Friday, March 23, 2012

ប្រជាពលរដ្ឋ​បឹងកក់ គ្រោង​ប្តឹង​មន្ត្រី​បក្សប្រឆាំង ទៅ​តុលាការ​ពីបទ​ក្លែង​ឯកសារ​

(ថ្ងៃទី 23 មីនា 2012, ម៉ោង 03:10:PM) | ដោយ: មុនីរ័ត្ន
ប្រជាពលរដ្ឋ​បឹងកក់ បាន​សម្តែង​ការ​ប្រតិកម្ម ជំទាស់​យ៉ាង​
ខ្លាំងក្លា​ជាមួយ​តំណាង​គណបក្ស សម រង្ស៊ី និង​សមាជិក​
ក្រុមប្រឹក្សា​ខណ្ឌដូនពេញ ដែល​ដាក់ឈ្មោះ​របស់​ពួកគាត់
ជា​សមាជិក​គណបក្ស​ស​មរ​ង្ស៊ី សម្រាប់​ការសង្កេត​ការណ៍​
បោះឆ្នោត​ (រូបថត ៖ ស៊ីវ ចាន់ណា)
ភ្នំពេញ: ប្រជាពលរដ្ឋ​បឹងកក់ បាន​សម្តែង​ការ​ប្រតិកម្ម ជំទាស់​យ៉ាង​ខ្លាំងក្លា​ជាមួយ​តំណាង​គណបក្ស សម រង្ស៊ី និង​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ ដែល​ដាក់ឈ្មោះ​របស់​ពួកគាត់ ជា​សមាជិក​គណបក្ស​ស​មរ​ង្ស៊ី សម្រាប់​ការសង្កេត​ការណ៍​បោះឆ្នោត​នាពេលខាងមុខ​។ ក្រុម​ស្ត្រី​ពលរដ្ឋ​បឹងកក់ ក៏បាន​រៀបចំ​ពាក្យបណ្តឹង​ប្តឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​ការយក​ឈ្មោះ​របស់​ពួកគាត់​ទៅ​ដាក់​បញ្ជី​ឈ្មោះ​ភ្នាក់ងារ នៃ​គណបក្សនយោបាយ សម្រាប់​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ខណៈដែល​ប្រជាពលរដ្ឋ​ទាំងនោះ មិនបាន​ដឹងខ្លួន និង​មិនបាន​ស្ម័គ្រចិត្ត​នោះ​។
​ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១២ ស្ត្រី​ប្រជាពលរដ្ឋ​បឹងកក់ បាន​លើកគ្នា​ទៅ​តវ៉ា នៅមុខ​ទីស្នាក់ការ​គណៈកម្មការ​រាជធានី​ភ្នំពេញ រៀបចំ​ការបោះឆ្នោត ដែល​ស្ថិតនៅ​ជិត​ផ្សារ​ចាស់​។​

​មន្ត្រី​គណបក្ស សម រង្ស៊ី ចំនួន​ពីររូប ដែល​ប្រជាពលរដ្ឋ​គ្រោង​ប្តឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មានឈ្មោះ លោក ហេង សំណាង តំណាង​គណបក្ស សម រង្ស៊ី និង​អ្នកស្រី ថៃ នារី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ ដែល​បានដាក់​ឈ្មោះ​ប្រជាពលរដ្ឋ​បឹងកក់​ចំនួន ៦​នាក់ ក្នុង​បញ្ជី​ឈ្មោះ​ភ្នាក់ងារ នៃ​គណបក្សនយោបាយ សម្រាប់​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត និង​បាន​ក្លែង​ហត្ថលេខា​របស់​ប្រជាពលរដ្ឋ​។​

​ ប្រជាពលរដ្ឋ​បឹងកក់​ចំនួន ៦​នាក់ មានឈ្មោះ ដូចជា​៖ ១- អ្នកស្រី ទេព វ​ន្នី​, ២-​ហេង មុំ , ៣-​គង់ ចន្ថា ,៤-​ង៉ែត ឃុន ,៥-​តុល ស្រី​ពៅ និង​៦ លោក ដួង គា​។​

​បន្ទាប់ពី​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​ទាំង ៦​នាក់ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បឹងកក់ ធ្វើការ​តវ៉ា​នៅ​សាលាសង្កាត់​ស្រះចក នា​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១២ ក្នុង​គោលបំណង​ជួប​ជាមួយ​ចៅសង្កាត់ និង​មន្ត្រី​គណបក្ស សម រង្ស៊ី ដើម្បី​ទាមទារ​ឲ្យ​លុបឈ្មោះ​ពួកគាត់ ចេញពី​ក្នុង​បញ្ជី​នោះ ពីព្រោះ​ពួកគាត់​មិនបាន​ដឹងខ្លួន​ទាល់តែសោះ​។ ប៉ុន្តែ​មិនបាន​ជួប​លោក​ចៅសង្កាត់ និង​មន្ត្រី​គណបក្ស សម រង្ស៊ី នោះទេ ដោយ​គេចវេស​ពី​ប្រជាពលរដ្ឋ​។
​មន្ត្រីសង្កាត់​បាន​ឲ្យ​ប្រជាពលរដ្ឋ​ ទៅសុំ​លុបឈ្មោះ នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​។ តែ​ត្រូវបាន​មន្ត្រី​នៅ​ទីនោះ ឲ្យ​ប្រជាពលរដ្ឋ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ឬ​ទៅ​គណបក្ស សមរង្ស៊ី តវ៉ា​ដើម្បី​ឲ្យ​គេ​លុបឈ្មោះ​ចេញ​។

​ជាមួយគ្នា​នោះ លោក សុខ ពេញ​វុ​ធ អភិបាលរង​ខណ្ឌដូនពេញ ក៏បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​គណបក្ស សម រង្ស៊ី ផងដែរ​។​

​ អ្នកស្រី គង់ ចន្ថា ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី បាន​ឲ្យ​ដឹងថា អ្នកស្រី មិនបាន​ដឹងខ្លួន​ថា គណបក្ស សម រង្ស៊ី យកឈ្មោះ​អ្នកស្រី ទៅ​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​ភ្នាក់ងារ នៃ​គណបក្សនយោបាយ សម្រាប់​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នោះទេ ហើយ​រឿង​បក្សនយោបាយ​អ្នកស្រី អត់​ដឹង​ទេ​។

​ អ្នកស្រី គង់ ចន្ថា បាន​អះអាងថា “​ទាំងអស់នេះ សុទ្ធតែ​ខាង​មន្ត្រី​មូលដ្ឋាន ឬក៏​មន្ត្រី​សាលាក្រុង​អ្នករៀបចំ​គាបសង្កត់​ពួក​ខ្ញុំ មិន​ឲ្យ​រើ​បម្រាស់​ឲ្យ​ជួយ​បងប្អូន ដែលមាន​វិវាទ​ដីធ្លី​”​។​

​ ចំណែក​អ្នកស្រី ហេង មុំ បាន​ឲ្យ​ដឹងថា “​នេះ​ជាការ​គាបសង្កត់​មួយ មកលើ​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ ហើយ​តំណាង​គណបក្សប្រឆាំង​ចូលខ្លួន​ជាមួយ​ពួក​ខ្ញុំ ដើម្បី​យកចំណេញ​រឿង​នយោបាយ​។ តែ​គណបក្ស​ផ្សេងទៀត ដែល​ចោទ​ពួក​ខ្ញុំ គឺ​គាត់​កំពុង​គាបសង្កត់​មកលើ​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ ទាំង​ផ្លូវកាយ ផ្លូវចិត្ត ហើយ​និង​រក​អ្នក ដែល​យកឈ្មោះ​យើងខ្ញុំ មក​បន្លំ និង​ចុះហត្ថលេខា​បំផ្លើស​”​។
​ក្នុងនាម​អ្នកស្រី​រស់ក្នុង​តំបន់​ បឹងកក់ បាន​អះអាងថា គឺ​ធ្វើ​ការតស៊ូ​មតិ ដើម្បី​តែ​ផ្ទះ​មួយគត់ មិន​ធ្វើ​ការបម្រើ​ក្នុង​ឆាកនយោបាយ​ណាមួយ​ទេ សូម​ឲ្យ​បញ្ឈប់​លាប​ពណ៌​ប្រជាពលរដ្ឋ​ពី​ពេលនេះ​តទៅ​។​

​អ្នកស្រី ហេង មុំ បាន​បញ្ជាក់ថា មូល​ហេតុដែល​គណបក្ស សម រង្ស៊ី កេងចំណេញ​លើ​ប្រជាពលរដ្ឋ​បឹងកក់ គឺ​ត្រង់​ថា គណបក្ស​បាន​យកឈ្មោះ និង​ហត្ថលេខា​របស់​ប្រជាពលរដ្ឋ ដោយ​មិន​បានមក​សួរ​ពី​សាមីខ្លួន ដោយផ្ទាល់ ដែល​មិន​ព្រម​សោះ ហេតុ​អី​បានជា​យកឈ្មោះ និង​ហត្ថលេខា​របស់​ប្រជាពលរដ្ឋ​ផ្សព្វផ្សាយ​ថា ប្រជាពលរដ្ឋ​(៦​នាក់​)​បម្រើ​បក្ស​។​

​ចំណែក​អ្នកស្រី ទេព វ​ន្នី បាន​លើកឡើងថា អ្នកស្រី​មិនបាន​ចូល​គណបក្ស​ទេ ហើយ​គណបក្ស​ណា ក៏​មិនបាន​ចូល​ដែរ​។ ការដែល​អ្នកស្រី នារី មន្ត្រី​គណបក្ស សម រង្ស៊ី យកឈ្មោះ​អ្នកស្រី ទៅ​ដាក់​នៅក្នុង​បញ្ជី​ឈ្មោះ​ភ្នាក់ងារ នៃ​គណបក្សនយោបាយ សម្រាប់​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នោះ គឺ​អត់​បាន​សួរ​អ្នកស្រី​ទាល់តែសោះ និង​ថែមទាំង​បាន​ចុះហត្ថលេខា​ជំនួស​ថែមទៀត​។ អ្នកស្រី​មាន​អារម្មណ៍​ថា ចៅសង្កាត់​ស្រះចក និង​មន្ត្រី​គណបក្ស​សម រង្ស៊ី សហការគ្នា ពីព្រោះ​រឿង​អី​សាមីខ្លួន មិនបាន​ទៅ​ចុះហត្ថលេខា​ដោយផ្ទាល់ ម៉េច​បានជា​ចៅសង្កាត់ គាត់​ហ៊ាន​បោះត្រា​ជាមួយ​គណបក្ស សម រង្ស៊ី ហើយ​ចៅសង្កាត់ និង​មន្ត្រី​គណបក្ស សម រង្ស៊ី រួមដៃគ្នា ធ្វើបាប​ប្រជាពលរដ្ឋ​។​

​អ្នកស្រី ទេព វ​ន្នី បាន​បញ្ជាក់ថា “​ពីរ​នាក់​គាត់ ត្រូវតែ​បកស្រាយ ដើម្បី​លាង​កំហុស​ខ្លួនឯង និង​សុំទោស​ដល់​ប្រជាពលរដ្ឋ បើ​មិន​ចឹ​ង​ទេ ពួក​ខ្ញុំ​នឹងដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​”​។​

​ចំពោះ​បញ្ហា​នេះ លោក ប្រាក់ ម៉ូ​វ អនុប្រធាន​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​រា​ជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ខាង​លោក អត់​មាន​សិទ្ធិ​ដក​ឈ្មោះ ប្រជាពលរដ្ឋ​ទាំង ៦​នាក់ ចេញ​បានទេ​។ ប៉ុន្តែ​នៅពេលដែល​គេ​យកឈ្មោះ​មក​ដាក់ គឺ​គ្រាន់តែ​ពិនិត្យ​លក្ខណៈ​ផ្ទៀងផ្ទាត់ ឲ្យ​បាន​ត្រឹមត្រូវ អត់​ដឹងថា វា​ក្លែងបន្លំ ឬ​មិន​ក្លែងបន្លំ​អត់​ដឹង​ទេ​។ នៅពេល ដែល​គេ​បាន​ពិនិត្យ​ត្រឹមត្រូវ​ហើយ ក៏​យកទៅ​បិទ ហើយ​នៅពេលដែល​បិទ​បញ្ជី​ដំបូង ប្រជាពលរដ្ឋ​មាន​សិទ្ធិ​មើល ហើយ​ចង់​តវ៉ា ឡើងទៅ​តវ៉ា​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ធ្វើលិខិត​សុំ​តវ៉ា​ដក​។​

​ចំពោះ​រឿងនេះ អ្នកស្រី ថៃ នារី សមាជិក​ក្រុមប្រឹក្សា​គណបក្ស សម រង្ស៊ី មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​។​

​ចំណែក​លោក ហេង សំណាង ប្រធាន​តំណាង​គណបក្ស​សម រង្ស៊ី ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ឈ្មោះ​ប្រជាពលរដ្ឋ​ទាំងនោះ មន្ត្រី​ខាង​សង្កាត់​បាន​បញ្ជូនមក ហើយ​ដោយសារតែ​តក់ក្រហល់​ពេក ហើយ គ​.​ជ​.​ប ប្រញាប់​យកឈ្មោះ និង​ដោយ​គណបក្ស​ខ្វះ​ភ្នាក់ងារ ក៏​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​តែ​ប្រជាពលរដ្ឋ​ថា ចាំ​គិត​មើល​សិន​។ ការយក​ឈ្មោះ​ប្រជាពលរដ្ឋ​ដាក់ គឺ​ដើម្បី​ឲ្យ​គ្រប់​អោយទៅ គ​.​ជ​.​ប​។

​ លោក ហេង សំណាង បាន​បន្តថា គណបក្ស សម រង្ស៊ី កំពុង​រៀបចំ​ដក​ឈ្មោះ​ប្រជាពលរដ្ឋ ចេញ​បញ្ជី​ភ្នាក់ងារ​គណបក្ស និង​រៀបចំ​បញ្ជី​ថ្មី យកទៅដាក់​ជំនួស​វិញ​ហើយ​៕​

0 comments:

Post a Comment