ដោយ អ៊ួន ឈិន
2012-06-11
អ្នកបឹងកក់ និងអ្នកបុរីកីឡាប្រមាណជាង ១០០នាក់ បានតវ៉ា និងដាក់ញត្តិជូនស្ថាប័នព្រះបរមរាជវាំង ជាថ្មីទៀត កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ដោយពួកគាត់ស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យមានការការដោះលែងអ្នកបឹងកក់ ១៥នាក់ពីពន្ធនាគារ។
![]() |
អ្នកបឹងកក់ និងអ្នកបុរីកីឡា តវ៉ានៅខាងមុខព្រះបរមរាជវាំង
កាលពីថ្ងៃទី១១ ខែមិថុនា
ឆ្នាំ២០១២។RFA/Uon Chhin
|
ក្រោយពីបានចូលយកញត្តិទៅដាក់ជូនស្ថាប័នព្រះបរមរាជវាំងនៅព្រឹកថ្ងៃទី១១ ខែមិថុនា តំណាងអ្នកបឹងកក់ លោកស្រី យ៉ម បុប្ផា ថ្លែងថា មន្ត្រីព្រះបរមរាជវាំងបានទទួលយកញត្តិពីពួកគាត់ និងបានចុះហត្ថលេខាលើញត្តិនោះ ហើយបានសន្យាថា នឹងចាត់ការបន្តក្នុងពេលឆាប់ៗដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជុំវិញបញ្ហានេះ។
ក្រុមប្រជាពលរដ្ឋបានធ្វើដំណើរចាកចេញពីមុខព្រះបរមរាជវាំង ហើយទៅតវ៉ានៅមុខក្រសួងយុត្តិធម៌ជាថ្មីទៀត។ តំណាងរបស់ពួកគាត់បានចូលទៅសាកសួរមន្ត្រីក្រសួងយុត្តិធម៌អំពីករណីឃុំខ្លួនអ្នកបឹងកក់ទាំង ១៥នាក់។ មន្ត្រីក្រសួងយុត្តិធម៌ក៏បានសន្យាថា នឹងផ្ដល់ដំណឹងដល់ពួកគាត់ក្នុងពេលឆាប់នេះដែរ។
នេះគឺជាលើកទី២ហើយដែលអ្នកបឹងកក់ និងបុរីកីឡាបានដាក់ញត្តិថ្វាយព្រះមហាក្សត្រ ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បន្ទាប់ពីពួកគាត់បានដាក់ញត្តិថ្វាយព្រះអង្គម្ដងរួចមកហើយ កាលពីថ្ងៃទី៥ ខែមិថុនា ប៉ុន្តែពេលនោះ ញត្តិរបស់ពួកគាត់មិនត្រូវបានមន្ត្រីព្រះបរមរាជវាំងចេញមកទទួលយកឡើយ។
ស្ត្រីអ្នកបឹងកក់ ១៣នាក់ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗពី ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ពីបទរំលោភកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ។ រីឯអ្នកបឹងកក់ពីរនាក់ទៀតត្រូវបានចាប់ខ្លួននៅមុខតុលាការក្រុងភ្នំពេញ ខណៈដែលពួកគាត់កំពុងរៀបចំឯកសារធ្វើសក្ខីកម្មឲ្យស្ត្រីអ្នកបឹងកក់ទាំង ១៣នាក់ ហើយក៏ត្រូវគេបញ្ជូនទៅពន្ធនាគារព្រៃសដែរ នៅថ្ងៃដដែលនោះ។
ស្ត្រី ៤នាក់ក្នុងចំណោមអ្នកបឹងកក់ដែលកំពុងជាប់ឃុំទាំង ១៥នាក់ បានចាប់ផ្ដើមធ្វើកូដកម្មបង្អត់អាហារពីថ្ងៃទី៩ ខែមិថុនា៕




0 comments:
Post a Comment