Wednesday, June 6, 2012

លោក​សម​រង្ស៊ី អំពាវនាវ​ឲ្យកម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ​ទាំងអស់ រួបរួមគ្នា

លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី
ថ្ងៃទី 5 មិថុនា 2012, ម៉ោង 07:46:PM
| ដោយ: សុខ ភក្តី/ CEN

ភ្នំពេញ: លោក​សម​រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស ដោយសារ​តែ​ជាប់​បណ្តឹង​នៅ​តុលាការ​កម្ពុជា បាន​សរសេរ​លិខិត​អំពាវនាវ ឲ្យកម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ​ទាំងអស់ រួបរួមគ្នា ដើម្បី​បញ្ចប់​អំណាច​ផ្តាច់ការ​។ ជា​សេចក្តីអំពាវនាវ ឆ្លើយ​តប​ដោយ​ប្រយោល ទៅកាន់​លោក កឹម​សុខា ដែល​ចង់ឲ្យ​មាន​ការចរចា រួបរួម​ឡើងវិញ រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី បន្ទាប់ពី​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ដែល​គណបក្ស​ប្រឆាំង​ទាំងពីរ ចាញ់​ឆ្ងាយ បើ​ប្រៀបធៀប​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី​៥​មិថុនា ឆ្នាំ​២០១២ លោក សមរង្ស៊ី បាន​លើកឡើង​ថា យោង​តាម​លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១២ ដែល​បង្ហាញ​ថា កម្លាំង​ប្រជាធិបតេយ្យ ដែល​ចង់ឲ្យ​មាន​ការផ្លាស់ប្តូ​រ បាន​ស្តែង​យ៉ាងច្បាស់ ទាំង​ឆន្ទៈ និង​ទាំង​ចំនួន​ដ៏​ខ្លាំងក្លា​លើសលប់​។​

លិខិត​បន្តថា "​ផ្អែក​តាម​លទ្ធផល​នេះ ខ្ញុំ សមរង្ស៊ី ដែល​ធ្លាប់បាន​ផ្តួចផ្តើម​ជា​រហូត​មក នូវ​គោលការណ៍​បង្រួបបង្រួម សូម​អំពាវនាវ​ឲ្យ​គណបក្សនយោបាយ ឥស្សរជន​នយោបាយ និង​អ្នកសេ្នហាជាតិ សេ្ន​ហា​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់ រួមគ្នា បង្កើត​កម្លាំង​នយោបាយ​ដ៏​ធំ​មួយ ដើម្បី​បញ្ចប់​អំណាច​ផ្តាច់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ គោលបំណង​យើងទាំងអស់គ្នា គឺ​ការពារ​ទឹក​ដី​យើង​ឲ្យបាន​គង់វង្ស និង​ផ្តើមកសាង​ការពារ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ឲ្យបាន​ត្រឹមត្រូវ​ពេញលេញ និង​សម្បូរ​សប្បាយ​ឆាប់រហ័ស​ពិតប្រាកដ​"​។​

​លោក សមរង្ស៊ី បាន​គូសបញ្ជាក់ថា "​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កម្លាំង​ប្រជាធិបតេយ្យ នឹង​ឈ្នះ​អំណាច​ផ្តាច់ការ​ជាពុំខាន នៅពេល​យើង​រួម​គ្នា​ជា​កម្លាំង​នយោបាយ​តែ​មួយ ដើម្បី​ប្រកួត​មួយ​ទល់នឹង​មួយ ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​បច្ចុប្បន្ន​"​។​

​ជា​ចុងក្រោយ លោក​សម​រង្ស៊ី បាន​គូសបញ្ជាក់ថា "​ដើម្បី​សម្រេច​ការងារ​រួបរួម​កម្លាំង​នេះ ប្រកបដោយ​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​បង្កើត​ក្រុមការងារ​មួយ ក្នុង​ពេល​នេះ សម្រាប់​ធ្វើការ​ជាមួយ​គណបក្ស​នយោបាយ និង​ឥស្សរជន​នយោបាយ ដែល​មាន​ឆន្ទៈ​ដូចគ្នា ក្នុងការ​រួបរួម​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់ ដើម្បី​ស្រោចស្រង់​ប្រទេសជាតិ​យើង​ឲ្យបាន​ទាន់​ពេលវេលា​"​។​

​លិខិត​របស់​លោក​សម​រង្ស៊ី ខាងលើនេះ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក​កឹម​សុខា បានប្រកាស​ផ្ទាល់មាត់ អំពាវនាវ​ដោយ​ត្រង់​ទៅកាន់​គណបក្ស​សមរង្ស៊ី ឲ្យ​ងាក​មក​ចរចា ដើម្បី​រួបរួម​ឡើងវិញ រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី​។​

​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​៤​មិថុនា ឆ្នាំ​២០១២ លោក កឹម សុខា បាន​ប្រកាស​ពី​ជំហរ​របស់​គណបក្ស​សិទ្ធិមនុស្ស អំពាវនាវ​ដល់​គណបក្ស​សមរង្ស៊ី ដើម្បី​បើក​ការចរចា​គ្នា ឈាន​ទៅ​បង្រួបបង្រួម​គ្នា​ឡើង​វិញ​។ ការលើកឡើង​របស់​លោក កឹម សុខា យ៉ាង​ដូច្នេះ ដោយ​លោក​សំអាង​លើ​លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃអាទិត្យ ទី​៣​មិថុនា ឆ្នាំ​២០១២ ដែល​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក ទទួលបាន​តំណែង​ជា​មេឃុំ​ចៅ​សង្កាត់​ចំនួន ១៨ ឃុំ​សង្កាត់ និង​សំឡេង​នៅ​ក្រុមប្រឹក្សា​ប្រមាណ ១.០០០ រូប ក្នុងចំណោម ១០៧០ ឃុំ​សង្កាត់ ដែល​គណបក្ស​សិទ្ធិមនុស្ស បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​។​
​    ​
​សូម​រម្លឹកថា លោក កឹម​សុខា និង​លោក​សម​រង្ស៊ី បាន​ចុះហត្ថលេខា និង​ចាប់ដៃ ចងសម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០០៩ គឺ​តែ​ប៉ុន្មាន​ខែ បន្ទាប់ពី​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៤​។ ក៏ប៉ុន្តែ​សម្ព័ន្ធភាព​នោះ បាន​រលាយ​ទៅវិញ នៅ​រយៈពេល​ជាង​មួយ​ឆ្នាំ​ក្រោយមក ដោយសារតែ​ក្រុម​ការងារ​ទាំង​ពីរ​គណ​បក្ស ចរចា​មិនរ៉ូវ​ត្រូវគ្នា​។​

​កាលពី​ព្រលប់​ថ្ងៃទី​៤​មិថុនា ឆ្នាំ​២០១២ លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី ដែល​ស្ថិត​នៅក្នុង​ប្រទេស ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​ឲ្យ​សមាជិ​ក្រុមប្រឹក្សា​ឃុំ​សង្កា​ត់ ដែល​ទើប​ជាប់ឆ្នោត របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស រួបរួមគ្នា ដើម្បី​ធ្វើ​ការសម្រេច​កម្រិត​មូលដ្ឋាន ដូចជា ប្តូរ​មេភូមិ​មួយចំនួន តាម​ឆន្ទៈ​ប្រជាពលរដ្ឋ ការទប់ស្កាត់​ការ​រឹបអូស​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ ការលុបបំបាត់​អំពើពុករលួយ​នៅ​ថ្នាក់មូលដ្ឋាន ការការពារ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ទប់ស្កាត់​អំពើ​អយុត្តិធម៌ ដែល​អ្នកមានអំណាច​មួយ​ចំនួន កំពុង​ប្រព្រឹត្ត​លើ​ប្រជាពលរដ្ឋ​...​។​ល​។​

​យ៉ាងណាក៏ដោយ សម្រាប់​ការឆ្លើយតប​របស់​លោក គង់ គាំ និង​លោក​សម​រង្ស៊ី ដោយផ្ទាល់ និង​ដោយ​ប្រយោល ទៅកាន់​ការអំពាវនាវ​របស់​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លើកឡើងថា “​ទោះបី​គណបក្ស​សមរង្ស៊ី មិន​ឆ្លើយ​ចំ​នឹង​ការអំពាវនាវ​របស់​ខ្ញុំ​ក៏ដោយ តែ​សេចក្តីអំពាវនាវ​ទាំងនោះ បង្ហាញថា ចង់ឲ្យ​មាន​ការរួបរួ​ម​នៅ​ថ្នាក់មូលដ្ឋាន​។ ដូច្នេះ​ហើយ​ការរួបរួម​នៅ​ថ្នាក់​មូលដ្ឋាន គឺ​ខ្ញុំ​បាន​អំពាវនាវ​យូរហើយ តាំងពី​មុន​បោះឆ្នោត​ម្លេះ​។ ខ្ញុំ​ថា បើ​ថ្នាក់​លើ យើង​រួម​មិនទាន់បាន ថ្នាក់​មូលដ្ឋាន​ធ្វើការ​ជាមួយ​គ្នា​សិន​ទៅ​។ ដូច្នេះ​ហើយ​ឥឡូវនេះ យើង​បាន​លទ្ធផល​សន្លឹកឆ្នោត​ប៉ុណ្ណឹង​ហើយ អីចឹង​ការរួបរួម​នៅ​មូលដ្ឋាន​មាន​សារៈសំខាន់​ណាស់ ដើម្បី​ផ្លាស់ប្តូរ​មេភូមិ ដែល​គណបក្សកាន់អំណាច មាន​ដុះ​ស្លែ​យូរហើយ​។ ដូច្នេះ​យើង​នឹង​ឈាន​ទៅ​រួបរួម​នៅ​ថ្នាក់​ជាតិ​ត​ទៅ​ទៀត​”​។​
​    ​
​យ៉ាងណាក៏ដោយ មកដល់​ថ្ងៃ​ទី​៥​មិថុនា ឆ្នាំ​២០១២ លោក កឹម សុខា អះអាងថា លោក​មិន​ទាន់​បាន​ទាក់ទង​ទៅ​កាន់​លោក​សម​រង្ស៊ី ចំពោះ​គម្រោង​រួបរួម​ឡើងវិញ រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅឡើយ​ទេ​។​
​    ​
​ចំពោះ​គោល​ជំហរ​រួបរួម​ឡើងវិញ រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី នៅពេលនេះ ត្រូវបាន​លោក កឹម សុខា លើកឡើងថា “​គឺ​យើង​ចង់​ឲ្យ​រួបរួម​គ្នា ក្រោម​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​យក​គោលការណ៍​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​។ មិនមែន​រួបរួមគ្នា​ក្រោម​បុគ្គល ក្រោម​គណបក្ស​ណាមួយ ឬក៏​ជុំវិញ​បុគ្គល ឬ​ជុំវិញ​គណបក្ស​ណាមួយ​ទេ ហើយក៏​មិន​ដើម្បី​ប្រយោជន៍​បុគ្គល ឬ​បក្ស​ណាមួយ​ទេ​។ គឺ​រួបរួមគ្នា ក្រោម​ប្រយោជន៍​ជាតិ ប្រយោជន៍​ប្រជាពលរដ្ឋ និង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​”​។​
​    ​
​ជា​ការកត់សម្គាល់ ជំហរ​បង្រួបបង្រួមរ​បស់​លោក កឹម សុខា ខាងលើនេះ គឺ​មិន​ខុសគ្នា នឹង​ជំហរ​របស់​គណបក្ស​សិទ្ធិមនុស្ស ក្នុង​ពេល​ចុះ​ហត្ថលេខា​ចងសម្ព័ន្ធភាព ជាមួយ​គណបក្ស​សម​រង្ស៊ី កាលពី​ថ្ងៃ​១៥​មករា ឆ្នាំ​២០០៩ ឡើយ​។ មួយវិញទៀត ជំហរ​នោះ មិន​ចុះសម្រុង​គ្នា​ម្តង​មក​ហើយ​។ ដូច្នេះ ពេលនេះ ការអំពាវនាវ​ទៅ និង​ការអំពាវនាវ​មក រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ប្រហែល​គ្រាន់តែ​ជា​ផែនការ​របស់​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​ជា​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​មួយទៀត សម្រាប់​ឈាន ឆ្ពោះទៅរក​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៣ ប៉ុណ្ណោះ​។​

​ម្យ៉ាងទៀត ជា​ការពិត បើសិនជា​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី មានបំណង​រួបរួមគ្នា​មែន គឺ​មេដឹកនាំ ដែល​តាំងខ្លួន​ជា​អ្នកប្រជាធិបតេយ្យ​ទាំងពីរ​នេះ នឹង​រួបរួមគ្នា តាំងពី​សម័យ​កាល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ឆ្នាំ​២០០៨ មក​ម្លេះ​៕​

0 comments:

Post a Comment