សារព័ត៌មានសេរី
អ្នកភូមិបឹងកក់១៥នាក់ ដែលរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនអ្នកមានអំណាច ហើយទើបត្រូវបានដោះលែងកាលពីពេលថ្មីៗ នាព្រឹកថ្ងៃសុក្រទី២០កក្កដានេះ បានទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជនខ្មែរ នៅប្រទេសន័រវ៉េស្ស តាមរយៈអង្គការ ឃ្លាំមើលសេរីភាពបញ្ចេញមតិ និង សេរីភាពសារព័ត៌មាននៅកម្ពុជា (Freedom & Press Monitor Canbodia) ដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េស្ស ។
លោក សេក រ៉ាឌី តំណាងអង្គការខាងលើប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៏ថា ប្រាក់ដែលមានគោលដៅខាងមនុស្សធម៌នេះ បានមកពីការកៀរគរពីសប្បុរសជនខ្មែរ នៅប្រទេសន័រវ៉េស្ស ពិសេសលោកស្រី ម៉ៅ មុនីស៊ីណេត សម្រាប់ឧបត្ថម្ភដល់ពលរដ្ឋខ្មែរក្នុ្ងងហគមន៏បឹងកក់ ដែលរងគ្រោះដោយការរឹបអូសយកផ្ទះសម្បែងដីធ្លី ពីសំណាក់ក្រុមហ៊ុន ស៊ូកាគូអ៊ីន រួមទាំងការចាប់ដាក់ពន្ធនាគារដើម្បីបំបាក់ស្មារតី ។
អ្នកតំណាងរូបនេះបានបន្តថា សេចក្ដីឈឺចាប់របស់ពលរដ្ឋសហគមន៏បឹងកក់ ការរំលោភបំពានលើយុត្តិធម៌មកលើប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទៅកន្លែង គឺជាការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក ហើយជានិច្ចកាលបងប្អូនខ្មែរតែងតែចែករំលែកនូវសមាណចិត្តប្រកបដោយមនុស្សធម៌របស់ខ្លួន ដើម្បីជួយដល់បងប្អូនរងគ្រោះទាំងនោះ ។
គួរបញ្ជាក់ថា នៅព្រឹកមិញប្រជាពលរដ្ឋសហគមន៏បឹងកក់ ដែលធ្លាប់រងគ្រោះដោយអាជ្ញាធរចាប់ដាក់ពន្ធនាគារទាំង១៥នាក់ បានទទួលប្រាក់ឧបត្ថម្ភម្នាក់ៗពី ៥០ ទៅ ១០០ ដុល្លារសហរដ្ឋអាមេរិក ជាមួយសេចក្ដីអំណរ និង ដឹងគុណយ៉ាងជ្រៀលជ្រៅចំពោះទឹកចិត្តប្រកបដោយមនុស្សធម៌របស់បងប្អូនខ្មែរនៅប្រទេស ន័រវ៉េស្ស ៕




0 comments:
Post a Comment