Sunday, April 22, 2012

ឧក្រិដ្ឋជន​ដៃ​ឆៅ "​យមរាជ​" ត្រូវបាន​សាកសួរ​ពី​ដំណើររឿង​ហែក​គុក​រត់ចេញ​ 0 74

ថ្ងៃទី 21 មេសា 2012, ម៉ោង 05:50:PM
 ដោយ: មុនី​រ័ត្ន​ /CEN
ភ្នំពេញ: ​ឧក្រិដ្ឋជន​ដៃ​ឆៅ ហង្ស វុទ្ធី ហៅ យមរាជ ឬ​ទិវា​១៦ អតីត​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ហែក​គុក​រត់​ចេញពី​ពន្ធនាគារ​ព្រៃ​ស កាលពី​ឆ្នាំ​២០០៧ ហើយ​បាន​បង្ហាញមុខ​សារភាព នៅ​ស្នាក់ការ​អង្គការ លីកាដូ កាលពី​រសៀល​ថ្ងៃទី​២០ មេសា ឆ្នាំ​២០១២ ត្រូវបាន​បញ្ជូនទៅ​ចូល​គុក​ព្រៃ​ស​វិញ​ហើយ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១២​។​

​ ការបញ្ជូន​ឧក្រិដ្ឋជន ជា​អតីត​ប៉ូលិស ដែលជា​កូនចៅ​របស់លោក​ហេង​ពៅ ទៅកាន់​ពន្ធនាគារ​ព្រៃ​ស គឺ​បន្ទាប់ពី​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​អំពី​ដំណើររឿង​ហែក​គុក​រត់ចេញ ដែល​លោក ហង្ស វុទ្ធី បានធ្វើ​ជាមួយនឹង​ក្រុមចោរ កាលពី​ឆ្នាំ​២០០៦​។​

​ ឧក្រិដ្ឋជន ហង្ស វុទ្ធី ហៅ យមរាជ ឬ​ទិវា​១៦ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ បាន​នាំខ្លួន​ចេញពី​អង្គការ លីកាដូ កាលពី​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១២ បន្ទាប់ពី​ឧក្រិដ្ឋជន​រូបនេះ បាន​សម្រេចចិត្ត​បង្ហាញខ្លួន ដើម្បី​សារភាព និង​អោយ​ប្រគល់​ខ្លួន​អោយ​សមត្ថកិច្ច ដោយមាន​មេធាវី​ការពារ​ក្តី​នៅ​ជាមួយ​ផងដែរ​នោះ ដើម្បីអោយ​តុលាការ​សើរើ​សំណុំ​រឿងក្តី​របស់ខ្លួន​ឡើងវិញ​។​

​ លោក កៅ ស៊ូផា មេធាវី​ការពារ​ក្តី​អោយ​ឧក្រិដ្ឋជន ហង្ស វុទ្ធី ហៅ យមរាជ ឬ​ទិវា​១៦ បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​២១ មេសា ថា ចំពោះ​ករណី កូនក្តី​របស់លោក ដែល​ត្រូវបាន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២១​មេសា លោក​ព្រះរាជអាជ្ញារង លី សុ​ផា​ណា មិនបាន​សាកសួរ​អ្វី​ច្រើន​ទេ គ្រាន់តែ​សួរ​អំពី​ដំណើររឿង​ដែល​រត់​ចេញពី​គុក និង​បាន​សាកសួរ​ពាក់ព័ន្ធ ដែល​តុលាការ​សម្រេចសេចក្តី​តើ​កូនក្តី​របស់លោក ( ហង្ស វុទ្ធី ហៅ យមរាជ )  បានដឹង​ឬ​មិនដឹង អំពី​ការផ្តន្ទាទោស ក្នុងពេល​កន្លងមក​។ ការសម្រេចសេចក្តី​ផ្តន្ទាទោស ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​ជាច្រើន ជាមួយ​លោក​ហេង​ពៅ​នោះ គឺ​កូនក្តី​របស់លោក មិនបាន​ដឹង​ទេ​។​

​លោក​មេធាវី កៅ ស៊ូផា បាន​បន្តថា “​ចំពោះ​រឿង ដែល​ផ្តន្ទាទោស​គាត់​ហ្នឹង  (​ហង្ស​វុទ្ធី​) គឺ​គាត់​សំណូមពរ អោយ​តុលាការ​ជូនដំណឹង​គាត់ ទៅតាម​ផ្លូវច្បាប់ អំពី​រឿង​ចោទប្រកាន់ និង​អំពី​រឿង​ផ្តន្ទាទោស ទៅដល់​រូបគាត់​”​។
​ទាក់ទង​ទៅ​និង​ការ​សំណូមពរ​របស់លោក ហង្ស វុទ្ធី ត្រូវបាន​លោក កៅស៊ូ​ផា លើកឡើងថា ខាង​តុលាការ គេ​នឹង​ជូនដំណឹង​ពេល​ក្រោយ ប៉ុន្តែ​វិធានការ​បណ្តោះអាសន្ន គឺ​គេ​ត្រូវបញ្ជូន​ខ្លួន​កូនក្តី​លោក ទៅកាន់​ពន្ធនាគារ​វិញ​ព្រៃ​ស​វិញ​។

​កន្លងមក​តុលាការ មិនដែល​បាន​ជូនដំណឹង​ដល់​លោក ហង្ស វុទ្ធី អំពី​ការសម្រេច​ផ្តន្ទាទោស ដោយសារតែ​គេ​យល់ថា លោក ហង្ស វុទ្ធី បាន​រត់​ចេញពី​គុក និង​អាច​យល់ថា គាត់ ( យមរាជ ) បាន​ស្លាប់​បាត់ទៅហើយ​។ ដល់ពេល​លោក ហង្ស វុទ្ធី ត្រឡប់មកវិញ តុលាការ​ត្រូវតែ​បំពេញ​នីតិវិធី​នេះ អោយបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ទៅដល់​លោក ហង្ស វុទ្ធី​។​

​ មេធាវី​ការពារ​ក្តី​អោយ ហង្ស វុទ្ធី ហៅ​យមរាជ បាន​លើកឡើងថា ចំពោះ​រឿង​លោក ហង្ស វុទ្ធី ដែល​ចូល​សារភាព គឺ​នឹងត្រូវ​សើរើ​ឡើងវិញ​រឿង ដែល​តុលាការ​ចោទប្រកាន់ និង​កាត់ទោស​កំបាំងមុខ ហើយ​រឿង​ថា លោក ហង្ស វុទ្ធី រត់​ចេញពី​ពន្ធនាគារ ក៏ត្រូវ​តុលាការ​ធ្វើការ​កាត់ក្តី​ឡើងវិញ ធ្វើការ​ស៊ើបអង្កេត​ឡើងវិញ​។ ចំណែក​រឿងក្តី​ដទៃទៀត ក៏​យ៉ាង​ដូច្នេះ​ដែរ គឺ​ត្រូវការ​ការ​ក្តី​ឡើងវិញ​។

​ ប៉ុន្តែ​បើសិនជា​គោលការណ៍​ទូទៅ ចំពោះ​ការរស់នៅ​ក្នុង​ពន្ធនាគារ​វិញ បើសិន​ជាមាន​អ្នក​រត់ចេញ ហើយ​ចូល​វិញ ដើម្បី​មក​តទល់​គ្នា ចំពោះមុខ​ច្បាប់ ចំពោះ​នីតិវិធី​ពន្ធនាគារ លោក​ជឿថា ប្រហែលជា​គេ​អោយ​កូនក្តី​របស់លោក ( យមរាជ ) រស់នៅ​អោយ​សមរម្យ​ជាង​អ្នកដទៃ​។​

​មជ្ឈដ្ឋាន​ទូទៅ​ កំពុង​តែមាន​ចម្ងល់​ថា តើ​មូល​ហេតុអ្វី​បានជា​ឧក្រិដ្ឋជន ហង្ស វុទ្ធី ហៅ យមរាជ ចេញមក​បង្ហាញខ្លួន ដើម្បី​សារភាព ហើយ​ប្រគល់​ខ្លួន អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៅវិញ បន្ទាប់ពី​លាក់ខ្លួន​អស់​រយៈពេល​ប្រមាណ ៦​ឆ្នាំ​?

​មហាជន​ក៏បាន​ចោទ​សួរថា តើ​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង ឬក៏​អាថ៌កំបាំង​អ្វី នៃ​ការចូល​ខ្លួន​សារភាព​របស់ យមរាជ​?

​ ឧក្រិដ្ឋជន ហង្ស វុទ្ធី ហៅ​យមរាជ បាន​និយាយ​មុនពេល​ប្រគល់​ខ្លួន អោយ​សមត្ថកិច្ច​ថា ខ្លួន​មិនបាន​ហែក​គុក​រត់​ទេ គឺ​ដោយសារតែ​អ្នកទោស​ផ្សេងទៀត គំរាម​សម្លាប់ខ្លួន ទើប​សម្រេចចិត្ត ចេញទៅ​ជាមួយ​គេ​។ លោក ហង្ស វុទ្ធី បាន​អះអាងថា ខ្លួន​មិនបាន​បាញ់សម្លាប់ លោក សុក សេដ្ឋា​មុនី អតីត​ចៅក្រម និង​ការប៉ុនប៉ង់​សម្លាប់ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលមាន​ជម្លោះ​ជាមួយនឹង​លោក ហេង​ពៅ កាលពី​នៅ​កាន់អំណាច ជា​ស្នងការ​ប៉ូលិស​នោះឡើយ​។

​ចំណែក​ការសម្រេចចិត្ត ចេញមក​សារភាព​ពេលនេះ គឺ​លោក​ហង្ស វុទ្ធី អះអាងថា មិនមាន​នរណា​លួងលោម ឬ​បង្ខំ​ទេ​។ ការ​ចេញមក​សារភាព​នេះ ដោយសារ​លោក​យល់ថា មិនបាន​ធ្វើ​អ្វី​ខុស ហើយ​មករក​ការពិត​។ ម្យ៉ាងទៀត​មូលហេតុ ដែល​ខ្លួន​មិន​ព្រម​ចេញមក​សារភាព បន្ទាប់ពី​រត់ចេញ​ពី​គុក​ព្រៃ​ស កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០០៦ ដោយសារតែ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​៕​



0 comments:

Post a Comment