Tuesday, July 31, 2012

ថៃ ដាក់​កម្លាំង​រាប់​រយ​នាក់​តាម​ប្រមាញ់​ក្រុម​អ្នក​វាយ​ប្រហារ នៅ​ភាគ​ខាង​ត្បូង

Tuesday, 31 July 2012 Reuters
Source: VOA/Khmer
បុគ្គលិក​សន្តិសុខ​ថៃ ពិនិត្យ​កន្លែង​វាយ​ប្រហារ​របស់​ក្រុម​សកម្ម​ប្រ​យុទ្ធ
លើ​ការ​ល្បាត​របស់​ទាហាន​ នៅ​ខេត្ត​ប៉ា​តានី កាល​ពី​ថ្ងៃសៅរ៍។ Reuters

ក្រុង​បាងកកៈ ប៉ូលិស​ ទាហាន និង​មន្រ្តី​ស៊ីវិល​ថៃ​រាប់​រយ​នាក់ ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ បន្ទាប់​ពី​ជនសកម្ម​ប្រយុទ្ធ​ប្រដាប់​អាវុធ​១៣​នាក់​ដែល​នៅ​ពុំ​ទាន់ ចាប់​ខ្លួន​បាន បន្ទាប់​ពី​បាញ់​ប្រហារ​លើ​ទាហាន​៦​នាក់ ដែល​កំពុង​ល្បាត​តាម​ម៉ូតូ​នៅ​ស្រុក​ម៉ាយូ​ ខេត្ត​ប៉ាតានី ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។
អធិការ​ប៉ូលិស​ស្រុក​ម៉ាយូ​លោក វរសេនីយ៍​ឯក គុងអូត សុវណ្ណា ខាម បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ ភាគ​ច្រើន​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង​នោះ ជា​ជន​ជាតិ​ដើម​ម៉ាយ៉ូ ​ហើយ​ការ​ស៊ើប​អង្កេត​ច្រើន​ទៀត​បាន​រក​ឃើញ​ថា ពួក​គេ​នៅ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ស្រុក​នេះ​។
លោក​វរសេនីយ៍​ឯក គុង-អូត បាន​និយាយ​ថា សាក្សី​ជាច្រើន ​ដែល​គេ​បាន​ហៅ​មក​សាក​សួរ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​និយាយ​ថា ពួក​គេ​អាច​បញ្ជាក់​អត្ត​សញ្ញាណ ជន​ល្មើស​ភាគ​ច្រើន តាម​រយៈ​រូបភាព​កាមេរ៉ា​មួយ​ដែល​គេ​បាន​ដាក់​ក្បែរ​កន្លែង​វាយ​ប្រហារ​នោះ។
លោក​អធិការ​រូប​នេះ បាន​បញ្ជាក់​ ថា​៖ «យើង​ត្រូវ​ការ​អ្នក​ភូមិ​ច្រើន​ទៀត​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ និង​ក៏​បាន​ស្គាល់​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង​នេះ​ដើម្បី​ជួយ​ផ្តល់​ ព័ត៌មាន​ឲ្យ​​យើង​ដែល​អាច​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត​ នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​»។
លោក​វរសេនីយ៍​ឯក​ប៉ូលិស គុង-អូត បាន​បញ្ជាក់​ថា លោក មាន​ទំនុក​ចិត្ត​ថា ជន​សង្ស័យ​បី​នាក់​ដែល​បាន​ចាប់​ខ្លួន​បាន​ពាក់ព័ន្ធ​នឹង​ការ សម្លាប់​នេះ​បាន​ចូល​រួម​ក្នុង​ការ​វាយ​ប្រហារ​​ដែល​គេ​ផ្សាយ​ជា​ទូទៅ​កាល​ ពី​ថ្ងៃ​សៅរ៍​ ដែល​បាន​សម្លាប់​ទាហាន​៤​នាក់ និង​ធ្វើ​ឲ្យ​របួស​ពីរ​នាក់​ផ្សេង​ទៀត​។
លោក បាន​ទទូច​ថា ជនសង្ស័យ​ទាំង​នេះ មិន​មែន​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​ជា​អ្នក​ជាន់​ដាន​​គេ​ក្នុង​ ឧបទ្ទវហេតុ​នេះ​ទេ។ មនុស្ស​បី​នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ បន្ទាប់​ពី​កម្លាំង​ចម្រុះ​មន្រ្តី​យោធា ប៉ូលិស និង​ស៊ីវិល​៥០​នាក់ បាន​វាយ​ឆ្មក់​ផ្ទះ​ពួក​គេ​នៅ​ក្នុង​ឃុំ​តាំប៊ុន​ណាម​សៃ ស្រុក​ម៉យូ ខេត្ត​ប៉ាតានី​។
ការ​វាយ​ប្រហារ​នេះ បាន​កើត​មាន​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ជន​សកម្ម​ប្រយុទ្ធ​ដែល​មាន​អាវុធ​ គ្រប់​ដៃ​១៦​នាក់​បាន​បើក​ការ​វាយ​ប្រហារ​លើ​ទាហាន​៦​នាក់ ដែល​កំពុង ​តែ​ល្បាត​នៅ​លើ​កំណាត់​ផ្លូវ​ម៉ាយូបានប៉ាឡាត នៅ​ស្រុក​ម៉ាយូ កាល ពី​ព្រឹក​ថ្ងៃ​សៅរ៍​។
រូបភាព​កាមេរ៉ា​បង្កប់​​ពី​វីដេអូ​ដែល​បាន​ថត​មួយ​ពី​ឧបទ្ទវហេតុ​នេះ ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​តាម បណ្តាញ​ទូរទស្សន៍​ភ្លាម​ៗ​បន្ទាប់​ពី​ពេល​នោះ​​។ ក្រុម​មន្រ្តី បាន​និយាយ​ ថា ជនសង្ស័យ​ទាំង​​បី​​ ដែល​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​នៅ​ក្នុង​កាមេរ៉ា​សន្តិសុខ​នៅ​កន្លែង​ផ្សេង​៕ NR

0 comments:

Post a Comment