Saturday, April 21, 2012

គណបក្ស​សមរង្ស៊ី វាយប្រហារ​រដ្ឋាភិបាល លើ​ករណី​អតីត​អភិបាលក្រុង​បាវិត​ 0 18

ថ្ងៃទី 21 មេសា 2012, ម៉ោង 07:49:AM)
ដោយ: សុខ ភក្តី CEN
‹‹គ្មានលុយ គ្មានយុត្តិធម៌ ›› ពល​ការិនី ប៊ុត ចិន្តា ដែល​រងរបួស​
ដោយ​គ្រាប់កាំភ្លើង​របស់​លោក​ឈូក​បណ្ឌិត ក្នុងចំណោមកម្មការិនី
រងរបួសធ្ងន់ ៣ នាក់ ( រូបថត​៖ គណបក្ស​សមរង្ស៊ី )​
ភ្នំពេញ: គណបក្ស​សមរង្ស៊ី បាន​ផ្សព្វផ្សាយ​នូវ​អត្ថ​បទ​មួយ ដែល​មាន​ចំណងជើង​ថា "​តាមរយៈ​សេរីភាព​របស់ ឈូក បណ្ឌិត លោកនាយក​រដ្ឋមន្ត្រី មិន​អាច​ប្រកែក​បាន​ទេ ចំពោះ​បញ្ហា​​និទណ្ឌភាព និង​បក្ខពួក​និយម​"​។ អត្ថ​បទ​នោះ គឺ​គណបក្ស​សមរង្ស៊ី បាន​វាយ​ប្រហារ​​រដ្ឋាភិបាល ដោយសារ​តែ​ព្រះរាជអាជ្ញា​តុលាការខេត្ត​ស្វាយរៀង ចោទប្រកាន់​ស្រាល​ពេក​លើ​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​ស្ត្រី​កម្មករ​រោងចក្រ​កាត់ដេរឲ្យ​របួសធ្ងន់ ៣ នាក់ កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ ឆ្នាំ​២០១២​។​
​ គណបក្ស​សមរង្ស៊ី លើកឡើងថា រហូតមកទល់​ពេលនេះ មាន​រយៈពេល ២​ខែ​ហើយ ដែល​លោក ឈូក បណ្ឌិត ជនដៃដល់​បាញ់​កម្មក​រ​នៅ​ក្រុង​បាវិត នៅ​តែ​រួចខ្លួន​ មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់ បើទោះបីជា​មាន​ការអះអាងពី​ពិរុទ្ធភាព​របស់លោក ដោយ​ក្រុម​កម្មករ​រាប់ពាន់នាក់ រួម​ទាំង​ក្រសួងមហាផ្ទៃ​ផង​ដែរ​នោះ​។​
​ គណបក្ស​សមរង្ស៊ី លើកឡើងថា "​វា​ពិតជា​ចម្លែក​ណាស់ ដែល​ការដឹកនាំ​ប្រទេស​មួយ បាន​អួតអាង​ពី​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​ជនឧក្រិដ្ឋ​មួយចំនួន ដែល​មាន​ខ្នងបង្អែក​ធំៗ ឬ​ជា​មន្ត្រី​ធំៗ​ក្នុង​ជួរ​របស់​គណបក្ស​កាន់អំណាច​សព្វថ្ងៃ​នៅតែ​រួចខ្លួន មិន​ត្រូវបាន​ដាក់​ទោស​ដោយ​ច្បាប់​។ លើសពី​នេះ ​មនុស្ស​មួយចំនួន​ទៀត​នៅពេល​បាន​រក​ឃើញ​កំហុស មិន​ត្រឹមតែ​មិន​ដាក់ទោស ប៉ុន្តែ​បែរជា​បាន​ដំឡើង​ឋានៈ​ឲ្យ​កាន់តែ​ខ្ពស់​ទៅវិញ​"​។​
​គណបក្ស​ សមរង្ស៊ី ក៏បាន​លើកឡើង​ថា "​លោក​ឈូក​ បណ្ឌិត បើ​តាម​ការអះអាង​ពី​ក្រុង​បាវិត ថាលោក​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​មួយរូបក្នុង​ជួរ​ រដ្ឋាភិបាល​សព្វថ្ងៃ​ ម្យ៉ាង​ទៀត​ក៏​ជា​សកម្មជន​ឆ្នើម​របស់​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​ក្រុង​ បាវិត​ផងដែរ​។ ដូច្នេះហើយ​ទើប​សូម្បី​តែ​លោកនាយក​រដ្ឋមន្ត្រី​ក៏​មិន​ដាច់​ចិត្ត​ចាប់​លោក​ ដាក់ទោស រីឯ​ឧបនាយករដ្ឋមន្ត្រី​ស ខេង ក៏​មិន​ហ៊ាន​ធ្វើឲ្យ​មាន​ការ​ឆ្គាំឆ្គង​នោះដែរ​"​។​
​គណបក្សប្រឆាំង ក៏​បាន​បន្តថា គេ​នៅ​ចាំបាន​ថា​ កាលពីពេល​កន្លង​មក មាន​ការបាញ់​ប្រជាពលរដ្ឋ​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី នៅ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​លោក​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ជា​ចេញមុខ​មក​តវ៉ាបញ្ជា​ឲ្យ​ចាប់​ជនដៃដល់​មក​ដាក់ទោស​ឲ្យ​ទាល់តែ​ បាន​។ បើ​ប្រៀបធៀប​ស្ថានភាព​ជនដៃដល់ដែល​បាញ់​ពលរដ្ឋ​នៅ​ស្នួល​ខេត្ត​ក្រចេះ និង​ជនដៃដល់​បាញ់​កម្មករ​នៅ​ក្រុង​បាវិត​។ នៅ​ស្នួល​ អ្នកបាញ់គឺជា​សន្តិសុខ​ស៊ីឈ្នួល​តូចតាច​របស់​ក្រុមហ៊ុន​សម្បទាន​។ មានន័យថា​ជា​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​គ្មាន​បុណ្យ​សក្ដិ គ្មាន​ខ្នងបង្អែក ទើប​ត្រូវបាន​នាយករដ្ឋមន្ត្រី​អន្តរាគមន៍ចាប់ខ្លួន​មក​ដាក់ទោស​។ រីឯ​ជនដៃដល់​នៅ​ក្រុង​បាវិត ជា​មន្ត្រី​សកម្ម​របស់​គណបក្ស​កាន់អំណាច ជា​អភិបាលក្រុង និង​មាន​ខ្នងបង្អែក​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល ទើប​លោក​នៅ​តែ​រួចខ្លួន​។ ផ្ទុយទៅវិញ បើ​ប្រៀបធៀប​បញ្ច្រាស​ពីនេះ ករណី​អ្នកបាញ់​កម្មករ​នៅ​ក្រុង​បាវិត ជា​មន្ត្រី​ប៉ូលិស​តូចតាច ឬ​ជា​សន្តិសុខ​ក្រុមហ៊ុននោះ​នឹង​ត្រូវ​បាន​ចាប់ខ្លួន​យក​មក​ដាក់ទោស បើទោះបីជា​គ្មាន​បញ្ជា​ពី​នាយក​រដ្ឋមន្ត្រី​។ ចំណែកឯ​អ្នកបាញ់​ពលរដ្ឋ​នៅ​ស្នួល ​ខេត្ត​ក្រចេះ បើ​ជា​មន្ត្រី​អភិបាលស្រុក ឬ​ខេត្ត ឬ​អ្នក​ដែល​មាន​ខ្នងបង្អែក​ជាមួយ​មន្ត្រី​ធំៗ នោះ​ពួកគេ​នឹង​មាន​សេរីភាព​ដូច​គ្នា​។​
​គណបក្សប្រឆាំង ក៏​បាន​បន្ត​លើកឡើង​ថា "​ដូចនេះ តើ​ការអនុវត្ត​ច្បាប់ ត្រូវបាន​ធ្វើឡើង​ចំពោះ​តែ​ក្រុម​ប្រជាពលរដ្ឋដែល​មាន​ឋានៈ​តូចតាច​ គ្មាន​ខ្នងបង្អែក​ឬ​យ៉ាងណា​? លោកនាយក​រដ្ឋមន្ត្រី មិន​អាច​ប្រកែក​បាន​ទេ​ពី​បញ្ហា​បក្ខពួក ដែល​នាំឲ្យ​មាន​និទណ្ឌភាព ក្រោម​ការដឹកនាំ​របស់​លោក​សព្វថ្ងៃនេះ​ទេ បើ​គ្មាន​វិធានការ​លើ​លោក​ឈូក​ បណ្ឌិត ជនដៃដល់​បាញ់​កម្មក​រ​នៅ​ក្រុង​បាវិត​?"​។​
​ជា​ ការកត់សម្គាល់ លោក ហ៊ីង ប៊ុន​ជា ព្រះរាជអាជ្ញា​តុលាការខេត្ត​ស្វាយរៀង បាន​ចោទប្រកាន់​ជា​ផ្លូវការ​លើ​លោក​ឈូក​ បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ត្រឹមតែ​បទល្មើស​មជ្ឈិម ពី​បទ​បង្ក​របួសស្នាមដោយ​អ​ចេតនា ក្នុង​សំណុំរឿង​បាញ់​ស្ត្រី​កម្មករ​រោងចក្រ​កាត់ដេរ ៣ នាក់ នៅក្នុង​ព្រឹត្តិការណ៍​តវ៉ានៅ​រោងចក្រ​កាត់ដេរ កៅ​វ៉េ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ ក៏​ប៉ុន្តែ​លោក​ឈូក​ បណ្ឌិត មិន​ត្រូវបាន​ចាប់ឃុំខ្លួន​ទេ​។​
​ការចោទប្រកាន់ដោយ​សម្រាល​ទោស​លោក​ ឈូក​ បណ្ឌិត​ដូច្នេះ ត្រូវបាន​មេដឹកនាំ​សហជីព​កម្មករ និង​សកម្មជន​អង្គការ​សិទ្ធិមនុស្ស រិះគន់ ព្រមទាំង​ព្រមាន​ធ្វើបាតុកម្ម ប្រឆាំងនឹង​តុលាការខេត្ត​ស្វាយរៀង​ផងដែរ​៕ S

0 comments:

Post a Comment