Cambodia and the US to continue debt negotiations
កម្ពុជា និងអាមេរិក បន្តចរចា ដើម្បីដោះស្រាយបញ្ហាបំណុល
ថ្ងៃទី 22 មិថុនា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ភ្នំពេញ: រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១២មិថុនា ឆ្នាំ២០១២ បានបន្តលើកឡើងបញ្ហាបំណុល ដែលកម្ពុជាបានជំពាក់អាមេរិក ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ កម្ពុជានៅតែរក្សាជំហរចង់ឲ្យអាមេរិកបង្វែរប្រាក់បំណុលនោះទៅជាជំនួយសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា។
ក្នុងសន្និសីទកាសែត ពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន វិលត្រឡប់មកពីកិច្ចប្រជុំកំពូល G20 កាលពីយប់ថ្ងៃទី២១មិថុនា ឆ្នាំ២០១២ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស បានមានប្រសាសន៍ថា "ដោយសារកន្លងមក ការដោះស្រាយបំណុលរបស់កម្ពុជា ចំពោះអាមេរិកនេះ មានការចរចាគ្នាជាច្រើនដងហើយ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ជាមួយសហរដ្ឋអាមេរិក។ ខ្ញុំបានស្នើទៅលោកស្រី ហ៊ីលឡារី គ្លីនតុន ថា ធ្វើយ៉ាងណាបន្តការចរចាទៀត រហូតដល់ការដោះស្រាយបញ្ហាបានជាស្ថាពរ ហើយកន្លងមកកម្ពុជាបានសំណូមពរ ឲ្យធ្វើយ៉ាងណាគិតអំពីការប្រាក់ តាំងពីបំណុលដើម អំពីបញ្ហានេះ។
ទី១ គិតអំពីការប្រាក់។
ទី២ គិតអំពីរយៈពេលសង នៃបំណុលនេះ និង
ទី៣ ធ្វើយ៉ាងណាប្រែក្លាយបំណុលនេះទៅជាជំនួយដល់កម្ពុជា។ ប៉ុន្មានភាគរយ ជាជំនួយដល់កម្ពុជា និងប៉ុន្មានភាគរយដែលកម្ពុជានឹងត្រូវសង។
ប៉ុន្តែនៅមិនទាន់មានការយល់ព្រមពីអាមេរិកទេ តែសំខាន់គឺយើងខំបន្តការចរចាដើម្បីរកដំណោះស្រាយ"។
ក្នុងកិច្ចប្រជុំរវាងមន្ត្រីការទូតកម្ពុជានិងអាមេរិក ក្នុងពេលកន្លងមក ក៏តែងតែលើកឡើងពីបញ្ហាកម្ពុជាជំពាក់បំណុលសហរដ្ឋអាមេរិក ដែលមានចំនួនជាង ៣០០ លានដុល្លារ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ សម័យសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់។
តាមរបាយការណ៍ កម្ពុជាបានជំពាក់បរទេសប្រមាណជាង ៦.០០០ លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជាជំពាក់ចិនជាង ២.០០០ លានដុល្លារសហព័ន្ធរុស្ស៊ីជាង ១.៨០០ លានដុល្លារអាមេរិក និងអាមេរិកជាង ៣០០ លាន ដុល្លារអាមេរិក៕





0 comments:
Post a Comment