ្លាប់សង្គម ហើយជនភៀសខ្មែរក្រោមទាំងនោះ បានទៅពឹងពាក់ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកជនភៀសខ្លួន អោយជួយធ្វើអន្តរាគមន៍ក្នុងរឿងនេះ តែឧត្តមស្នងការទទួលបន្ទុក ផ្នែកខាងជនភៀសខ្លួន របស់ អ.ស.ប មិនបានទទួលពួកគាត់ក្នុងឋានៈជាជនភៀសខ្លួនស្របច្បាប់នោះទេ ព្រោះកាលពីមុនរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសថាៈ ខ្មែរកម្ពុជាក្រោម  ជាខ្មែរដូចគ្នា ដូច្នេះរដ្ឋាភិបាលកម្ពុជាអាចទទួលពួកគាត់អោយរស់នៅ ហើយទទួលបានសិទ្ធិ និងករណីយកិច្ចក្នុងនាមជាពលរដ្ឋខ្មែរ ដូចបងប្អូនខ្មែរកណ្តាលដែរ តែអ្វីដែលរដ្ឋាភិបាលក្រុងភ្នំពេញបានសន្យានោះ ពួកគេមិនបានអនុវត្តន៍ឡើយ ។ ដូច្នេះជាការរាំងស្ទះក្នុងការសម្រេចចិត្តរបស់ អ.ស.ប ទទួលបន្ទុក ផ្នែកខាងជនភៀសខ្លួន ។
ក្នុងចំណោមជនភៀសខ្លួនខ្មែរក្រោមទាំងនោះ គឺមានជនភៀសខ្លួនជាច្រើនដែលត្រូវបាន អាជ្ញាធរយួនចាប់ញាត់ពន្ធនាគារជាបន្តបន្ទាប់ផងដែរ គេមិនបានកាត់ទោសតាមប្រព័ន្ធច្បាប់ ដោយសេរី និងយុត្តិធម៌ទេ ដូចជាករណី សកម្ម​ជន​ដីធ្លី ខ្មែរ​កម្ពុជាក្រោម​ម្នាក់​ដែល​ធ្លាប់​បាន​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​យួន​ពី​ការ​រំលោភ​យក​ដីធ្លី ត្រូវ​បាន​អាជ្ញាធរ​យួន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ក្នុង​នោះមានលោក វិញ បា ជាកសិករ​ខ្មែរ​ក្រោម​មួយ​រូបនៅខេត្តឃ្លាំង ដែល​ហ៊ាន​ចេញ​មុខដឹក​នាំ​ខ្មែរ​ក្រោម​ធ្វើការ​តវ៉ា​ទាម​ទារ​រឿងដីធ្លី ដែលកុម្មុយនីស្តយួនរំលោភយកតាំង​ពីរ ឆ្នាំ​១៩៧៥  ។ ហើយត្រូវបាន ​ជាប់​ពន្ធនាគាររយៈពេល​ពីរ​ឆ្នាំ ។ ចំណែកឯ លោក ចៅ ហេន ត្រូវ​បាន​អាជ្ញាធរ​យួន​ចាប់ខ្លួន​ គឺបន្ទាប់​ពី​រូប​គាត់ និង​ប្រពន្ធ​បាន​វិល​ត្រឡប់​មកពី​ប្រទេស​សៀម​វិញ ក្រោយ​ពី​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​ទីក្រុង​បាងកក បាន​បដិសេធ​សិទ្ធិ​ជ្រក​កោន។ លោកចៅ ហេន គឺ​ជា​សកម្ម​ជន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ដែល​បាន​ដឹកនាំ​ពល​រដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​មាត់​ជ្រូក​ឲ្យ​ក្រោក​ឡើង​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​យួន​ប្រគល់​ដីធ្លី​ជា​កេរ​ដូន​តា​មក​វិញ ដែល​ការ​នោះ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​យួន​ចេញ​ដីកា​ចាប់​ខ្លួន​រូប​គាត់ ហើយរហូតមកដល់ពេលនេះ គេមិនដឹងថា លោកចៅហេន ស្លាប់ឬរស់ឡើយ ព្រោះស្ងាត់បាត់ដំណឹងសូន្យឈឹង សូម្បីតែកូនៗ និងសាច់ញាតិរបស់គាត់ ក៏មិនបានដឹង ពីវាសនារបស់គាត់ដែរ។
​បញ្ហាស្រដៀងនេះក៏បានកើតឡើង នៅ​ខែត្រ​ព្រះត្រពាំង ​មាន​ការ​រឹប​អូសយក​ដី​ស្រែ​ចម្ការ​ ពី​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​ ដែលមានម្ចាស់​ដី​ឈ្មោះអ្នក​ស្រី ត្រឹង ធី​ចូវ រង​ការ​ចាប់​ខ្លួន​តាំង​ពី​ឆ្នាំ​២០១០ ជាប់​ពន្ធនាគារ​រហូត​មក​ដល់​សព្វថ្ងៃ។ បញ្ហាខ្មែរកម្ពុជាក្រោមពិតជាស្មុកស្មាញណាស់ ព្រោះពុំមាន អង្គការ​សង្គម​ស៊ីវិល​ណាមួយ ​មាន​វត្តមាន​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​ទេ ហេតុ​នេះ​ហើយបានជាមិនមាន​ក្រុម​ឯក​រាជ្យ​ណា​មួយ​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​រំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនោះផងដែរ ។
លោក ថាច់ សុង ជាជនភៀសខ្លួនខ្មែរក្រោមម្នាក់ក្នុងចំណោមជនភៀសខ្លួនខ្មែរក្រោម ៣០០នាក់ប្លាយ នៅទីក្រុងបាងកក ប្រទេសសៀម បានថ្លែងប្រាប់ភ្នាក់ងារវិទ្យុសំឡេងសហគមព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោកថា៖ រូបខ្ញុំក៏ដូចជាជនភៀសខ្លួនខ្មែរក្រោមដទៃទៀតអញ្ចឹង! កុំពុងតែព្រួយបារម្ភពីវាសនា អនាគតរបស់កូនៗ ដ្បិតពួកគេមិនបានចូលសាលារៀន នេះពិតជាលំបាកណាស់ បើចង់ថយក្រោយក៏ថយមិនបាន តែបើចង់ទៅមុខក៏ទៅមិនបាន ដូច្នេះបណ្តោយខ្លួនផ្សងតាមព្រេងវាសនា ដល់ណាគិតដល់ហ្នឹង!
បច្ចុប្បន្ន មិនថាពលរដ្ឋខ្មែរក្រោមប៉ុណ្ណោះទេ សូម្បីតែព្រះសង្ឃពុទ្ធសាសនា ដែលជាទីគោរពសក្ការៈរបស់ជនជាតិខ្មែរ ទូទាំងពិភពលោក ក៏ត្រូវបានអាជ្ញាធរយួន តាមចាប់ខ្លួនដែរ ដ្បិតព្រះសង្ឃខ្មែរក្រោមទាំងនោះ បានចេញមុខប្រឆាំងតវ៉ា នឹងភាពអយុត្តិធម៌ ដែលរដ្ឋាភិបាលយួន បានជិះជាន់ ធ្វើទុក្ខបុកម្នេញ ដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក៕


0 comments:

Post a Comment