Monday, June 25, 2012

លោក ហ៊ុន តូ នៅ​តែ​មិន​ទាន់​ប្តឹង​កាសែត​អូស្ត្រាលី


លោក ហ៊ុន​ តូ ក្នុង​សន្និ​សីទ​កាសែត​នៅ​ព្រ​លានយន្ត​ហោះភ្នំពេញ​ ​​។ រូប វីរៈ
25 June 2012 
ឆាយ ច័ន្ទនីដា
The Phnom Penh Post

ភ្នំពេញៈ គម្រោង​ប្តឹង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ពី​សំណាក់​កាសែត​អូស្ត្រាលី​មួយ នៅ​តែ​មិន​ទាន់​ច្បាស់​លាស់សម្រាប់​លោក​ឧកញ៉ា ហ៊ុន តូ ដូច​ដែល​ធ្លាប់​បានអះ​អាង​ប្រាប់​កាសែត​ក្នុង​ស្រុក ទោះ​ជា​បាន​ទៅ​ដល់​អូស្ត្រាលី និង​វិល​មក​កាន់​ប្រទេស​កំណើត​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​យ៉ាង​ណា​ក៏​ដោយ។

លោក ហ៊ុន តូ ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​បង្កើត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​របស់​អូស្ត្រាលី​ឈ្មោះ The Age បាន​សរសេរ​លាត​ត្រដាង​ពី​ខែ​មីនា​ថា មាន​ពាក់​ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋ​ជន​រកស៊ី​ជួញ​ដូរ​គ្រឿង​ញៀន​ហេរ៉ូអ៊ីន និង​លាង​លុយ​កខ្វក់ ខណៈ​ដែល​នគរ​បាល​ជាតិ​អូស្តា្រលី មាន​បំណង​ចាប់​ខ្លួន​លោក ក្នុង​ទី​ក្រុង​មែល​ប៊ន។ ប៉ុន្តែ​គម្រោង​នេះ ត្រូវ​អាក់​ខាន ព្រោះ​តែ​ខាង​ស្ថាន​ទូត​អូស្ត្រាលី​នៅ​ភ្នំពេញ បដិសេធ​មិន​ផ្តល់​ទិដ្ឋា​ការ ដោយ​អះ​អាង​ថា ជា​ការ​«ចៀស​វាង​ឧប្បតិ្ត​ហេតុ​ខាង​ការ​ទូត»។ប៉ុន្តែ មន្ត្រី​រដ្នាភិបាលកម្ពុជា​បាន​ចេញ​មុខ​បក​ស្រាយ​ជំនួស​លោក ហ៊ុន តូពេល​ដែល​សេដ្ឋី​វ័យ​ក្មេង​រូប​នេះ ទើប​វិល​ត្រឡប់​ដោយ​សុវត្ថិ​ភាព​ពី​ប្រទេស​អូស្ត្រាលី កន្លែង​ដែល​កា​សែត The Age ចោទ​ថា អាជ្ញាធរ​ប្រទេស​នេះ មាន​បំណង​ចាប់​ខ្លួន​លោក ហ៊ុន តូ នោះ។

នៅ​ក្នុង​ដៃ​មាន​បង្ហាញ​លិខិត​ឆ្លង​ដែន​លោក ហ៊ុន តូ មាន​ទិដ្ឋាការ​ចេញ​ចូល​ទៅ​ប្រទេស​អូស្ត្រាលី លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​ចេញ​មុខ​ជា​លក្ខណៈ​ឯក​ជន នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ពេល​ទទួល​លោក ហ៊ុន តូ និង​ក្រុម​គ្រួសារ​វិល​មក​កម្ពុជា​វិញ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា គម្រោង​ប្តឹង​ប្រឆាំង​នឹង​កា​សែត ស្ថិត​ក្នុង «ការ​ពិចារ​ណា»នៅ​ឡើយ ទោះ​លោក​ឧកញ៉ា ហ៊ុន តូ បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​រយៈ​ពេល​បី​សប្តាហ៍​ក្តី និង​បាន​ជួប​រាយ​ការណ៍​ជាមួយ​អាជ្ញាធរ​នគរ​បាល​ប្រទេស​អូស្ត្រាលី និង​មាន​មេធាវី​ពីរ​រូប គឺ​មួយ​រូប​មេធាវី​ក្នុង​ស្រុក និង​មួយ​រូប​ទៀត​ជា​មេធាវី​នៅ​ប្រទេស​អូស្ត្រាលី​ក្តី។
លោក ផៃ ស៊ី​ផាន និយាយ​ថា ការ​ចេញ​បក​ស្រាយ​សាធារណៈ គឺ​ដើម្បី​ស្តារ​នូវ​កេរ្តិ៍​ឈ្មោះ​របស់​បុគ្គល​ឯក​ជន គឺ​លោក ហ៊ុន តូ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​កាសែត​មួយ​នេះ​សរសេរ​ភ្ជាប់​ឈ្មោះ​លោក។

លោក​បន្ត​ថា៖ «ការ​វាយ​ប្រហារ​របស់​កាសែត​នេះ គឺ​គេ​មាន​បំណង​វាយ​ប្រហារ​លើ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន និង​ធ្វើ​ឲ្យ​បាត់់​កិត្តិ​យស​កម្ពុជា។ ដូច្នេះ ភារកិច្ច​ខ្ញុំ​ត្រូវ​តែ​ការពារ»។
លោក ហ៊ុន តូ ដែល​ត្រឹម​អង្គុយ​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្ត​ហោះ​ក្នុង​បន្ទប់ VIP បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដល់​អ្នក​សារ​ព័ត៌មាន ដូច​ដែល​រំពឹង​ទុក​ឡើយ ហើយ​លោក​ថ្លែង​ថា លោក​បាន​ប្រគល់​ភារកិច្ច​ដល់​លោក ផៃ ស៊ីផាន ជា​អ្នក​បក​ស្រាយ​ជំនួស។

ដោយ​មិន​ប្រាប់​ឲ្យ​ពិត​ប្រាកដ​ពី​មុខ​របរ​របស់​លោក ហ៊ុន តូ លោក ផៃ ស៊ីផាន​បញ្ជាក់​ថា លោក ហ៊ុន តូ មាន​ជំនួញ​ក្នុង​និង​ក្រៅ​ស្រុក ហើយ​មិន​មាន​តួនាទី​អ្វី​ឡើយ​ក្នុង​រាជ​រដ្ឋាភិបាល តែ​គ្រាន់​តែ​មាន​សកម្មភាព​ខ្លះ​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។

ទោះ​បដិសេធ​មិន​បក​ស្រាយ​នៅ​មុខ​អ្នក​សារ​ព័ត៌មាន​ក្តី លោក ហ៊ុន តូ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​ការ​សម្ភាស​តាម​ទូរស័ព្ទ​ពីរ​ដង គឺ​ចុង​ក្រោយ​នៅ​ថ្ងៃ​ចន្ទទី១៨ មិថុនា នៅ​ពេល​ដែល​លោក​កំពុង​ស្នាក់​នៅ​អូស្ត្រាលី​ថា ចំណុច​សំខាន់​ចំពោះ​មុខ​គឺ​«ការ​សរសេរ​បំភ្លឺ» របស់​កាសែត មួយ​នេះ ដើម្បី​ស្តារ​កិត្តិ​យស​លោក​វិញ។

លោក​ឧកញ៉ា ហ៊ុន តូ បាន​ថ្លែង​ប្រាប់​ថា ៖ «ខ្ញុំ​បាន​រាយ​ការណ៍​ផង​ដែរ​ទៅ​ប៉ូលិស​អូស្ត្រាលី​ថា កា​សែត​នេះ​បាន​សរសេរ បង្ខូច​ឈ្មោះ​ខ្ញុំ​ មិន​ល្អ​ទេ។ អ្នក​ឯង​ត្រូវ​តែ​ធ្វើអ្វី​មួយ ដើម្បី​លាង​ឈ្មោះ​ខ្ញុំ។ ប្តឹង​ឬ​មិន​ប្តឹង​ជា​សិទ្ធិ​របស់​ខ្ញុំ។ បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​ប្រហែល​ជា​ត្រូវ​គេ​ចាប់​នៅ​អូស្ត្រាលី ហើយ»។

មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​រាជ​ធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា មិន​អាច​សុំការ​បំភ្លឺ​ទាក់​ទិន​ករណី​នេះ​បាន​ទេ៕

0 comments:

Post a Comment