Friday, April 20, 2012

យមរាជ បង្ហាញខ្លួន ទាមទារ​យុត្តិធម៌ ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង ហេង ពៅ​ 0 2

ថ្ងៃទី 20 មេសា 2012, ម៉ោង 05:07:PM)
ដោយ: រតនា និងមុនីរ័ត្ន
លោក ហង្ស វុទ្ធី ហៅ យមរាជ ឬទិវា១៦ ពេលបង្ហាញមុខ
នៅអង្គការលីកាដូ កាលពីរសៀលថ្ងៃទី២០មេសា ឆ្នាំ២០១២
ភ្នំពេញ: អតីត​ប៉ូលិស​ក្រុងភ្នំពេញ លោក ហង្ស វុទ្ធី ដែល​មាន​រហស្សនាម "​យមរាជ​" និង "​ទិវា ១៦" បាន​បង្ហាញ​មុខ នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ នា​រសៀល​ថ្ងៃ​ទី​២០​មេសា ឆ្នាំ​២០១២ ក្នុង​រាជធានី​ភ្នំពេញ​។ អម​ដោយ​មេធាវី​ផង​នោះ លោក ហង្ស វុទ្ធី បាន​ស្រែក​ទាមទារ​យុត្តិធម៌​ក្នុង​សំណុំរឿង​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​លោក ហេង ពៅ អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​។​

​ចំពោះ​មុខ​អ្នកកាសែត លោក ហង្ស វុទ្ធី បាន​លើកឡើង​ថា លោក​មិន ​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយក៏​មិន​បាន​ហែក​គុក​រត់ កាលពី​អំឡុងឆ្នាំ​២០០៦ ​នោះឡើយ​។ ការ​រត់​ចេញ​ពី​គុក កាល​ណោះ ដោយសារ​តែ​ក្រុមចោរ បាន​គម្រាម និង​នាំ​លោក​រត់​ប៉ុណ្ណោះ​។​

​លោក ហង្ស វុទ្ធី បានទាមទារ​ឲ្យមាន​ការសើរើ​រឿង​របស់លោ​ក​ឡើង​វិញ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ និង​ការកាត់ទោស ក្នុង​សំណុំរឿង​ជាមួយ​លោក ហេង ពៅ​។​

​លោក ហង្ស វុទ្ធី បាន​លើកឡើង​ថា "​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ខុស​ទេ ទើប​ខ្ញុំ​មក​សារភាព​ពេល​នេះ​។ បើ​មាន​ភស្តុតាង និង​សាក្សី កាត់ទោស​ខ្ញុំ​ចុះ​!​។ ខ្ញុំ​អត់​បាន​អារ​គុក​រត់​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ឃាត​នរណា ដូច​ការចោទប្រកាន់​ដែរ​"​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ អតីត​ប៉ូលិស​ជាប់ចោទ​ក្នុង​សំណុំរឿង​ឃាតកម្ម​ជា​ច្រើន ជាមួយនឹង​លោក​ហេង​ពៅ ក៏បាន​លើកឡើង​ពី​ទារុណកម្ម ក្នុងពេល​ប៉េអឹម ចាប់​ខ្លួន​​លោក កាលពី​អំឡុង​ឆ្នាំ​២០០៦ ដោយ​លោក​អះអាងថា ត្រូវ​គេ​វ៉ៃ​ធ្វើ​ទារុណកម្ម គេ​ចង​មុខ ហើយ​យក​ស្បោង​ច្រក​ក្បាល អង្គុយ​លើ​ទឹកកក និង​វ៉ៃ​ឆ្អឹងជំនី ជាដើម រហូត​ដល់​​ពេល​ឡើង​តុលាការ​កាត់ទោស ត្រូវ​គេ​គ្រា ដើរ​ពុំ​រួច​ឡើយ​។​

​លោក ហង្ស វុទ្ធី បាន​អង្វរ​ឲ្យ​ក្រុមអ្នកកាសែត និង​អង្គការ​សិទ្ធិមនុស្ស តាម​ឃ្លាំ​មើល​ពី​សុវត្ថិភាព​របស់​លោក នៅពេលនេះ ដោយ​ខ្លាច​គេ​វ៉ៃ​ធ្វើ​ទារុណកម្ម​លើ​រូប​លោក​ជាថ្មី​ម្តង​ទៀត ខណៈពេល​លោក ចេញមុខ​មក​សារភាព​ពេលនេះ​។​

លោក ហង្ស វុទ្ធី ក៏បានបញ្ជាក់ពីមូលហេតុ ដែលលោកចេញមកសារភាព និងត្រឡប់​ទៅចូលពន្ធនាគារព្រៃសវិញ ដោយលើកឡើងថា លោកចង់បានយុត្តិធម៌។ ម្យ៉ាងទៀត ពេលលោករត់គេចពីពន្ធនាគារ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ពេលនេះ គឺលោកបាន​លាក់​ខ្លួន នៅតាមព្រំដែនថៃ ធ្វើជាកម្មករអូសរទេះ ជាដើម។ ការចេញមកសារភាព​ដូច្នេះ គឺមិនមានការលួងលោម ឬទិញទឹកចិត្តអ្វីទេ។

​ចំណែក​លោក កៅ ស៊ូផា មេធាវី​របស់​លោក ហង្ស វុទ្ធី បាន​ស្នើសុំ​ឲ្យ​ប៉ូលិស ធ្វើការ​ជាមួយ​តុលាការ កុំឲ្យ​មាន​ការធ្វើ​ទារុណកម្ម លើ​លោក ហង្ស​វុទ្ធី នៅ​ពេល​បញ្ជូន​ទៅ​កាន់​គុក​ព្រៃ​ស នាពេលនេះ​។ មេធាវី​ក៏​បាន​ស្នើ​ឲ្យ​ប៉ូលិស និង​តុលាការ បើក​សំណុំរឿង​ចោទប្រកាន់​លើ​លោក ហង្ស វុទ្ធី ឡើង​វិញ​ផង​ដែរ​។​

​ក្នុងពេលនោះ ម្តាយ​របស់​លោក ហង្ស វុទ្ធី ក៏​បាន​យំ​ស្រែក​សុំ​ឲ្យ​ព្រះករុណា​ព្រះមហា​ក្សត្រ រួមទាំង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា មេត្តា​ជួយ​ដល់​កូនប្រុស​របស់​​គាត់ ដោយ​ខ្លាច​គេ​ធ្វើ​ទារុណកម្ម​ថែមទៀត​។​

​យ៉ាងណាក៏ដោយ មក​ដល់​ម៉ោង​ជិត ៥ ល្ងាច​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១២ ព្រះរាជ​អាជ្ញារង តុលាការ​រាជធានី​ភ្នំពេញ លោក មាស ពិសិដ្ឋ និង​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ បាន​ដឹកនាំ​កម្លាំង ទៅ​នាំ​ខ្លួន​លោក ហង្ស វុទ្ធី យក​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់​ការ​​តាម​សំណុំរឿង​។​

​សូមបញ្ជាក់​ថា លោក ហង្ស វុទ្ធី អតីត​ប៉ូលិស និង​ជា​ដៃស្តាំ​របស់លោក ហេង ពៅ អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោស ក្នុង​សំណុំរឿង​ឃាតកម្ម បាញ់សម្លាប់​អតីត​ចៅក្រម សុខ សេដ្ឋា​មុនី ព្រមទាំង​សំណុំរឿង​លួច​ធ្វើ​ឃាត​លោក សៅ សុខា មេបញ្ជាការ​ប៉េអឹម លើ​ផ្ទៃ​ប្រទេស ព្រមទាំង​សំណុំរឿង​លួច​ធ្វើ​ឃាត​លោក អ៊ុក​សាវុធ អតីត​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ ជាដើម​។

កាលពីឆ្នាំ២០០៨ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក ហេង ពៅ និងអតីត​ប៉ូលិសជាកូនចៅ រួមមាន លោក លី រ៉ាស៊ី លោក អ៊ុំ សំខេង និងលោក ហង្ស វុទ្ធី ដែលបាន “ហែកគុករត់” កាលពីឆ្នាំ២០០៦ ឱ្យជាប់ពន្ធនាគារក្នុងម្នាក់រយៈពេល ១៨ ឆ្នាំ ក្នុងសំណុំរឿងប៉ុនប៉ងបាញ់សម្លាប់អតីតប្រធានសាខាអគ្គិសនីកម្ពុជា លោក  គឹម ដាវុធ ដែលបានក្លាយជាជនពិការអស់មួយជីវិត កាលពីខែវិច្ឆិកា ឆ្នាំ២០០៥។

ក៏ប៉ុន្តែលោកហេង ពៅ និងកូនចៅ រួមទាំងលោក ហង្ស វុទ្ធី មានជាប់ពាក់ព័ន្ធនឹង​សំណុំ​រឿង​ឃាតកម្ម បង្ខាំងមនុស្សខុសច្បាប់ និងបទចាប់ជំរិត ជាច្រើនផ្សេងទៀត។ ជាបទចោទប្រកាន់ ដែលកើតឡើង អំឡុងពេលលោក ហេង ពៅ និងកូនចៅប៉ូលិស​ទាំង​នោះ នៅកាន់អំណាច៕

0 comments:

Post a Comment