- Tuesday, 20 March 2012
- ដោយៈ មាស សុខជា
-
ភ្នំពេញៈ សហជីពសេរីកម្មករ កំពុងបន្តពិភាក្សា ជាមួយមន្ត្រីសាលារាជធានី ពីការសាងសង់រូបសំណាកលោក ជា វិជ្ជា មេដឹកនាំសហជីពល្បីឈ្មោះ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ កាលពី ៩ ឆ្នាំមុន ខណៈដែលជនដៃដល់ និងអ្នកសមគំនិតក្នុងការបាញ់ប្រហារនេះ មិនទាន់ត្រូវបាននាំខ្លួនយកមកផ្តន្ទាទោសនៅឡើយ។
អភិបាលរាជធានីភ្នំពេញលោក កែប ជុតិមាថ្លែងថា រូបសំណាកអតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ដែលត្រូវបានសម្លាប់ នឹងត្រូវសាងសង់ឡើង ជារូបសំណាកស្អាតបាតមួយ និងមានអត្ថន័យ សម្រាប់ប្រជាជនកម្ពុជា។ លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា មន្រ្តីសាលារាជធានី និងមន្រ្តីសហជីពសេរីកម្មករ បានបង្កើតក្រុមការងារមួយ ដើម្បីពិភាក្សាលម្អិត អំពីការសាងសង់រូបសំណាកលោក ជា វិជ្ជា ដោយអះអាងថា រូបសំណាកនេះ មិនមែនងាយស្រួល ក្នុងការសាងសង់នោះទេ ពីព្រោះការសាងសង់ ត្រូវតែធ្វើឲ្យបានស្អាតបាត សមទៅនឹងសម្រស់របស់រាជធានីភ្នំពេញ។ លោក បានចោទសួរថា៖ «តើអ្នកគិតថា វាងាយស្រួលឬ? ប្រសិនបើអ្នកយកដុំថ្មមួយដុំមកដាក់ វាមិនបញ្ហានោះទេ អ្នកអាចដាក់នៅថ្ងៃស្អែកក៏បាន»។
ទោះបីជាយ៉ាងណា លោកកែប ជុតិមា បានបដិសេធមិនព្រមបញ្ជាក់ថាតើនៅពេលណា ទើបចាប់ផ្តើមសាងសង់រូបសំណាកនេះ ឬក៏នឹងត្រូវចំណាយថវិកាអស់ប៉ុន្មាននោះទេ ដោយគ្រាន់តែបញ្ជាក់ថា ចាំមើលការសិក្សារបស់ក្រុមការងារ និងការពិភាក្សា រវាងមន្រ្តីសហជីព និងមន្រ្តីសាលារាជធានី អំពីបញ្ហានេះសិន។ លោក កែប ជុតិមា បានបន្តថា៖ «វាត្រូវតែសាងសង់ កុំឆ្ងល់ ពីព្រោះនេះជាការណែនាំពីសម្តេចនាយករដ្ឋមន្រ្តី[ហ៊ុន សែន]»។
ប្រធានសហជីពសេរីកម្មករ លោក ជា មុនី បានថ្លែងកាលពីម្សិលមិញថា សហជីពសេរីកម្មករ ចង់សាងសង់រូបសំណាកលោក ជា វិជ្ជា ឲ្យបានឆាប់ ហើយរូបសំណាកនេះ ត្រូវតែមានកម្ពស់ ១,៦៨ ម៉ែត្រ ដើម្បីឲ្យវាអាចដូចទៅនឹងកម្ពស់លោក ជា វិជ្ជា ប៉ុន្តែលោកបានបន្ថែមថា កម្ពស់នៃរូបសំណាក់ទាំងមូលរួមទាំងខឿនទ្រ ត្រូវតែ ២,៦៨ ម៉ែត្រ ។ លោក បន្តថា៖«បើតាមឯកឧត្តមអភិបាលរាជធានី ចង់ឲ្យរូបសំណាកនេះ មានលក្ខណៈស្អាតបាត។ [ដូច្នេះ]យើងត្រូវបន្តពិភាក្សា ដើម្បីឲ្យរូបសំណាកនេះស្រស់ស្អាត»។
លោក ជា មុនី បានសរសេរលិខិតមួយទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១១ ស្នើសុំឲ្យលោកផ្តល់ទីកន្លែងនៅលើសួនច្បារខាងលិចវិមានឯករាជ្យ នៅជិតទីកន្លែងដែលលោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ជិតរបងវត្តលង្កា រាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ ២០០៤ ។
សំណើនេះត្រូវបាន លោក ហ៊ុន សែន យល់ព្រមហើយបានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញលោក កែប ជុតិមា សហការក្នុងការធ្វើការងារនេះ៕ PS




0 comments:
Post a Comment