ដោយ ទេព សុរ៉ាវី
2012-08-07
បើទោះបីជារដ្ឋាភិបាលបានបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា តែអំពើពុករលួយដែលចាក់ឫសតាំងពីមន្ត្រីថ្នាក់ជាតិ ដល់មន្ត្រីថ្នាក់ក្រោម មិនទាន់លុបបំបាត់បានទាំងស្រុងនៅឡើយ។
ការរិះគន់នេះ ធ្វើឡើងនៅក្នុងវេទិកាសាធារណៈមួយ នៅក្នុងវត្តរកា ក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ នៅថ្ងៃទី៦ ខែសីហា ដែលមានប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ចូលរួម។
យុវសិស្ស ទាន សុជាតិ ដែលចូលរួមក្នុងវេទិកាសាធារណៈ បានលើកឡើងថា អ្នកភូមិដែលគ្រប់អាយុបោះឆ្នោត ឬមានឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវចំណាយប្រាក់ពី១ម៉ឺនរៀល ទៅ១ម៉ឺន៥ពាន់រៀល ដើម្បីបានធ្វើអត្តសញ្ញាណប័ណ្ណ ដែលតម្រូវឲ្យបង់ពីសមត្ថកិច្ច។
យុវសិស្សដដែលបញ្ជាក់ថា សមត្ថកិច្ចចុះធ្វើអត្តសញ្ញាណប័ណ្ណ បានតម្រូវឲ្យអ្នកភូមិបង់ប្រាក់៥ពាន់រៀល ថ្លៃសេវាជួយបំពេញពាក្យសុំធ្វើអត្តសញ្ញាណប័ណ្ណ វាស់កម្ពស់ចំនួន២ពាន់រៀល ថ្លៃផ្ដិតមេដៃ និងថតរូបជាដើម ដែលសរុបទៅអ្នកភូមិម្នាក់ត្រូវចំណាយពី ១ម៉ឺនទៅ១ម៉ឺន៥ពាន់រៀល ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណមួយសន្លឹក៖ «ក្នុងម្នាក់យ៉ាងហោចណាស់ ក៏អស់មួយម៉ឺនទៅមួយម៉ឺនប្រាំពាន់ដែរ ឲ្យច្រើន គឺធ្វើមុន ហើយឧបមាថាគាត់ទារប្រាំពាន់ យើងឲ្យ៣ពាន់ គាត់ដាក់យើងក្រោយគេ ដាក់យើងខាងក្រោម ខ្ញុំនិយាយមែន ប៉ុន្តែអត់ជឿទៅស៊ើបមើលទៅវាមានមែន»។
ការចោទប្រកាន់នេះ ត្រូវបានស្នងការរងនគរបាលខេត្តក្រចេះ លោក ច្រឹង ផល្លី បកស្រាយថា គោលការណ៍ខេត្ត និងរដ្ឋាភិបាលកម្ពុជា ការធ្វើអត្តសញ្ញាណប័ណ្ណមិនកំណត់ឲ្យបង់ថ្លៃសេវានោះទេ តែអាចមានមន្ត្រីក្រោមឱវាទមួយចំនួន ឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយនេះ។ លោកបន្តថា អាជ្ញាធរខេត្តក៏បានដឹងពីករណីយកលុយយកកាក់ធ្វើអត្តសញ្ញាណប័ណ្ណនេះ ហើយសមត្ថកិច្ច និងក្រសួងមហាផ្ទៃនឹងចុះធ្វើការស៊ើបអង្កេតពីករណីនេះឲ្យបានច្បាស់៖ «បានដាក់វិធានការតឹងតែងទៅដល់មន្ត្រីដែលបានចុះទៅធ្វើការ ទៅដល់មន្ត្រីខេត្ត និងមន្ត្រីស្រុកមិនឲ្យមានផែនការពាក់ព័ន្ធដាក់កំណត់ទារប្រាក់ពីប្រជាពលរដ្ឋទេ។ បើគាត់ឧបត្ថម្ភក្នុងការហត់នឿយដល់សមត្ថកិច្ច ៥០០ឬទឹកសុទ្ធមួយយួរ ទើបយើងយក បើមានការកំណត់ទារប្រាក់អត់មានទេ»។
លោក ច្រឹង ផល្លី ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយការទារប្រាក់ពីសមត្ថកិច្ចរឿងធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវហ៊ានរាយការណ៍ដល់អាជ្ញាធរឃុំ ឬស្រុក ដើម្បីឲ្យអាជ្ញាធរកំណត់ជនដែលប្រព្រឹត្តផ្ទុយពីគោលដៅរដ្ឋាភិបាល។ ម្យ៉ាងទៀត អ្នកភូមិអាចសរសេរសំបុត្រអនាមិក ដាក់នៅក្នុងប្រអប់សំបុត្រគណនេយ្យភាព ពីរឿងមិនប្រក្រតីទាំងនោះ ដែលមាននៅតាមភូមិ-ឃុំរបស់ខ្លួន ដើម្បីកាត់បន្ថយអំពើពុករលួយ។របាយការណ៍របស់សមត្ថកិច្ចខេត្តក្រចេះ ស្ដីពីលទ្ធផលធ្វើអត្តសញ្ញាណប័ណ្ណ កាលពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០១២ អាជ្ញាធរបានផ្តល់អត្តសញ្ញាណប័ណ្ណថ្មីដល់ប្រជាពលរដ្ឋចំនួន ១.៦៦៦នាក់ នៅទូទាំងខេត្ត៕




0 comments:
Post a Comment