ដោយ អ៊ួន ឈិន
2012-06-24
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាថ្លែងថា ការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាការបញ្ចប់នូវបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយវានឹងនាំមកនូវភាពសុខសាន្ត និងការអភិវឌ្ឍន៍នៅតាមបណ្ដោយព្រំដែន។
![]() |
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម
លោក ង្វៀន តាន់យ៉ុង
ក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣១៤
នៅខេត្តកំពត
នៅថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១២។
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣១៤ នៅឃុំព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី ២៤ ខែមិថុនាថា បញ្ហាព្រំដែនជាចំណុចរសើប ដែលងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយ ហើយដែលធ្វើឲ្យភាពសុខសាន្ត និងការអភិវឌ្ឍន៍នៅតាមព្រំដែនមិនអាចកើតមានឡើង។
លោកនាយករដ្ឋមន្ត្រីថ្លែងដូច្នេះ ខណៈដែលលោក និងនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោក ង្វៀន តាន់យ៉ុង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបង្គោលព្រំដែន ដែលមានការចូលរួមដោយមន្ត្រីរដ្ឋាភិបាល សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១ ពាន់នាក់ មកពីខេត្តកំពត និងខេត្តគៀនយ៉ាងនៃប្រទេសវៀតណាមផង។
នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោក ង្វៀន តាន់ យ៉ុង ក៏បានថ្លែងសុន្ទរកថាស្ដីអំពីសារសំខាន់នៃការបោះបង្គោលកំណត់ព្រំដែនរវាងប្រទេសទាំងពីរដែរ។
ទោះយ៉ាងណាក្ដី ប្រធានគណបក្សសិទ្ធិមនុស្ស ជាគណបក្សប្រឆាំងមួយ ដែលកំពុងតែកើនប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា លោក កឹម សុខា មិនគាំទ្រចំពោះការបោះបង្គោលព្រំដែនជាលក្ខណទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនេះឡើយ។
បង្គោលព្រំដែនលេខ ៣១៤ គ្រាន់តែជាបង្គោលចុងក្រោយនៃការចែកខណ្ឌសីមាដែនគោករវាងប្រទេសកម្ពុជា និងវៀតណាមប៉ុណ្ណោះ។ ប្រទេសទាំងពីរនៅបន្តការកំណត់ព្រំដែនទឹកជាមួយគ្នាតទៅទៀត ដែលមិនទាន់បញ្ចប់នៅឡើយទេ។
ពិធីសម្ពោធបង្គោលព្រំដែនលេខ ៣១៤ គឺធ្វើឡើងចំពេលនៃខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
មុនពេលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញមកដល់ សិល្បករសិល្បការិនីនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម បានសម្ដែងរបាំប្រជាប្រិយ និងរបាំប្រពៃណីរបស់ជាតិរៀងៗ ខ្លួន។ ដោយឡែក សិល្បករសិល្បការិនីនៃប្រទេសវៀតណាម បានសម្ដែងរបាំរបស់ខ្លួនមួយប្រភេទ ដែលពួកសិល្បកររាំដោយកាន់ដើមឫស្សីផង៕
0 comments:
Post a Comment