(បទពាក្យប្រាំពីរ)
-ព្រលឹមព្រលប់យប់ស្ងប់ស្ងាត់ ខំប្រឹងឆ្វែលឆ្វាត់ស្កាត់រកដំណឹង
ផ្សព្វផ្សាយហេតុការណ៍ឲ្យគេដឹង ជួនត្រូវគេខឹងញ៉ឹងសង្ខារ ។
-ទោះជួបភ្លៀងផ្គរញ័រធរណី តក់ស្លុតជីវីព្រួយវាសនា
នៅតែពុះពារដោយហានក្លា ដើម្បីខេមរាសាសនារដ្ឋ ។
-ជួនគេគំរាមឆក់ជីវិត ចងរឹតដេរភ្ជិបបូរមាត់
មិនឲ្យចុះផ្សាយរឿងធ្លោយភ្លាត់ អាស្រូវមុខមាត់របស់គេ ។
-គេនឹងរីករាយពេលផ្សាយល្អ ដំណឹងបវរកាន់ជើងមេ
បើហ៊ានរិះគន់គេនឹងជេរ មិនឲ្យសុខទេទ្វេទុក្ខា ។
-អាជីពគ្រាន់តែជួយសង្គម គេគុំបំផ្លាញឲ្យខ្លោចផ្សា
គេវាយគេប្តឹងតុលាការ គេថាអាចម៍អីកាសែតហ្នឹង? ។
-ឱះឱជីវិតអ្នកកាសែត ផ្សាយហេតុទាំងចិត្តភ័យស្លុតស្លឹង
សរសើរគេអរបង្អាប់គេខឹង ចោទថាដំណឹងដឹងក្លែងក្លាយ ។
-ជីវិតក្នុងភាពភ័យខ្លាច រស់គ្មានអំណាចការពារកាយ
គេកៀបគេរឹតឲ្យអន្តរាយ គេឆ្នឹះកម្ចាយឲ្យវេទនា ។
-នេះឬជីវិតអ្នកកាសែត? រស់មួយចម្អែតបែរជាប់ពៀរ
តាមប៉ងដោយមនុស្សមានចិត្តមារ ផ្តន្ទាឲ្យរស់ស្ទើរដូចស្លាប់ ។
-គិតទៅជីវិតអ្នកកាសែត ប្រៀបបាននឹងប្រែតជាប់តង្កាប់
ត្រូវគេធ្វើទោសស្រុះចាក់កាប់ ចងចាប់ដោយប្ញទ្ធីចេស្តា ។
-តើថ្ងៃណាទៅទើបប្រពៃ? រស់គ្មានព្រួយភ័យរឿងសង្ខារ
ស្រណុកសុខស្រួលជុំគ្រួសារ ឱរាធូរស្បើយល្ហើយអារម្មណ៍ ។
(ដោយ ពៅ សុខ)
0 comments:
Post a Comment