ដោយ ទីន ហ្សាការីយ៉ា
2012-05-06
ការលើកឡើងរបស់លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស
គឺឆ្លើយតបទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលបានអះអាង កាលពីថ្ងៃទី ៥ ឧសភាថា អ្នកគាំទ្រលោក មានចំនួនលើសពី
៦០%។
៦-ឧសភា-២០១២៖ លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស ពេលជួបជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់លោកនៅភ្នំពេញ។
លោក កឹម សុខា បានលើកឡើងនៅថ្ងៃទី ៦ ឧសភាថា
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាពិតប្រាកដប្រហែល ៣០% ទេ គឺមិនបាន
៦០% ដូចលោកនាយករដ្ឋមន្ត្រីបានប្រកាសទេ។
លោក កឹម សុខា បានអះអាងដូច្នេះ
នៅក្នុងឱកាសជួបជុំក្រុមប្រឹក្សាឃុំសង្កាត់រាជធានីភ្នំពេញ
របស់ខ្លួនប្រមាណជិត ៥០០ នាក់ នៅទីស្នាក់ការគណបក្ស សិទ្ធិមនុស្ស
ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៦ ឧសភា។
ប្រធានគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា បានលើកមូលហេតុជាច្រើន
ដែលគណបក្សប្រជាជនកម្ពុជា ជាគូប្រជែងដ៏ធំមួយនៅពេលខាងមុខនោះថា
ចំនួនអ្នកគាំទ្រពី ២០% ឬ ៣០% ទៀតនោះ
ដោយសារគណបក្សកាន់អំណាចយកថវិកាទៅទិញទឹកចិត្តប្រជាជនកម្ពុជា
ការគំរាមកំហែងប្រជាពលរដ្ឋ ដូចជាថា បើគណបក្សផ្សេងឈ្នះឆ្នោត
សង្គ្រាមនឹងផ្ទុះឡើងវិញ
សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតភាគច្រើនជាមនុស្សរបស់គណបក្ស
ប្រជាជនកម្ពុជា
ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋផ្ដាច់មុខ
និងករណីផ្សេងៗ ទៀត។
លោក កឹម សុខា៖ «រួបភាពដែលរដ្ឋាភិបាលយកទៅបំរើគណបក្សដោយផ្ទាល់
ដូចជា ក្នុងនាមតួនាទីខ្លួនជានាយករដ្ឋមន្ត្រី
យកទូរទស្សន៍រដ្ឋទៅបំរើគណបក្សរបស់ខ្លួន
យកវេទិការដ្ឋាភិបាលទៅបំរើបក្សខ្លួន រិះគន់គណបក្សប្រឆាំង
ហើយប្រើប្រាស់មន្ត្រីរាជការយកទៅបំរើគណបក្សជាដើម»។
ការបញ្ចេញប្រតិកម្មរបស់លោក កឹម សុខា ជាប្រធានគណបក្ស សិទ្ធិមនុស្ស
នេះ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ទៅសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ នៅក្នុងខេត្តស្ទឹងត្រែង
កាលពីថ្ងៃទី ៥ ឧសភា ដោយលោក ហ៊ុន សែន បានប្រកាសជាសាធារណថា
ប្រសិនបើចំនួនប្រជាពលរដ្ឋ ដែលគាំទ្រលោក មានការថយចុះ
លោកនឹងលាឈប់ពីនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន៖ «ខ្ញុំដាក់គោលដៅហើយ បើមនុស្សលែងជឿ ស្ថិតនៅក្រោម៦០% ខ្ញុំនឹងចាកចេញ មិនតំណាងឲ្យបក្ស មុខតំណែងជានាយករដ្ឋមន្ត្រី»។
ភ្ជាប់ទៅនឹងបញ្ហានេះ លោក កឹម សុខា បានប្រកាសថា
បើលោកនាយករដ្ឋមន្រ្តីមានតម្លាភាពក្នុងការប្រកួតប្រជែងនៅពេលខាង
មុខ លោកអំពាវនាវឲ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
សំឡេងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានវិទ្យុ
ទូរទស្សន៍ស្ទើរតែទាំងអស់
ត្រូវបានគណបក្សប្រឆាំងរិះគន់ជាហូរហែមកថា
បានផ្សាយគាំទ្រគណបក្សកាន់អំណាច។ ពិសេសទូរទស្សន៍
ឬវិទ្យុជាតិកម្ពុជា។
លោក កឹម សុខា៖ «បើលោកនាយករដ្ឋមន្ត្រីគាត់សឿង
គាត់ប្រកាសថាគណបក្សប្រជាជនមានអ្នកគាំទ្រ លើសពី ៦០% មែន
បើឲ្យវិទ្យុទូរទស្សន៍ឲ្យគ្រប់គណបក្សមក គណបក្ស សិទ្ធិមនុស្ស
ទៅរកជួលវិទ្យុ នៅខែត្រសៀមរាប ទៅគំរាមម្ចាស់វិទ្យុគេ គណបក្ស
សិទ្ធិមនុស្ស ទៅជួលវិទ្យុនៅបាត់ដំបង ទៅរកដកអាជ្ញាប័ណ្ណគេ។
អាហ្នឹងហើយជាភាពកំសាករបស់នាយករដ្ឋមន្ត្រី»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ
កាញារីទ្ធ ដើម្បីសុំការបំភ្លឺពីការចោទប្រកាន់នេះបានទេ
នៅថ្ងៃទី ៦ ឧសភា។
អគ្គនាយកនៃទូរទស្សន៍ជាតិកម្ពុជា (ទទក) លោក គឹម គុណវឌ្ឍ
ធ្លាប់ឲ្យវិទ្យុអាស៊ីសេរីដឹង កាលពីខែមករាកន្លងទៅថា
ការផ្សាយព័ត៌មានកន្លងមកនោះ ទូរទស្សន៍ ឬវិទ្យុជាតិផ្សាយទូទៅ
ពិសេសគឺសកម្មភាពរបស់រដ្ឋាភិបាល ដែលមន្ត្រីរដ្ឋាភិបាលទាំងនោះ
មកពីគណបក្សប្រជាជនកម្ពុជា។ ដូច្នេះហើយបានជាគេមើលឃើញថា
ការផ្សាយវាលំអៀងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ
គណបក្សប្រឆាំងបានលើកឡើងអំពីប្រព័ន្ធផ្សព្វផ្សាយលំអៀងទៅគណបក្ស
កាន់អំណាចនេះ
នៅគ្រាដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយសម្រាប់
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងខិតជិតមកដល់
ដែលគេចាប់ផ្ដើមពីថ្ងៃទី១ ឧសភាដល់ថ្ងៃទី ១ មិថុនា។
គណបក្សទាំងអស់ដែលធ្វើការប្រកួតប្រជែងសម្រាប់បោះឆ្នោតក្រុម
ប្រឹក្សាឃុំសង្កាត់អាណត្តិទី ៣ នេះ មានចំនួន ១០ គណបក្សនយោបាយ៕



0 comments:
Post a Comment