ដោយ៖យ៉ាញ់ រមនាថ៍ UAKKBMRADIO
29- 02- 2012

នៅក្នុងរបាយ ការណ៍នោះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានធ្វើការបរិហារថា ខ្មែរកម្ពុជាក្រោម ដែលជាប្រជាពលរដ្ឋកម្ពុជាកើតនៅតំបន់ដីសណ្តទន្លេមេគង្គ ឬកម្ពុជាក្រោមនោះ ដែល កាលពីមុនជាអតីតទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ពួកគេរស់នៅយ៉ាងវេទនា មានជីវភាពក្រីក្រ យ៉ាប់ យឺន ខ្វះសិទ្ធិសេរីភាព សូម្បីតែការបញ្ចេញទស្សនៈ បន្តិចបន្តួចដែលទាក់ទងទៅនឹងសង្គម ក៏ត្រូវបានអាជ្ញា ធរយួន គំរាមកំហែងចាប់ដាក់ពន្ធនាគារ ព្រះសង្ឃខ្មែរកម្ពុជាក្រោម ពេលនិមន្តទៅទេសនា ក្នុងពិធីបុណ្យ តាមភូមិស្រុកម្តងៗ ក៏មានក្រុមចារកិច្ចសម្ងាត់ របស់រដ្ឋអំណាចយួន តាមឃ្លាំមើលគ្រប់វិនាទី ឯការប្រតិបត្តិ សាសនា និងការរៀបចំពិធីផ្សេងៗត្រូវបានគេហាមឃាត់ដែរ ដូចជាពិធីលៀងអ្នកតា ចូលអារក្ខ ពីធីសែន ព្រេនជាប្រពៃណីរបស់ ខ្មែរកម្ពុជាក្រោម ដែលក្លាយមកពីសាសនាព្រាហ្មណ៍ ក៏ត្រូវបានគេហាមឃាត់មិន អនុញាតឲ្យធ្វើដែរ ត្រង់ប្រការនេះមានការរឹតបន្តឹងយ៉ាងខ្លាំង ព្រោះអាជ្ញាធរយួនគេតែងកត់សម្គាល់ថា ព្រះ សង្ឃ បញ្ញវ័ន្ត និស្សិត អ្នកសិក្សា អាចារ្យ គ្រូបង្រើន និងហោរ៍ ជាដើម អ្នកទាំងអស់នោះមានការចេះដឹង ច្រើន ហើយជាអ្នកបន្តវេនរបស់សង្គម ដូច្នេះជាទិសដៅដែលគេត្រូវកំចាត់។
ព្រះសង្ឃខ្មែរកម្ពុជាក្រោមជាគោលដៅទីមួយ ដែលអាជ្ញធរយួនត្រូវកំចាត់ ឬភាសាកុម្មុយនិស្តហៅថាកម្ទេច ព្រោះព្រះសង្ឃខ្មែរកម្ពុជាក្រោម ធ្លាប់បានចេញមុខដឹកនាំពលរដ្ឋខ្មែរកម្ពុជាក្រោម ក្រោកឡើងធ្វើបាតុកម្ម ប្រឆាំងតវ៉ាទៅនឹងទង្វើដឹននាំផ្តាច់ការរបស់រដ្ឋាភិបាលយួន ក្រុងហាណូយដែលមានបំណងលុបបំបាត់ នូវ អរិយធម៌ វប្បធម៌ អក្សរសាស្រ្ត របស់ដូនតាខ្មែរកម្ពុជាក្រោម ហើយម៉្យាងទៀត ព្រះសង្ឃខ្មែរកម្ពុជាក្រោម ឱស្សាហ៍និមន្តចេញចូលប្រទេសកម្ពុជា ដើម្បីស្វែងរកការសិក្សាបន្ត និងជារឿយៗរមែងបានជួបជាមួយ និងអង្គការសិទ្ធិមនុស្សនានា ហើយព្រះសង្ឃទាំងនោះ តែងផ្តល់បទសម្ភាសន៍ជូនអង្គការអំពីការធ្វើទុក្ខ បុកម្នេញរបស់អាជ្ញាធរយួន ទៅលើពលរដ្ឋខ្មែរកម្ពុជាក្រោម ដូចជាការធ្វើទារុណកម្ម លបធ្វើឃាត និងការ ចាប់ចងឥតមូលហេតុជាដើម ហើយព្រះសង្ឃទាំងនោះបានទាមទារសុំឲ្យ អង្គការនានានៅលើពិភពលោក ជួយអន្តរាគមន៍ និងស្វែងរកយុត្តិធម៌ជូនពលរដ្ឋខ្មែរកម្ពុជាក្រោម ដើម្បីឲ្យមានសេរីភាពខាងសាសនា ឲ្យ ទូលំទូលាយជាងមុន និងពិសេសឲ្យមានការអប់រំភាសាខ្មែរថែមទៀត ដែលសព្វថ្ងៃរដ្ឋាភិបាលយួនគេលុបបំ បាត់ស្ទើរតែទាំងស្រុងហើយនោះ។
នយោបាយមួយ ដែលកើតចេញពីគណបក្សកុម្មុយនិស្ត អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានទីស្នាក់ការនៅទីក្រុង ញូវយ៉ក បានអំពាវ នាវដល់រដ្ឋាភិបាលយួន បញ្ឈប់ជាបន្ទាន់ នូវការចាប់ព្រះសង្ឃនិងសកម្មជនសិទ្ធិដីធ្លីខ្មែរកម្ពុជាក្រោម ដែលស្ថិតនៅក្នុងពន្ធនាគារ ឬស្ថិតក្រោមការ ឃុំឃាំងនៅក្នុងវត្តអារាម និងនៅក្នុងផ្ទះក្តី ដោយសារការបញ្ចេញមតិដោយសន្តិវិធី។ អង្គការក៏បានសំដែង ការហួសចិត្តផងដែរ ដែលរដ្ឋាភិបាលក្រុងហាណូយ ត្រួតត្រាយ៉ាងតឹងរឹងលើព្រះពុទ្ធសាសនានិយមទេវតា ដែលប្រតិបត្តិដោយខ្មែរកម្ពុជាក្រោម តាំងពីយូរយារមកហើយនោះ និងជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណ នៃជាតិពន្ធុរបស់ពួកគេផង»។
យោងតាមរបាយការណ៍ នេះដដែលនៅក្នុងគេហទំព័រ www.hrw.org/en/news ជាភាសាអង់គ្លេសចំនួន ១២៥ទំព័រនោះ មានខ្លឹមសារស្តីពីការរំលោភសិទ្ធិជាតិពន្ធុខ្មែរក្រោម បច្ចុប្បន្ននៅប្រទេសយួនខាងត្បូង និង ការរំលោភបំពានសិទ្ធិនៅប្រទេសកម្ពុជា ប្រឆាំងនឹងខ្មែរក្រោម ដែលបានរត់ភៀសខ្លួនចូលមកកាន់ប្រទេស នេះ។ទោះបីជារដ្ឋាភិបាលកម្ពុជា បានថ្លែងម្តងហើយម្តងទៀតដោយចាត់ទុកខ្មែរក្រោម ជាប្រជាពលរដ្ឋ កម្ពុជាក៏ដោយ ក៏អាជ្ញាធរកម្ពុជា «តែងតែប្រតិកម្មយ៉ាងខ្លាំង នៅខណៈពេលដែលខ្មែរក្រោម ក្លាយជាគ្រឿង ដ៏គ្រោះរបស់រដ្ឋាភិបាលយួន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន»។ របាយការណ៍បានគូសបញ្ជាក់ថា «នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៧ ប៉ូលីសកម្ពុជាប្រើកម្លាំងបំបែកដោយបង្ខំលើការតវ៉ាបន្តបន្ទាប់ នៅក្នុង ក្រុងភ្នំពេញ ដែលធ្វើឡើងដោយព្រះសង្ឃខ្មែរក្រោម ដែលបានបរិហារអំពីការរំលោភសិទ្ធិពួកគេនៅប្រទេស យួន»។
របាយការណ៍ក៏បានរៀបរាប់ហេតុការណ៍ផ្សេងទៀត ដែលឆ្លុះបង្ហាញឲ្យឃើញអំពីគោលជំហររដ្ឋាភិបាល កម្ពុជា ចំពោះខ្មែរកម្ពុជាក្រោម ដោយផ្តោតការយកចិត្តទុកដាក់រក្សាទំនាក់ទំនងល្អជាមួយដៃគូយួន ។ «នៅ ខែកុម្ភៈ ឆ្នាំ២០០៧ ព្រះសង្ឃខ្មែរក្រោម ព្រះនាម អ៊ាង សុខធឿន ត្រូវបានគេធ្វើគត ក្នុងកាលៈទេសៈ គួរឲ្យសង្ស័យ បន្ទាប់ព្រះតេជគុណបានចូលរួមក្នុងការតវ៉ាមួយនៅក្នុងក្រុង ភ្នំពេញ។ នៅ ខែមិថុនា ឆ្នាំ ២០០៧ អាជ្ញាធរកម្ពុជាបានចាប់ផ្សឹក និងនិរទេសសកម្មជនព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាម ទឹម សាខន ដែលត្រូវបានគេវិនិច្ឆ័យទោស ដាក់គុករយៈពេលមួយឆ្នាំនៅក្នុងប្រទេសយួន។ របាយការណ៍បាន បន្ថែមទៀតថា «ប្រជាពលរដ្ឋកម្ពុជាបានចាត់ទុកពួកគេជាជាតិពន្ធុយួន នាំឲ្យខ្មែរកម្ពុជាក្រោមជាច្រើននៅ កម្ពុជាប្រឈមមុខនឹងការរើសអើងខាងសេដ្ឋកិច្ច និងសង្គម និងឧបសគ្គមិនចាំបាច់ ក្នុងការដាក់ពួកគេឲ្យ មានឋានៈត្រឹមត្រូវតាមច្បាប់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថា «ចាប់តាំងពីកើតមានបាតុកម្មរបស់ព្រះសង្ឃ និងកសិករខ្មែរ ក្រោមកាលពី ឆ្នាំ២០០៧-២០០៨មក នៅតំបន់ដីសណ្តរទន្លេមេគង្គ បរិយាកាសកាន់តែតានតឹង ការ បង្រ្កាបត្រូវបានពង្រឹងបន្ថែមទៀត ហើយការកាប់សម្លាប់ ការដាក់គុក និងការផ្សឹកព្រះសង្ឃខ្មែរក្រោម បញ្ជូននូវសារដ៏រន្ធត់មួយទៅសកម្មជនខ្មែរក្រោម ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសយួន ក្រុមជាតិពន្ធុ មួយ ដែលស្ថិតនៅក្រោមការពាររបស់ប្រទេសពីរ៕
0 comments:
Post a Comment