Sunday, May 20, 2012

កំណាព្យ៖ ក្រុងទេពថ្នាលអនុស្សា

        បទពាក្យ ៧
១-ខែរះព្រាងៗមៀងទិសបូព៌             ប៉ះនឹងជំនោរខ្យល់ល្ហើយល្ហៀក
ស្រូបក្លិនពិដោរមិនចង់ឃ្លាត              បាងកកកើយកៀក៤ឆ្នាំប្លាយ។
២-គ្មានការជួបណាថាមិនបែក           តែខ្ញុំចម្លែកន័យសោកស្តាយ
អនុស្សាវរីយ៍កម្មទាំងឡាយ               ហាក់ឆក់រូបកាយចិត្តវិញ្ញាណ។
៣-ទន្លេប្រាយ៉ាទឹកថ្លាយង់                 មច្ឆារ៉េរង់ភ្ជុំក្រោមស្ពាន
កំពង់ចម្លងថាវៀនធៀន                   បុប្ផាព្រៀងលានក្រពុំថេរ។
៤-ទិដ្ឋភាពល្អគន់អមសង្ខាង              ផ្ទះធំសង់ថ្កានច្រាំងទន្លេ
ទេសចរណ៍ទៅមកតាមដងឆ្នេរ           សប្បាយម្លេះទេចៅប្រាយ៉ា។
៥-ស្រណោះកាលជិះទូកទៅរៀន       ព្រលឹមព្រឹកព្រាង ព្រះសុរិយា
ជួបនឹងនួននាថស្រស់កន្និដ្ឋា              សុវ៉ាត់ឌីខាផ្អែមត្រជាក់។
៦-បានយល់កាលណាឱរាស្បើយ       ឱ!ឃនរ៉ាក់អើយស្ងួនអង្គម្រាក់
សម្រស់តូចទន់មន្តស្នេហ៍ញាក់           លរៀមអោយធ្លាក់វង់កាមា។
៧-ជាន់ទឹកដីថៃផុងអារម្មណ៍              សោភ័ណផ្តិតវ័ណ្តវេញនេត្រា
គួចចិត្តគិតនឹកជាប់ចិន្តា                    ម៉ឺនសែនស្នេហាទីពំនាក់។
៨-ស្តាយណាស់មិនគួរកម្មពង្រាត់        ទាញខ្ញុំអោយព្រាត់ឆ្ងាយពីអ្នក
ដែនដីធ្លាប់ក្រេបបញ្ញាជាក់                 មនោគមភិរក្សថ្នាលសេរី។
៩-ពុទ្ធចក្ររុងរឿងថ្លាចិញ្ចែង               សាកលស្ញប់ស្ញែងសាទរក្រៃ
អាណាចក្រសន្តិបវរនៃ                     ព្រះធម៌ល្អថ្លៃជ្រកជាម្លប់។
១០-ខ្ញុំសូមលាហើយខ្នើយសុខុម         គុណគាប់ភិរម្យគួរគោរព
ក្រុងទេពនឹកណាស់ពេលព្រលប់          ពិសេសពេលយប់ស្នូរតន្រ្តី។
១១-លាហើយភឿនៗរួមសាស្រ្តា         ១០សាសន៍ត្រៀបត្រាផ្តងសំដី
លាហើយវាំងណយមហាល័យល្បី      លុងករណ៍ចក្រីរាជវិទ្យា។
១២-ជួបសុខចំរើនគ្រប់អាត្មា               ខ្មែរចាមឆៃណាលាវឥណ្ឌា
បង់ក្លាដេសមនឆានភូមា                   កុំបីមានពៀរនិរន្តរ៍អើយ៕

ទីក្រុងបាងកក ថ្ងៃអាទិត្យ ទី ២០ ឧសភា ឆ្នាំ ២០១២
និពន្ធដោយ៖ ស៊ន សង្វាត
ទិដ្ឋភាពនៃទន្លេប្រាយ៉ា ក្នុងទីក្រុងបាងកក


0 comments:

Post a Comment