Friday, July 20, 2012

អ្នក​វិភាគ៖ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ក្រ


ដោយ ទេព សុរ៉ាវី
2012-07-20
ក្នុង​គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​កម្ពុជា តាម​រូបភាព​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​វិនិយោគ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា កំពុង​អនុវត្ត​ផ្ទុយ​ពី​ទិសដៅ។
ស្ត្រី​អ្នក​ភូមិ​ក្រឡាញ់ ក្នុង​ស្រុក​ក្រគរ ឈ្មោះ ឈីក វឿន ច្បូត​
ស្លឹក​រំចេក​ដើម្បី​ត្បាញ​ធ្វើ​កន្ទេល។ 

នៅ​ក្រោយ​មាន​គោល​នយោបាយ​នេះ គេ​ពិនិត្យ​ឃើញ​មាន​ពលរដ្ឋ​ភាគ​ច្រើន ដែល​រស់នៅ​ក្នុង​តំបន់​អភិវឌ្ឍ​កំពុង​ប្រឈម​នឹង​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង បើ​ធៀប​មុន​ពេល​ក្រុមហ៊ុន​ចូល​ទៅ​អភិវឌ្ឍ ដោយ​ពួក​គេ​បាត់បង់​ទាំង​ដីធ្លី​ធ្លាប់​ជា​កម្មសិទ្ធិ បាត់បង់​ផ្ទះ​សម្បែង បាត់បង់​មុខ​របរ​ប្រចាំ​ថ្ងៃ និង​មាន​យុវជន​ពេញ​កម្លាំង​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក ទៅ​រក​ការងារ​នៅ​តំបន់​ផ្សេង។ អ្នក​វិភាគ​សង្គម​ថា ការ​អភិវឌ្ឍ​មិន​ចំ​ទិសដៅ​នេះ អាច​ធ្វើ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​រវាង​អ្នក​មាន និង​អ្នក​ក្រ និង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ប្រទេស​មាន​ការ​យឺតយ៉ាវ។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​ថា ការ​អភិវឌ្ឍ​ប្រទេស​ដោយ​រដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ជាង ២លាន​ហិកតារ (២,២៧៦,៣៤៦​ហិកតារ) ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ មិន​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​អ្នក​ភូមិ​ក្នុង​តំបន់​អភិវឌ្ឍ​នោះ​ទេ។
អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត ឲ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ភាគ​ច្រើន​ទទួល​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋ​ប្រគល់​ឲ្យ​ក្រុមហ៊ុន។
លោក អំ សំអាត បន្ត​ថា អ្នក​ភូមិ​ដែល​ធ្លាប់​មាន​ដី​ជា​កម្មសិទ្ធិ បែរ​ជា​បាត់បង់​ដីធ្លី ដោយ​ក្រុមហ៊ុន​ទន្ទ្រាន​យក បាត់បង់​មុខ​របរ​នេសាទ បោច​វល្លិ និង​អនុផល​ព្រៃឈើ ដែល​មាន​ពី​ដូនតា បាត់បង់​តំបន់​អារក្ស​តាម​អប្បិយជំនឿ​ជនជាតិ​ភាគ​តិច ជាពិសេស​តំបន់​ខ្លះ​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដើម្បី​យក​ដី​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​រយៈពេល​វែង៖ «ផល​ប៉ះពាល់​ទាំង​អស់​នេះ គឺ​ដោយ​សារ​តែ​គាត់​មាន​ការ​បាត់បង់​ដីធ្លី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ហ្នឹង ប្រជាពលរដ្ឋ​មួយ​ចំនួន​គឺ​បង្ខំ​ចិត្ត​ឲ្យ​កូនចៅ​ហ្នឹង បញ្ឈប់​ការ​សិក្សា ចំណាក​ស្រុក​ពី​កន្លែង​គាត់​ឲ្យ​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង។ គោលការណ៍​អភិវឌ្ឍ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​នេះ បច្ចុប្បន្ន​ភាព គឺ​មាន​ការ​ផ្ទុយ​គ្នា​យ៉ាង​ស្រឡះ»
នៅ​ប្រទេស​កម្ពុជា បញ្ហា​ទំនាស់​ដីធ្លី​នៅ​តែ​ជា​រឿង​ក្តៅ​គគុក។ ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មាន​ទំនាស់​ដីធ្លី រួម​មាន​អ្នក​ភូមិ​បឹង​កក់​នៅ​រាជធានី​ភ្នំពេញ អ្នក​ភូមិ​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ ស្រុក​គីរីសាគរ នៅ​ខេត្តកោះកុង នៅ​អមលាំង ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​តែ​បន្ត​ទាមទារ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ដដែល តាម​រូបភាព​ធ្វើ​កូដកម្ម បាតុកម្ម​បិទ​ផ្លូវ​ជាតិ ដង្ហែ​ជា​ក្បួន​ទាមទារ​នៅ​មុខ​ស្ថានទូត ផ្ទះ​នាយក​រដ្ឋមន្ត្រី នៅ​មុខ​តុលាការ​ជាដើម។ សកម្មភាព​របៀប​នេះ តែង​តែ​មាន​ការ​ចោទ​ប្រកាន់ និង​មាន​ការ​ចាប់​តំណាង​អ្នក​ភូមិ ឃុំ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់។
លោក អំ សំអាត បន្ត​ថា មូលហេតុ​ដែល​ផ្ទុះ​ការ​ទាមទារ​នេះ ដោយ​សារ​តែ​កំហុស​ពី​ដំបូង​របស់​រដ្ឋាភិបាល មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់ ឬ​ពិគ្រោះ​យោបល់​ពី​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ជាមុន​សិន មុន​នឹង​សម្រេច​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន៖ «ប្រទេស​កម្ពុជា​យើង គឺ​អត់​មាន​ទេ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​អត់​ដឹង​ទេ នៅ​ពេល​ដែល​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​បាន​គាត់​ដឹង​ថា​ក្រុមហ៊ុន​ទៅ​រំលោភ​យក​ដី​គាត់ ហើយ​ពេល​ឈូស​ឆាយ​ហើយ ធ្វើ​ការ​ដោះស្រាយ​ជា​ក្រោយ​ជាមួយ​ប្រជាពលរដ្ឋ។ អញ្ចឹង ការ​ដោះស្រាយ​របៀប​នេះ​ជា​ការ​ដោះស្រាយ​មួយ​ដោយ​ការ​គំរាម​ផង ដោយ​បង្ខំ​ផង»
អ្នក​វិភាគ​ឯករាជ្យ​ខាង​ជំនាញ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​នៅ​កម្ពុជា លោក អ៊ូច ឡេង ឲ្យ​ដឹង​ថា ជា​គោលការណ៍ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​តាម​ជនបទ និង​ឲ្យ​ប្រជាជន​មាន​ជីវភាព​ធូរធារ។ ប៉ុន្តែ​ជាក់ស្តែង ពេល​ដែល​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​ហើយ​នោះ មិន​បាន​អនុវត្ត​តាម​ផែនការ​មេ ឬ​កិច្ច​សន្យា​ជាមួយ​រដ្ឋាភិបាល​នោះ​ឡើយ ដោយ​បាន​យក​សិទ្ធិ​របស់​ខ្លួន ទៅ​គំរាម​កំហែង និង​បន្លាច​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ពួក​គាត់​ភ័យខ្លាច​ពាក្យ​ថា "អភិវឌ្ឍន៍" ព្រោះ​ការ​អភិវឌ្ឍ​ពេល​នេះ គឺ​មាន​ន័យ​ថា ធ្វើ​ឲ្យ​ជីវភាព​ពួក​គាត់​ក្រ​ទៅៗ៖ «ក្រុមហ៊ុន​ទាំង​នោះ​មិន​បាន​ផ្តល់​ការ​រីកចម្រើន មិន​មែន​ការ​អភិវឌ្ឍ​អ្វី​ដល់​ជីវភាព​រស់នៅ​ប្រជាជន​ទេ ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី ម្ចាស់​ព្រៃ​ភ្នំ ម្ចាស់​សមុទ្រ ក្លាយ​ជា​ខ្ញុំកញ្ជះ​របស់​ក្រុមហ៊ុន​ទៅ​វិញ»
កន្លង​មក​រដ្ឋាភិបាល​កម្ពុជា បាន​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ជាង ៥០​ក្រុមហ៊ុន ដែល​ធ្លាប់​ផ្តល់​ឲ្យ​វិនិយោគ​ជា​ទ្រង់ទ្រាយ​តូច និង​ធំ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នោះ​មិន​គោរព​កិច្ច​សន្យា​វិនិយោគ​ជាមួយ​រដ្ឋាភិបាល។ របាយការណ៍​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) រាប់​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ​ចំនួន ១.៤៣៨​នាក់ ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ក្នុង​ចំណោម​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៧៦២​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​២៩៧​នាក់ បាន​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ចំណែក ៦៧៦​នាក់ បាន​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​ក្នុង​ទំនាស់​ដីធ្លី។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ដែល​សិក្សា​ពី​ស្ថានភាព​ជីវភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ក្រ។ ដោយ​លោក​ពន្យល់​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម ហើយ​ក្រុមហ៊ុន​បាន​វាត​យក​ដី ដោយ​សម្អាង​តែ​ការ​អភិវឌ្ឍ ដែល​នេះ​មាន​ន័យ​ថា ជា​ការ​ដក​ហូត​ឆ្នាំង​បាយ​របស់​ពួក​គាត់ ជា​ជាង​ការ​ជំរុញ​ឲ្យ​អ្នក​ភូមិ​មាន​ជីវភាព​ធូរធារ តាម​គោលការណ៍​រដ្ឋាភិបាល។
ម្យ៉ាង​វិញ​ទៀត លោក កែម ឡី បាន​សិក្សា​រក​ឃើញ​ថា មាន​មូលហេតុ​សំខាន់​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ក្រ គឺ​ការ​ផ្តល់​ប្រាក់​ឥណទាន​ដោយ​គ្មាន​លក្ខខណ្ឌ​ត្រឹមត្រូវ៖«ប្រហែល​ជា​៥០%​ជាង​ហើយ ដែល​ប្រជាជន​ជំពាក់​បំណុល​គេ ហើយ​ជំពាក់​ហ្នឹង​ប្រហែល​ជា ៥០០​ទៅ​៩០០​ដុល្លារ​ទៀត នៅ​ក្នុង​មួយ​បំណុលៗ។ គាត់​មិន​មែន​ជំពាក់​តែ​មួយ​កន្លែង​ទៅ​ទៀត គឺ​២៧% ដែល​ខ្ញុំ​ធ្វើ​ការ​សិក្សា​ហ្នឹង គឺ​ជំពាក់​២កន្លែង ៥%​គឺ​ជំពាក់​៣កន្លែង»
លោក កែម ឡី បញ្ជាក់​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចំនួន​២២៥ លើ​ផ្ទៃដី​ជាង​២លាន​ហិកតារ​កន្លង​ទៅ​របស់​រដ្ឋាភិបាល មិន​អាច​ជួយ​សេដ្ឋកិច្ច​គ្រួសារ​បាន​ទេ តែ​វា​អាច​ជួយ​ដល់​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ទៅ​វិញ។
លោក ផល វណ្ណៈ ជា​ជន​រងគ្រោះ​នៃ​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋ ឲ្យ​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន វិនិយោគ​ដាំ​ដំណាំ​អំពៅ​នៅ​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា មុន​ពេល​ដែល​ក្រុមហ៊ុន​មិន​ទាន់​វិនិយោគ​នៅ​តំបន់​នោះ អ្នក​ភូមិ​មាន​ដី​ស្រែ​ចម្ការ​ផ្ទាល់​ខ្លួន​សម្រាប់​ធ្វើ និង​អាច​ចិញ្ចឹម​គ្រួសារ​របស់​ពួក​គាត់​បាន។ តែ​បន្ទាប់​ពី​ក្រុមហ៊ុន​វិនិយោគ កាល​ពី​ឆ្នាំ​២០១០ អ្នក​ភូមិ​បាត់បង់​ដីធ្លី និង​ខ្លះ​ត្រូវ​ទៅ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន នៅ​លើ​ដី​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ខ្លួន៖ «ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ កេរ្តិ៍​ដូនតា​ដែល​បន្សល់​ទុក​ឲ្យ​ពួក​ខ្ញុំ ត្រូវ​យក​អស់​គ្មាន​ដី​ស្រែ​ចម្ការ​ធ្វើ។ ជាក់ស្តែង ជីវភាព​របស់​ពួក​យើង​រាល់​ថ្ងៃ​កំពុង​យ៉ាប់យ៉ឺន មាន​ការ​រំលោភ ពេល​ដែល​ធ្វើ​ការ​ឲ្យ​គេ​ក៏​មិន​បាន​ប្រាក់​ខែ​ដូច​យើង​ធ្វើ​ស្រែ​ដែរ»
ការ​សិក្សា​មួយ​ទៀត​របស់​លោក កែម ឡី ថា កម្ពុជា​កំពុង​ប្រឈម​នូវ​គម្លាត​ទ្រព្យ​ធន​រវាង​អ្នក​ទីក្រុង និង​អ្នក​នៅ​តាម​ជនបទ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជួប​អស្ថិរភាព​សេដ្ឋកិច្ច​នៅ​ពេល​អនាគត។
គេ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ប្រមាណ ៧%​ប៉ុណ្ណោះ នៅ​ទីក្រុង​រួម​មាន​រាជធានី​ភ្នំពេញ ទី​រួម​ខេត្ត ទី​រួម​ស្រុក ទី​រួម​ឃុំ នៅ​ជិត​ផ្សារ​មាន​ជីវភាព​ក្រីក្រ។ ប៉ុន្តែ​មាន​៨១% នៅ​តាម​ទី​ជនបទ មាន​ស្ថានភាព​ក្រីក្រ​ដូច​កាល​ពី​ទសវត្ស​៨០ ក្នុង​នោះ​មាន​៥១,២% ចំណាត់​ថ្នាក់​នៃ​ទ្រព្យ​សម្បត្តិ គឺ​ក្រ និង​ក្រ​បំផុត។
ដោយ​ឡែក​សម្រាប់​ទាំង​ទីក្រុង និង​តំបន់​ជនបទ តាម​បណ្ដា​ខេត្ត​មួយ​ចំនួន រួម​មាន​ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង មាន​៤១,៥% ក្រីក្រ និង​ក្រ​បំផុត។ រីឯ​ខេត្ត​រតនគិរី និង​ខេត្ត​ឧត្តរមានជ័យ មាន​ចំនួន ៣៧%​ទៅ​៤០% ហើយ​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​រដ្ឋ​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន មាន​ចំនួន ៣០%ទៅ​៣៧% ដែល​ក្រីក្រ។
យោង​តាម​របាយការណ៍​វិភាគ​គោល​នយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០១០ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បង្ហាញ​ថា ប្រហែល​ជា​ម្នាក់​ក្នុង​ចំណោម ៣នាក់ នៃ​ប្រជាជន​កម្ពុជា​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០០៧។ ត្រឹម​ឆ្នាំ​២០១៥ គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​កម្ពុជា​កំណត់​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ទូទាំង​ប្រទេស ឲ្យ​សល់​ត្រឹម ១៩,៥% ហើយ​ដើម្បី​សម្រេច​គោលដៅ រដ្ឋាភិបាល​ប្រឹង​អភិវឌ្ឍ​នៅ​ទី​ជនបទ​ដែល​ជា​កន្លែង​ភាព​ក្រីក្រ​ថយ​ចុះ​យឺត​បំផុត។
ក្រុម​អ្នក​វិភាគ​ដីធ្លី និង​អភិវឌ្ឍ​សង្គម ឲ្យ​ដឹង​ដូច​គ្នា​ថា ប្រសិន​បើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រោម​ឆ័ត្រ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន មាន​តម្លាភាព គ្មាន​បក្ខពួក​និយម និង​គ្មាន​អំពើ​ពុក​រលួយ វា​នឹង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ក៏​គួរ​លើក​បញ្ហា​សង្គមកិច្ច​ឲ្យ​បាន​ច្រើន រួម​មាន​ការ​ថែទាំ​ចាស់​ជរា ក្មេង​កំព្រា អ្នក​រងគ្រោះ និង​ជនជាតិ​ដើម​ភាគ​តិច ព្រោះ​ការ​អភិវឌ្ឍ​លឿន វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួក​គាត់​ខ្លាំង ហើយ​ភាព​ក្រីក្រ​ក៏​កើន​ឡើង​ដូច​គ្នា​ដែរ៕

0 comments:

Post a Comment