Saturday, March 3, 2012

សមាគម ខ្មែរកម្ពុជាក្រោម ប្រារព្ធធ្វើពិធីដាបង្សុកូល ឧទ្ទិសកុសលប្រគេនសព ព្រះតេជព្រះគុណ អ៊ាង សុខធឿន


ដោយ៖ សួន បូរី UAKKBM Radio
29- 02- 2012
កាលពីថ្ងៃច័ន្ទ ទី២៧ កន្លងទៅ អង្គការ សមាគម ខ្មែរ កម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា ក្រោមការ ដឹកនាំរបស់លេខាធិការដ្ឋាន នៃអង្គការ សមាគម ខ្មែរ កម្ពុជាក្រោម បានប្រារព្ធធ្វើពិធី ដាបង្សុកូល ឧទ្ទិស កុសលប្រគេនសព ព្រះតេជព្រះគុណ អ៊ាង សុខធឿន ដែលត្រូវបានឃាតករមិនស្គាល់មុខ ធ្វើឃាតកាលពីប្រាំ ឆ្នាំមុន ក្រោយពីព្រះអង្គបានចូលរួមធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០០៧ ដើម្បីទាមទារសុំឲ្យអាជ្ញាធរយួនគោរពសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម។
ក្នុងពិធីនោះដែរលោក គីម ស៊ីសំណា ប្រធានលេខាធិការដ្ឋាន នៃអង្គការ សមាគម ខ្មែរកម្ពុជាក្រោម បានឡើងថ្លែងសុន្ទរកថា ដោយបានរៀបរាប់យ៉ាងពិស្តាជុំវិញការសុគតរបស់ព្រះតេជព្រះគុណ អ៊ាង សុខធឿនថា នៅពេលយប់សាកសពរបស់ព្រះតេជគុណ អ៊ាង សុខធឿន ត្រូវបានគេរកឃើញស្លាប ដោយអារកនៅវត្តត្រនុំច្រឹង ហើយសម្ថកិច្ចខ្មែរបានសន្និដ្ឋានថា ជាការធ្វើអត្តឃាតដោយព្រះអង្គឯង ហើយ យកទៅកប់ចោលទាំងតក់ក្រហល់ ដោយមិនបានអនុញ្ញតិឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម លើកសព ព្រះអង្គឡើងធ្វើបុណ្យទៅតាមប្រពៃណីឡើយ សំណូមពរដើម្បីសុំលើកសពព្រះអង្គ ឡើងធ្វើកោសល្យវិច័យ មិនត្រូវបានអនុញ្ញតិដោយតុលាការកណ្តាល ក្រុមអង្គការសង្គមស៊ីវិល ដែលបានតាមដានហេតុការនេះ បានអះអាងថា ព្រះតេជគុណ អ៊ាង សុខធឿន ត្រូវបានគេធ្វើឃាត មិនមែនធ្វើអត្តឃាតនោះទេ លោកបានបន្តទៀតថា សូមបញ្ជាក់ថា ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោម នៅកម្ពុជា នឹង ទូទាំងពិភព លោកបានក្រោកឡើងធ្វើបាតុកម្មដោយសន្តិវិធីជាបន្តបន្ទាប់ ដើម្បីជំរុញឲ្យអាជ្ញាធរវៀតណាម គោរពសិទ្ធិ ខ្មែរកម្ពុជាក្រោម នៅឯដែនដីកម្ពុជាក្រោម ដែលងើបធ្វើបាតុកម្មនេះ បន្ទាប់ពីអតីតព្រះសង្ឃខ្មែរកម្ពុជា ក្រោមនៅខេត្តឃ្លាំងចំនួនប្រាំព្រះអង្គត្រូវអាជ្ញាធរយួនចាប់ផ្សឹក ហើយដាក់កុក ហើយសមណសិស្សសាលា បាលីជាច្រើនអង្គទៀតត្រូវបានចាប់ផ្សឹក និងបញ្ឍប់ការ សិក្សាក្រោយពីព្រះសង្ឃទាំងនោះបានប្រមូលផ្តុំគ្នា ធ្វើបាតុកម្មជំរុញឲ្យអាជ្ញាធរយួនគោរពសិទ្ធិសេរីភាពខ្មែរក្រោម កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧។



ព្រះតេជព្រះគុណ អ៊ាង សុខធឿន នឹង រូបភាពដែលត្រូវបានគេអារក រូបភាព៖ HRW
          ឯកឧត្តម យន្ត ថារូ សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមជ្ឍមណ្ឌលវប្ប ធម៌ខ្មែរកម្ពុជាក្រោម បានមានចំណាប់អារម្មណ៍ទាកទិនទៅនឹងការសុគត់របស់ព្រះតេជព្រះគុណ អ៊ាង សុខធឿនថា ប៉ុន្តែខ្ញុំវាឆ្ងល់ថាហេតុអីបានមិនយកទៅបូជា បានជាយកមកបញ្ចុះនែ ពីពោះអីខ្មែរអ្នកកាន់ ពុទ្ធសាសនាមិនដែលមានអ្នកណាយកទៅបញ្ចុះទេ បើយកទៅបញ្ចុះមានតែ ចិន ហើយ យួន តែបើខ្មែរ យើងកាន់សាសនាដទៃអានឹងថាទៅ ចំណែកលោកជាព្រះសង្ឃបួសក្នុងព្រះពុទ្ធសាសនា ហើយបែរជាយក លោកទៅបញ្ចុះនោះវាផ្ទុយពីព្រះពុទ្ធសាសនានោះផ្ទុយ។
          ឯកឧត្តម ហ៊ូ វ៉ាន់ តំណាងរាស្រ្តមណ្ឌលក្រុងភ្នំពេញ មកពីគណបក្ស សម រង្សី បានគាំទ្រក្នុង ពិធីនេះថា ដូច្នេះខ្ញុំក៏សូមអំពាវនាវដែរ សូមអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ ប្រជាពុទ្ធទូរទៅសុំឲ្យ នឹក ឃើញដល់ភាពដែលព្រះតេជគុណ អ៊ាង សុខធឿង សុគតដោយអយុត្តិធម៌ អយុត្តិធម៌កន្លែងណា? ត្រង់ កន្លែងថា សុគត់ហើយមិនឲ្យធ្វើកោសល្យវិច័យគឺមិនដែលមានៗ ហើយសុគត់អីចំអាងៃទើបនឹង មកពីធ្វើ បាតុកម្ម សុគត់អីក៏ចំម៉្លេះ?
          សូមបញ្ជាក់ដែរថា ពិធីដាបង្សុកូល ឧទ្ទិសកុសលប្រគេនសព ព្រះតេជព្រះគុណ អ៊ាង សុខធឿននេះត្រូវបានរៀបចំឡើងដោយ លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដោយបាននិមន្តព្រះ សង្ឃចំនួន ២៧អង្គ និងមានពុទ្ធបរិស័ទចូលរួមប្រមាណជាជាង ១៥០នាក់ ផ្សេងទៀត៕