Friday, 23 March 2012
ដោយៈ សេត គឹមសឿន
អំឡុងពេលនោះទោះបី តាត ម៉ារីណា
បានចាកចេញពីកម្ពុជាដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន
និងស្វែងរកការជួយសង្គ្រោះផ្សេងៗនៅអាមេរិកក្តី តែ លោកស្វាយ
ស៊ីថា នៅតែតាមរកនាងទាល់តែឃើញ ហើយបានប្រាប់នាងថា
កុំឲ្យរឿងទាំងនេះដឹងឮដល់អ្នកសារព័ត៌មាន។
សូមស្តាប់សាច់រឿងបន្ត។
ម្តាយបង្កើតរបស់តាត ម៉ារីណា
ដែលរត់គេចខ្លួនដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនោះ
បានឲ្យដឹងថា៖«ប្តឹងអីគេ បើគេមើលកូនយើងឲ្យជាទៅ
បើពេលហ្នឹងយើងប្តឹង ក៏កូនយើងអត់...ស្រីអូន(តាត ម៉ារីណា)
ត្រូវងាប់ បើយើងដើរក្តីទៅស្រីអូនត្រូវងាប់ អត់រស់ទេ
ម៉ែដឹង...»។
Sequndo បន្តថា៖«ខ្ញុំដឹងថា
ប្រសិនបើខ្ញុំអាចយកនាងមកអាមេរិកបាន
នាងអាចមានឱកាសបានជាសះស្បើយ ហើយអាចមានជីវិតរស់នៅបាន។
នាងអរណាស់ នាងនិយាយថា នាងនឹងបានទៅឋានសួគ៌
ខ្ញុំក៏រីករាយណាស់ដែរ ខ្ញុំដឹងថា
បើនាងមកអាមេរិកនាងនឹងមានជីវភាពប្រសើរជាង»។
ដោយក្តីអាណិតស្រឡាញ់ប្អូនស្រី Sequndo
បានបញ្ចុះបញ្ចូលមន្ទីរពេទ្យកុមារឈ្មោះ Shriners Children's Hospital
ឲ្យជួយព្យាបាលនាង ម៉ារីណា ដោយឥតគិតថ្លៃ។
លោកស្រី Mary Jo Baryza នាយកផ្នែកព្យាបាលនីតិសម្បទាឡើងវិញ
នៅមន្ទីរពេទ្យ Shriners មានប្រសាសន៍ថា៖«នេះជារូបថតនាង ម៉ារីណា
ទើបមកដល់ នាងបានវះកាត់នៅវៀតណាម មុននាងមកដល់មន្ទីរពេទ្យយើង
កន្លែងស្នាមខ្មៅនេះ គឺនាងវះកាត់នៅវៀតណាម»។
មន្ត្រីសង្គមស៊ីវិលនៅអាមេរិកអ្នកស្រី Christy Kiernan
និយាយថា៖«នៅពេល ម៉ារីណា
មកដល់នាងមានសភាពធ្ងន់បំផុតដែលខ្ញុំមិនដែលបានឃើញទេ។
ចំពោះយើងមុខគ្មានស្លាកស្នាមពេលឆ្លុះកញ្ចក់គឺធម្មតា តែម៉ារីណា
វិញ ពេលឆ្លុះកញ្ចក់ឃើញខ្លួនឯងជាមនុស្សចម្លែក
មើលមុខខ្លួនឯងមិនស្គាល់ឡើយ។ នេះជារឿងគួរឲ្យរន្ធត់ណាស់
ចំពោះនាងបាត់អ្វីៗទាំងអស់ខ្លួនឯង គ្រួសារ ជីវិត វប្បធម៌
និងប្រទេសរបស់នាង»។
លោកវេជ្ជបណ្ឌិតខាងវះកាត់ Daniel Driscoll
បានឲ្យដឹងថា៖«ខ្ញុំគិតថា រឿងនាងបានធ្វើឲ្យខ្ញុំព្រឺខ្លួន
អាស៊ីតស៊ីនាងខូចទ្រង់ទ្រាយ
សាច់ជាច្រើនត្រូវការព្យាបាលជាចាំបាច់
អ្វីដែលយើងគ្រោងនឹងធ្វើនេះទាមទារការអត់ធ្មត់យ៉ាងខ្លាំង
ពីព្រោះវាមានកិច្ចការច្រើនណាស់
យើងត្រូវពេលយូរណាស់ទម្រាំយើងអាចព្យាបាលនាងឲ្យជាសះស្បើយធ្វើ
ឲ្យនាងសប្បាយចិត្តជាងមុន។
នាងបានចូលមន្ទីរពេទ្យវះកាត់ចំនួន២០ដងដោយបានធ្វើការវះកាត់
ចំនួន២៥ដង ខ្លះតូចខ្លះធំ»។
លោកស្រី Mary Jo Baryza
បានបន្តថា៖«កន្លែងនេះនៅក្រហមកន្ទួលសល់ពីមុន
ឥឡូវនេះបិតមុខមិនរងាលទេ
នេះរូបថតម៉ារីណាថតក្រោយការវះកាត់ភ្លាម នាងនៅមានសម្លាក
កន្លែងនេះខ្ញុំគិតថា យើងមិនអាចបំបាត់ទាំងស្រុងបានទេ
ហើយមានសម្លាកលើថ្ពាល់ តែនាងអាចបិទបើកភ្នែកបាន
នេះជារឿងសំខាន់ណាស់»។
ទោះបីជា ម៉ារីណា បានទៅដល់ប្រទេសទី៣ក្តី
តែនាងនៅតែទទួលបានទូរស័ព្ទពីមនុស្សស្រីម្នាក់
នាងបានឲ្យដឹងថា៖«ខ្ញុំបានទទួលទូរស័ព្ទពីស្រីម្នាក់
ដែលនិយាយមកខ្ញុំថា នាងឯងជាស្រីអាក្រក់
ឥឡូវគ្មានអ្នកណាស្រឡាញ់នាងឯងទេ ចុះនរកទៅ
ប៉ុន្តែខ្ញុំនៅឋាននរកហើយតើ? ខ្ញុំកំពុងនៅឋាននរក»។
ប្រធានគម្រោងប្រឆាំងឧក្រិដ្ឋកម្មរបស់អង្គការលីកាដូ Jason Barber
មានប្រសាសន៍ថា៖«អ្នកប្រព្រឹត្តបទឧក្រិដ្ឋពិតជាចង់បង្កគ្រោះ
ថ្នាក់ខ្លាំងបំផុតដល់ជនរងគ្រោះ គេមិនចង់សម្លាប់ជនរងគ្រោះទេ
គេមិនចាំបាច់បាញ់សម្លាប់ភ្លាមៗទេ
ដូច្នេះគេជះទឹកអាស៊ីតទៅលើជនរងគ្រោះ
ដើម្បីឲ្យអ្នកនោះមានការឈឺចុកចាប់»។
ម្តាយ តាត ម៉ារីណា បាននិយាយថា៖«បើយើងខឹង ខឹងនឹងប្តីយើងទៅ ទៅវ៉ៃប្តីយើងទៅ ទៅចាក់ប្តីយើងទៅ យើងកុំចាក់គេ»។
តាមអ្នកវិភាគបានឲ្យដឹងថា
ប្រទេសកម្ពុជានៅមានវប្បធម៌និទណ្ឌភាព
ដរាបណាឧក្រិដ្ឋជនណាទទួលបានការការពារ
ឧក្រិដ្ឋជននោះពិតជារួចទោសទាំងស្រុង។
ម៉ារីណា និយាយថា៖«ក្រោយពីខ្ញុំបានមកដល់អាមេរិក ស្វាយ ស៊ីថា
បានតាមរកខ្ញុំឃើញ ហើយនៅជាមួយខ្ញុំ២-៣ថ្ងៃ ដើម្បីបញ្ជាក់ថា
ខ្ញុំមិននិយាយជាមួយអ្នកកាសែតណាម្នាក់»។
តំណាងរាស្ត្របក្សប្រឆាំងលោកស្រី មូរ សុខហួរ មានប្រសាសន៍ថា៖
«នាង និងគ្រួសាររស់នៅក្នុងក្តីភ័យខ្លាច
មានករណីជាក់ស្តែងបែបនេះជាច្រើនទៀត
ហើយរដ្ឋាភិបាលនៅតែចង់ទុកចោលរហូត
ធ្វើឲ្យសាធារណជនភ្លេចទៅទៀត»។
Sequndo ថា៖«ខ្ញុំព្យាយាមរកយុត្តិធម៌ឲ្យ ម៉ារីណា
ខ្ញុំបានសរសេរសំបុត្រទៅនាយករដ្ឋមន្ត្រី
ទៅអាជ្ញាធរប៉ូលិសនៅខ្មែរ ទៅទូតខ្មែរនៅអាមេរិក។ ខ្ញុំគិតថា
ពួកគេបានទទួលសំបុត្រខ្ញុំ រួចគេបានបោះចោលទៅក្នុងធុងសំរាម»។
តាត ម៉ារីណា និយាយថា៖ «ខ្ញុំបានទទួលទូរស័ព្ទពី ស្វាយ ស៊ីថា
គាត់ប្រាប់ខ្ញុំថា គាត់មានសារមួយផ្ញើមកបងប្រុសខ្ញុំ Sequndo
គាត់ប្រាប់ថា បើបងប្រុសខ្ញុំ Sequndo មកលេងស្រុកខ្មែរទៀត
គាត់ត្រូវបិទមាត់ឲ្យជិត
ខ្ញុំព្រួយបារម្ភពីសុវត្ថិភាពពីគ្រួសារខ្ញុំ។ ឪពុកមាខ្ញុំ គង្គ
ប៊ុនឈឿន បានសរសេរសៀវភៅអំពីរឿងខ្ញុំ»។
Sequndo ឲ្យដឹងថា៖«គាត់(គង្គ ប៊ុនឈឿន)
បានសរសេរសៀវភៅជាច្រើន
នេះជាសៀវភៅចុងក្រោយរបស់គាត់ដែលបានធ្វើឲ្យគ្រោះថ្នាក់ដល់
អាជីពរបស់គាត់ ព្រោះ ស្វាយ ស៊ីថា គំរាមគាត់
ខ្ញុំបានសុំឲ្យគាត់ចេញពីស្រុកខ្មែរ
ព្រោះខ្ញុំមិនទុកចិត្តពួកគេទេ
ពួកគេនឹងធ្វើអំពើឧក្រិដ្ឋតាមសម្តីពួកគេដូចដែលគេបានធ្វើ
ចំពោះ ម៉ារីណា អ៊ីចឹងដែរ»។
ម៉ារីណា និយាយខ្សាវៗថា៖«ឪពុកមាខ្ញុំ គង្គ ប៊ុនឈឿន
ត្រូវចេញពីកម្ពុជាព្រោះ ស្វាយ ស៊ីថា គំរាមគាត់។ ម្តាយខ្ញុំ
ភ័យខ្លាចមានគ្រោះថ្នាក់ គាត់បានគេចខ្លួនរស់នៅដោយលួចលាក់»។
នាងថា៖
«ខ្ញុំបានចាកចេញពីកម្ពុជាមករស់នៅអាមេរិកជាង១០ឆ្នាំហើយ
របៀបរស់នៅខុសគ្នាឆ្ងាយណាស់ ខ្ញុំនឹកស្រុក នឹកគ្រួសារ
នឹកអ្នកឯទៀតៗទាំងអស់គ្នា»។
ទោះជាយ៉ាងណា នៅពេលនេះ ជីវិត តាត ម៉ារីណា
បានរកឃើញពន្លឺជីវិតខ្លះហើយ
ដោយសារតែនាងបានចងសម្ព័ន្ធសេហ្នាស្របច្បាប់ជាមួយបុរសមាន
សិទ្ធិរស់នៅស្របច្បាប់នៅអាមេរិកម្នាក់ ហើយអ្វីដែលពិសេសជាងនេះ
គឺនាងមានកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់
តែនាងបានសុំឲ្យស្វាមីរបស់នាងមិនបញ្ចេញអត្តសញ្ញាណ។
នាងបញ្ជាក់ថា៖«តាំងពីខ្ញុំបានកូនប្រុសម្នាក់ជីវិតរបស់ខ្ញុំ
បានផ្លាស់ប្តូរ វាជាបណ្តូលចិត្តរបស់ខ្ញុំ កូនខ្ញុំឈ្មោះ ចន
អាថឹន(Jon athan) វាតែងធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត ខ្ញុំគិតថា
ខ្ញុំអាចតស៊ូបាន ខ្ញុំអាចរស់បាន»។
Sequndo និយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ចំពោះនាង
ឥឡូវនាងអាចបន្តជីវិតរបស់នាងបាន
ដោយនាងមានកូនប្រុសម្នាក់នៅកំដរជីវិតរបស់នាង
រហូតដល់នាងស្លាប់»។
លោកស្រី មូរ សុខហួរថា៖«មកទល់នឹងពេលនេះ
អ្នកប្រព្រឹត្តបទឧក្រិដ្ឋមិនដែលចូលគុកទេ
សូម្បីមួយវិនាទីក៏អត់ដែរ គេមិនចាំបាច់ទៅតុលាការទេ
នៅពេលដែល ម៉ារីណា នៅឋាននរកនេះ»។
ដោយការឈឺចាប់ Sequndo
និយាយថា៖«បំណងចង់សងសឹកនៅមានងំក្នុងជម្រៅចិត្តរបស់ខ្ញុំ
តែខ្ញុំព្យាយាមនឹកដល់បណ្តាំម្តាយរបស់ខ្ញុំថា មិនត្រូវសងសឹកទេ
ត្រូវតែឈានទៅមុខ កុំសងសឹកអី »។
ក្រោយចាកចេញទៅអាមេរិក តាត ម៉ារីណា
មិនដែលបានផ្ញើរូបថតរបស់នាងមកបង្ហាញឲ្យបងប្អូនបានឃើញទេ
ហើយបងប្អូនម្នាក់ៗស្មានតែនាងបានជាសះស្បើយទៅហើយ
យ៉ាងហោចណាស់ក៏បាន៨០ភាគរយដែរ។
ប៉ុន្តែអ្វីៗមិនដូចការស្មានឡើយ នៅពេលពួកគេបានឃើញវីដេអូ
ម៉ារីណា ផ្ញើមកជាលើកដំបូងពួកគេបានទួញយំជាថ្មី
យំទ្រហឹងពេញផ្ទះ ព្រោះធាតុពិតរបស់ម៉ារីណាត្រូវបានបង្ហាញ
គឺនាងនៅតែមានរូបកាយខ្ទេចខ្ទាំដោយសារអាស៊ីតដដែល។
ស្រីពៅ បងស្រីម៉ារីណា និយាយដោយកំហឹង
និងស្រែកយំខ្លាំងៗថា៖«នៅពេលឃើញមុខនាងនៅពេលហ្នឹង
ខ្ញុំមានអារម្មណ៍ថា ចង់ឲ្យតុលាការបើកសំណុំរឿងម្តងទៀត
ដើម្បីរកយុត្តិធម៌ឲ្យ ម៉ារីណា ដែលនាងជាក្មេងស្រីម្នាក់
ដែលត្រូវគេគំរាម ហើយត្រូវគេព្រួតធ្វើបាប ឈឺចាប់អស់មួយជីវិត
តែមិនអាចមានលទ្ធភាពរកយុត្តិធម៌ធ្វើឲ្យពួកយើងមានជំងឺផ្លូវ
ចិត្តអស់មួយជីវិត តើថ្ងៃណាអាចរកយុត្តិធម៌ឲ្យម៉ារីណា បានទៅ?»។
គ្មានជនណាម្នាក់ ត្រូវចាប់ខ្លួនក្នុងរឿងជះទឹកអាស៊ីតលើនាង
ម៉ារីណា ទេ។ ស្វាយ ស៊ីថា
នៅមានតំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។
ដោយការភ័យខ្លាចនេះ គ្រួសារនាងម៉ារីណា
ឥឡូវបានចាកចេញពីកម្ពុជាអស់ហើយ។ តាត ម៉ារីណា ឲ្យដឹងថា
នាងនឹងចាប់ផ្តើមជីវិតថ្មីជាមួយកូន និងគ្រួសារលើទឹកដីអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហានេះ
អ្នកច្បាប់ឯករាជ្យជាច្រើនស្ថាប័នបានឲ្យដឹងថា យុត្តិធម៌គ្មានទេ
សម្រាប់ តាត ម៉ារីណា។ អ្នកច្បាប់ទាំងនោះលើកហេតុផលថា
បើច្បាប់មានមែន លោក ស្វាយ ស៊ីថា
នឹងមិនអាចអង្គុយនៅលើកៅអីរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋ
មន្ត្រីបានទេ នោះដោយគ្រាន់តែនិយាយដល់ចំណុច៣តែប៉ុណ្ណោះ។
ទី១ គឺលោក ស្វាយ ស៊ីថា មានចំណងទាក់ទង
និងរស់នៅជាមួយក្មេងស្រីអនីតិជន ខណៈម៉ារីណា
នៅពេលនោះមានអាយុទើបតែ១៥ឆ្នាំ។ ទី២ គឺលោក ស្វាយ ស៊ីថា
បាននាំយក តាត ម៉ារីណា
ទៅបង្ខាំងទុកនៅខេត្តបាត់ដំបងចំនួន១០ថ្ងៃដោយដកយកខោអាវរបស់
នាងទាំងអស់។ ទី៣ គឺការប្រើអំពើហិង្សា ជាក់ស្តែងដូចជាករណី លោក
ស្វាយ ស៊ីថា បានប្រើកាំភ្លើងបាញ់ចន្លោះជើងតាត ម៉ារីណា ជាដើម។
ប៉ុន្តែទោះបីជាតាត ម៉ារីណា ខំស្រែក ក៏សម្រែករបស់នាង មិនអាចធ្វើឲ្យជញ្ជីងច្បាប់ញ័រសូម្បីបន្តិចនោះឡើយ៕






0 comments:
Post a Comment