គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម គាំទ្រចំពោះលទ្ធផលការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣
ថ្ងៃទី 5 មិថុនា 2012, ម៉ោង 04:24:PM
|ដោយ: រតនា/ CEN
ភ្នំពេញ: គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រចំពោះលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ កន្លងមក។ នេះបើយោងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ដែលមានអង្គការ សមាគមចំនួន៧ ជាសមាជិក។
សេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី៥មិថុនា ឆ្នាំ២០១២ លោក គឹម វណ្ណឆេង ប្រធានគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង នូវលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ឆ្នាំ២០១២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ និងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រលទ្ធផលជាផ្លូវការ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ ជ ប ) ប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣នេះ ចូលកាន់តំណែងជំនួសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី២កន្លងមក។
លោក គឹម វណ្ណឆេង បានបញ្ជាក់ថា “សមាគមក៏សូមបដិសេធ និងប្រឆាំងដាច់អហង្ការរាល់ការប៉ុនប៉ងណាមួយ ពីគណបក្សចាញ់ឆ្នោត ដែលមានបំណងបំផ្លាញនិងរារាំងមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៣ មិថុនា ឆ្នាំ២០១២ ជាដាច់ខាត”។ ហើយយោងតាមរបាយការណ៍របស់អ្នកសង្កេតការណ៍ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនបានអោយដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ប្រព្រឹត្តទៅដោយសេរី សុក្រឹត្យ និងយុត្តិធម៌ ពិតប្រាកដ អាចទទួកយយកបាន។
ប្រធានគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម បានឲ្យដឹងទៀតថា គ្រប់គណបក្សនយោបាយ មានសុវត្ថិភាពគ្រប់គ្រាន់ និងមានការគោរពតាមនីតិវិធីត្រឹមត្រូវ បានល្អប្រសើរជាងអាណត្តិមុនៗ ព្រោះគណបក្សនយោបាយនីមួយៗ មានភាពចាស់ទុំផ្នែកនយោបាយ ការឃោសនារកសំឡេងឆ្នោត នាអាណត្តិនេះ អាចទទួលបានយ៉ាងពេញលេញ។ ហើយប្រជាពលរដ្ឋអ្នកបោះឆ្នោតត្រូវបានចូលរួមបោះឆ្នោតដោយសេរី តាមឆន្ទៈ គ្មានការរារាំង រើសអើង ប្រកាន់និន្នាការនយោបាយ គ្មានការបង្កស្មុគស្មាញឡើយ អោយតែគាត់មានឯកសារ ឬលិខិតបទដ្ឋានគ្រប់គ្រាន់តាមតម្រូវការនៃច្បាប់បោះឆ្នោត។ មន្ត្រី ឬបុគ្គលិក នៃគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ សង្កាត់ នៅអាណ្ណត្តិនេះ មានសមត្ថភាពគ្រប់គ្រាន់ ដោយពួកគាត់យល់ច្បាស់រាល់នីតិវិធី អាចជួយសម្របសម្រួលដល់អ្នកបោះឆ្នោតបានល្អ មិនមានបញ្ហារាំងស្ទះ ឬការរំខានអ្វី ដល់អ្នកបោះឆ្នោតឡើយ។
លោក គឹម វណ្ណឆេង បានលើកឡើងថា ចំពោះភាពអវិជ្ជាមានមួយចំនួន ដែលកើតឡើង គឺជៀសមិនផុតជាធម្មតា តែងតែមានបន្តិចបន្តួច ដូចជា អ្នកបោះឆ្នោតមួយចំនួននមិនបានទទួលប័ណ្ណព័ត៌មាន មានការពិបាករកឈ្មោះ និងមានភាពយឺតយ៉ាវ ក្នុងការផ្ទៀងផ្ទាត់ បញ្ជីចុះឈ្មោះបោះឆ្នោត។
អ្នកបោះឆ្នោតខ្លះ បានធ្វើអោយបាត់លិខិត ឬឯកសារ ឬភ្លេចយកមកតាម នៅពេលមន្ត្រីរៀបចំការបោះឆ្នោតប្រចាំការិយាល័យណែនាំអោយគាត់ទៅយក អ្នកខ្លះមិនត្រឡប់មកវិញទេ។
លោក គឹម វណ្ណឆេង បានបន្ថែមថា តាមការពិនិត្យប៉ុន្មានថ្ងៃក្រោយថ្ងៃបោះឆ្នោត គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម បានសង្កេតឃើញមតិរបស់អ្នកចាញ់ឆ្នោតមួយចំនួន តែងតែរកលេសប្រតិកម្មលើលទ្ធផល នៃការបោះឆ្នោតជាដរាប។
សូមជម្រាបថា យោងតាមលទ្ធបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈឃុំសង្កាត់ ទាំង ២៤ រាជធានី ខេត្ត ចំនួន ៨.២៨៣ អាសនៈ គណបក្ស សម រង្ស៊ី ទទួលបានអាសនៈចំនួន ២.១៥៥ អាសនៈ គណបក្សសិទ្ធិមនុស្ស ទទួលបានចំនួន ៨០០ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ១៦០ អាសនៈ និងគណបក្សនរោត្តម រណឫទ្ធិ ទទួលបានចំនួន ៥៣ អាសនៈ៕
0 comments:
Post a Comment