Tuesday, August 28, 2012

លោក ហ៊ុន សែន៖ អាស៊ាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទាំង​កម្រិត​សកល​និង​តំបន់


2012-08-27
កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៤៤ នៃ​បណ្ដា​ប្រទេស​អាស៊ាន បាន​ចាប់​ផ្ដើម​ហើយ​នៅ​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា។
លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន
ក្នុង​ឆ្នាំ​២០១២ ថ្លែង​បើក​កិច្ច​ប្រជុំ​ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ នា​ខេត្ត​
សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា ឆ្នាំ​២០១២។
ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្រោយ​គ្នា​ពីរ​ថ្ងៃ បន្ទាប់​ពី​ក្រុម​ឧត្តម​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន បាន​ជួប​ប្រជុំ​គ្នា​តាំង​តែ​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា កន្លង​ទៅ​នោះ។
លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN=អាស៊ាន) ក្នុង​ឆ្នាំ​នេះ បាន​អញ្ជើញ​ធ្វើ​ជា​គណៈអធិបតី​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា។
កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម និង​ដើម្បី​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ជាមួយ​នឹង​ប្រទេស​ជា​ដៃគូ​ពិភាក្សា​ផ្សេង​ទៀត។
លោក​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​អាស៊ាន​ទាំង​អស់ កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឱ្យ​បាន​សម្រេច​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ឱ្យ​មាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺ​ជា​គោល​បំណង​នៃ​អាទិភាព​ខ្ពស់​បំផុត​មួយ ដើម្បី​ប្រែ​ក្លាយ​តំបន់​អាស៊ាន ឱ្យ​ទៅ​ជា​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​តែ​មួយ ដោយ​មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវា ការ​វិនិយោគ ពលករ​ជំនាញ និង​មូលធន ឱ្យ​កាន់​តែ​សេរី​ជាង​មុន ដើម្បី​ជំនះ​លើ​ការ​គាំពារ​និយម ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ និង​សេវា​ក្នុង​អាស៊ាន។
កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ អាស៊ាន​នៅ​តែ​ទទួល​បាន​ការ​នាំ​ចេញ​ផ្នែក​ពាណិជ្ជកម្ម​ច្រើន​ជាង​ការ​នាំ​ចូល បើ​ទោះ​បី​ជា​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ខ្លះ​ក៏ដោយ។ ក្នុង​នោះ ការ​នាំ​ចេញ​គឺ​មាន​ទឹក​ប្រាក់​រហូត​ដល់​១.២៤​លាន-លាន​ដុល្លារ ក្នុង​ពេល​ដែល​ការ​នាំ​ចូល​មាន​ចំនួន​ទឹក​ប្រាក់​តែ​១.១៥​លាន-លាន​ដុល្លារ​អាមេរិក។
ទោះ​យ៉ាង​ណា ប្រមុខ​អាស៊ាន​បាន​បញ្ជាក់​ថា នៅ​ចំពោះ​មុខ អាស៊ាន​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ទាំង​កម្រិត​សកល និង​កម្រិត​តំបន់៖ «ដូច​ជា​ភាព​ផុយ​ស្រួយ​នៃ​ការ​ងើប​ឡើង​វិញ នៃ​សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍ គួប​ផ្សំ​នឹង​ការ​អូស​បន្លាយ​នៃ​វិបត្តិ​បំណុល នៅ​តំបន់​អឺរ៉ុប វិបត្តិ​នយោបាយ និង​សង្គម​ដែល​កំពុង​កើត​ឡើង​នៅ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង។ បញ្ហា​តម្លៃ​ប្រេង​កើន​ខ្ពស់ បញ្ហា​សន្តិសុខ​ស្បៀង និង​ថាមពល។ ការ​ប្រែប្រួល​អាកាសធាតុ គ្រោះ​មហន្តរាយ​ធម្មជាតិ ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជាដើម។ ទន្ទឹម​នេះ នៅ​ក្នុង​កម្រិត​តំបន់ ទោះ​បី​គម្លាត​នៃ​ការ​អភិវឌ្ឍ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ក៏ដោយ ក៏​គម្លាត​នេះ​នៅ​តែ​មាន​ទំហំ​ធំ​នៅ​ឡើយ។ បញ្ហា​ទាំង​អស់​នេះ ជា​ការ​គម្រាម​ដ៏​ធំ​មក​លើ​ចិរភាព នៃ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​អាស៊ាន ដែល​​សម្រេច​បាន​ក្នុង​រយៈពេល​ជាង​បួន​ទសវត្សរ៍​កន្លង​មក​នេះ»
គេ​មើល​ឃើញ​ថា បញ្ហា​ប្រឈម​ទាំង​នោះ​ពុំ​អាច​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព នៅ​កម្រិត​ថ្នាក់​ជាតិ​នីមួយៗ​បាន​ឡើយ គឺ​វា​ទាម​ទារ​ឱ្យ​សហគមន៍​អាស៊ាន​ទាំង​មូល ធ្វើ​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ និង​ស៊ី​ជម្រៅ។
លោក ចម ប្រសិទ្ធិ ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៤៤ បាន​ថ្លែង​ថា ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន នឹង​ធ្វើ​ការ​ពិភាក្សា​គ្នា​ទៅ​លើ​បញ្ហា​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ពិសេស​ទៅ​លើ​ការ​អនុវត្ត​វិធានការ​នៃ​ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដើម្បី​ឈាន​ទៅ​រក​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥។
ដើម្បី​បង្កើត​បាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នោះ គឺ​ត្រូវ​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​ជា​ដៃគូ​ពិភាក្សា​សេដ្ឋកិច្ច​របស់​អាស៊ាន ដែល​មក​ពី​ប្រទេស​អូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន កូរ៉េ ណូវែលហ្សេឡង់ រុស្ស៊ី និង​សហរដ្ឋអាមេរិក ជាដើម ធ្វើ​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​អាស៊ាន ក្នុង​ភាព​ជា​ដៃគូ​រីក​ចម្រើន និង​កាន់​តែ​ស៊ី​ជម្រៅ៕

0 comments:

Post a Comment