Wednesday, August 22, 2012

ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

2012-08-22
ដោយ ជី វិតា
Radio Free Asia
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។


មន្ត្រី​ឃ្លាំ​មើល​តុលាការ​អន្តរជាតិ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី (Clair Duffy) នៃ​អង្គការ OSJI (Open Society Justice Initiative) មាន​ប្រសាសន៍​ថា តាម​គោលការណ៍​ដើម្បី​អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​មាន​សមត្ថកិច្ច​ចាត់​ការ​រឿង​ក្តី​ព្រហ្មទណ្ឌ​ណា​មួយ​បាន​នោះ លុះត្រា​តែ​ម្ចាស់​បណ្ដឹង ឬ​ដើម​ចោទ អាច​បង្ហាញ និង​បញ្ជាក់​អោយ​រដ្ឋអាជ្ញា នៃ​តុលាការ​នេះ​ជឿ​ជាក់​ថា ទី១ បទ​ល្មើស​ដែល​ប្ដឹង​ទៅ​នោះ មាន​សភាព​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​ក្តី​បារម្ភ​ដល់​សហគមន៍​អន្តរជាតិ។ ទី២ មាន​ភស្តុតាង​បញ្ជាក់​ថា បទ​ល្មើស​នោះ​កើត​ឡើង​យ៉ាង​ទូលំ​ទូលាយ ជា​លក្ខណៈ​ប្រព័ន្ធ។ ហើយ​ទី៣ តុលាការ​នៅ​ក្នុង​ប្រទេស​នោះ មិន​មាន​ឆន្ទៈ ឬ​មិន​អាច​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។
សម្រាប់​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ តាម​រយៈ​ការ​បណ្ដេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​ពី​ដីធ្លី និង​ដី​លំនៅឋាន​នោះ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី ឲ្យ​ដឹង​ថា បណ្ដឹង​នោះ​អាច​មាន​ឱកាស​ត្រូវ​តុលាការ​ចាត់​ការ ពីព្រោះ​តែ​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា និង​តុលាការ​មិន​អាច​ដោះស្រាយ​បាន៖ «បញ្ហា​បណ្ដេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​ពី​ដីធ្លី ឬ​លំនៅឋាន នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សភាព​ធ្ងន់ធ្ងរ​ណាស់។ របាយការណ៍​នានា​បង្ហាញ​ថា មាន​មនុស្ស​រាប់​សែន​នាក់ បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ។ ចំនួន​អ្នក​រង​ផល​ប៉ះពាល់​ប្រហែល​ជា​ច្រើន​ជាង​នេះ​ទៀត​ផង ពីព្រោះ​ទិន្នន័យ​ពិត​ប្រាកដ​នៅ​មិន​ទាន់​ច្បាស់។ បញ្ហា​ត្រង់​ថា តើ​មាន​ភស្តុតាង​អាច​បញ្ជាក់​ថា ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ វា​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ឬ​ក៏​មិន​មែន។ ប្រសិន​បើ​វា​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល នឹង​អាច​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​និយមន័យ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ខ្ញុំ​ចង់​បញ្ជាក់​ថា បញ្ហា​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ពី​លំនៅឋាន និង​ការ​រឹបអូស​យក​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សភាព​ធ្ងន់ធ្ងរ​ណាស់។ ដូច្នេះ វា​អាស្រ័យ​លើ​រាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ ដែល​ត្រូវ​សម្រេច ឬ​មិន​សម្រេច​ថា តើ​បទ​ល្មើស​នេះ វា​គ្រប់គ្រាន់​សម្រាប់​សហគមន៍​អន្តរជាតិ ដើម្បី​ចាត់​វិធានការ»
ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​វិញ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី ដែល​ជា​អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​របស់​ប្រទេស​អូស្ត្រាលី ផង​នោះ មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា ជា​ផ្នែក​មួយ​នៃ​បញ្ហា។ និយាយ​តាម​មួយ​បែប​ទៀត គឺ​ថា តុលាការ​កម្ពុជា បាន​រួម​ចំណែក​ក្នុង​ការ​បង្ក​អោយ​មាន​អំពើ​និទ្ទណ្ឌភាព៖ «បើ​អ្នក​សង្កេត​មើល​តុលាការ​កម្ពុជា​តែ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​ថ្មីៗ​នេះ អ្នក​នឹង​ឃើញ​ថា តុលាការ​ក្នុង​ប្រទេស​នេះ គឺ​ពិត​ជា​មិន​មែន​វេទិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឡើយ។ ដូច្នេះ នៅ​ពេល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពិនិត្យ​មើល​ឆន្ទៈ និង​សមត្ថភាព​របស់​តុលាការ​កម្ពុជា គេ​នឹង​ឃើញ​ថា តុលាការ​ក្នុង​ប្រទេស​នេះ​បរាជ័យ​ក្នុង​ការ​ផ្ដន្ទាទោស​ជន​ល្មើស។ ប្រការ​នេះ​នឹង​អាច​នាំ​អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ផ្ដើម​អង្កេត​ស្រាវជ្រាវ​មើល​ឯកសារ​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​កាន់​កាប់​ដីធ្លី​នៅ​កម្ពុជា។ បញ្ហា​ជាក់ស្តែង​មួយ​ទៀត គឺ​នៅ​ពេល​ប្រជាពលរដ្ឋ​តវ៉ា ឬ​ប្ដឹង​អំពី​បញ្ហា​ដីធ្លី ពួក​គេ​មិន​ទទួល​បាន​ដំណោះស្រាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ ឬ​ប៉ូលិស តែង​ប្រើ​ហិង្សា​ឃោរឃៅ​ទៅ​លើ​ពលរដ្ឋ​ដែល​សម្ដែង​ការ​តវ៉ា​រឿង​ដីធ្លី។ ដូច្នេះ ខ្ញុំ​គិត​ថា វា​ច្បាស់​ណាស់​ដែល​ប្រទេស​កម្ពុជា​មិន​មែន​ជា​វេទិកា ឬ​ជា​កន្លែង​សម្រាប់​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​កម្ពុជា​ឡើយ។ ហើយ​អំពើ​និទ្ទណ្ឌភាព​កើត​មាន​ឡើង​ជា​ប្រចាំ។ ឧទាហរណ៍ បុគ្គល​ដែល​ប្រើ​ហិង្សា​វាយ​ដំ ឬ​រហូត​ដល់​បាញ់​សម្លាប់​ពលរដ្ឋ​អ្នក​តវ៉ា តែង​តែ​រួច​ខ្លួន ដោយ​គ្មាន​ការ​ដាក់​ទោសពៃរ៍ នោះ​ហើយ​ដែល​ហៅ​ថា​និទ្ទណ្ឌភាព»
អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី បន្ថែម​ទៀត​ថា ប្រការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាប់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ (FM 105) ដាក់​ពន្ធនាគារ​បន្ទាប់​ពី​លោក​បាន​ផ្សាយ​ព័ត៌មាន​ស្ដីពី​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ចេញ​ពី​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១២ នោះ គឺ​ជា​កត្តា​មួយ​បន្ថែម​ទៀត​បញ្ជាក់​ថា កម្ពុជា​មាន​ការ​គាប​សង្កត់​លើ​សេរីភាព​សារព័ត៌មាន និង​តុលាការ​មិន​ឯករាជ្យ។ ប្រការ​នេះ​នឹង​ជួយ​ជំរុញ​អោយ​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​លោក សួន សេរីរដ្ឋា នោះ កាន់​តែ​មាន​ប្រសិទ្ធភាព។
ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទទួល​ពាក្យ​បណ្ដឹង ការិយាល័យ​រាជអាជ្ញា​ក៏​បាន​បង្គាប់​អោយ​លោក​ផ្តល់​ភស្តុតាង​បន្ថែម៖ «បន្ទាប់​ពី​យើង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២ ទាម​ទារ​អោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ ធ្វើ​ការ​អង្កេត​អំពី​បទ​ឧក្រិដ្ឋ អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ហើយ​មក​ដល់​ថ្ងៃ​នេះ ក្រុម​មេធាវី​របស់​យើង កំពុង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​ខាង​ផ្នែក​រដ្ឋអាជ្ញា នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ហើយ​គេ​បាន​ស្នើសុំ​នូវ​ឯកសារ ភស្តុតាង បន្ថែម​ទៀត ដើម្បី​ជំរុញ​លើ​ការ​ស៊ើប​អង្កេត។ យើង​មាន​មេធាវី​ពីរ​នាក់។ ទីមួយ លោក វិលៀម ហ្វ្រិក (William Frick) និង​ទីពីរ គឺ​អ្នកស្រី គ្រីស្ទីនា ហ្វីលីប (Christina Phillip)។ ថវិកា​សម្រាប់​ឧបត្ថម្ភ​មេធាវី យើង​អត់​មាន​ទេ តែ​មេធាវី​ទាំង​ពីរ​នាក់​នេះ គាត់​មាន​ចិត្ត​មនុស្សធម៌​សម្រាប់​ជួយ​ពលរដ្ឋ​ខ្មែរ»
រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ នៅ​ឡើយ​ទេ។
មេធាវី​របស់​រដ្ឋាភិបាល​លោក គី តិច មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ដឹង​ដំណឹង​អំពី​រឿង​នេះ​នៅ​ឡើយ៖ «ខ្ញុំ​អត់​ទាន់​មាន​ព័ត៌មាន​ហ្នឹង​ច្បាស់ ដូច្នេះ​ខ្ញុំ​អត់​ទាន់​មាន​មតិ​អី​ទេ»
ចំណែក​តំណាង​រាស្ត្រ​ចាស់​វស្សា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ជាម យៀប មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​កម្ពុជា​មាន​វិបត្តិ​ដីធ្លី​ក៏​ពិត​មែន ប៉ុន្តែ​ក៏​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​ការ​ចោទ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​នោះ​ដែរ។
លោក​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​មាន​កំហុស​ខ្លះ​មែន ប៉ុន្តែ​កំហុស​ទាំង​នោះ​មិន​មែន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដូច​ការ​ចោទ​ប្រកាន់​នៅ​ឡើយ៖ «យើង​ចង់​ដឹង​ថា ពាក្យ​បណ្ដឹង​របស់​គេ​ហ្នឹង ឈរ​លើ​មូលដ្ឋាន​អី​ខ្លះ? បើ​និយាយ​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​គ្រប់​កន្លែង​ហ្នឹង ក្លាយ​ជា​អ្នក​ប្រល័យ​ពូជសាសន៍ ដូច​ពួក ប៉ុល ពត គ្មាន​នរណា​ចង់​ធ្វើ​មន្ត្រី​រាជការ ធ្វើ​កុងស៊ី ធ្វើ​នាយក​រដ្ឋមន្ត្រី​ទេ។ គាត់​ធ្វើ មាន​បទ​ពិសោធន៍​ជា​នាយក​រដ្ឋមន្ត្រី តាំង​ពី​ឆ្នាំ​១៩៨៥ មក​ទល់​បច្ចុប្បន្ន​នេះ គាត់​មិន​អាច​ល្ងង់​ពេក​ទេ។ មេធាវី​ល្អ​យ៉ាង​ណា គាត់​មាន​អ្នក​ច្បាប់​នៅ​ជុំវិញ​គាត់។ ប៉ុន្តែ​ច្បាប់​អន្តរជាតិ ខ្ញុំ​ពិនិត្យ​ឃើញ​ថា វា​តឹង​ណាស់​មិន​អាច​ចេះ​តែ​មក​ចោទ​ប្រកាន់​នាយក​រដ្ឋមន្ត្រី ឬ​ប្រជាជន​កម្ពុជា​បាន​ពាស​វាល​ពាស​កាល​នោះ​ទេ»
ទោះ​ជា​យ៉ាង​ណា​ក្តី វិទ្យុ​អាស៊ី​សេរី ទទួល​បាន​លិខិត​ចម្លង​បញ្ជាក់​ទទួល​ពាក្យ​បណ្ដឹង​របស់​ការិយាល័យ​រាជអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ ដែល​បាន​ផ្ញើ​ទៅ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ជា​ដើម​បណ្ដឹង។
លិខិត​ចុះ​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១២ បញ្ជាក់​ថា ពេល​ណា​មាន​សេចក្តី​សម្រេច​ចិត្ត​ណា​មួយ​ទាក់​ទង​នឹង​ពាក្យ​បណ្ដឹង​នេះ ការិយាល័យ​នៃ​រដ្ឋអាជ្ញា​នឹង​ជូន​ដំណឹង​ទៅ​អង្គការ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​បណ្ដឹង។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា ការ​ដែល​ការិយាល័យ​រាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទទួល​ពាក្យ​បណ្ដឹង ហើយ​ចុះ​ក្នុង​បញ្ជី​នេះ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ដើម​បណ្ដឹង៖ «មាន​ន័យ​ថា គេ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ពិនិត្យ​មើល​អា​ដំបូង​ដៃ​ហ្នឹង ថា​មាន​ភស្តុតាង​អី​ល្មម​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ។ មួយ​ទៀត (គេ) មើល​ទោស​ឧក្រិដ្ឋកម្ម​ហ្នឹង​បាទ ក្នុង​ទោស​មួយ​ណា។ ដូច​ជា​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ហ្នឹង។ តើ​វា​មាន​ការ​រៀបចំ មាន​ផែនការ​ទេ? ហើយ​ទំហំ​ហ្នឹង​ប៉ុណ្ណាៗ? ហើយ​ជម្លៀស​ហ្នឹង ស្រប​ច្បាប់​ទេ? តើ​យើង​នៅ​ហ្នឹង ស្រប​ច្បាប់​ទេ? ខ្ញុំ​លើក​ឧទាហរណ៍ ដូច​ជា​នៅ​បុរី​កីឡា កម្ទេច​ផ្ទះ​គ្នា​ចោល​ហើយ​ដឹក​គ្នា​យក​ទៅ​ដាក់​ចោល​ទីតាំង​កន្លែង​មួយ ដែល​ជា​វាល​រហោស្ថាន អត់​មាន​ស្អី​ដើម្បី​រស់នៅ​នោះ អាហ្នឹង​ក៏​គេ​អាច​ចោទ​ប្រកាន់​បាន​ដែរ។ កាល​ណា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​សិក្សា​ស៊ី​ជម្រៅ ដើម្បី​ចេញ​ដីកា​នាំ​ខ្លួន ឬ​ចាប់​ខ្លួន»
អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ស្ថានភាព​ទំនាស់​ដីធ្លី​នៅ​កម្ពុជា បាន​អោយ​ដឹង​ថា ការ​ប្រើ​កម្លាំង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​លំនៅឋាន និង​ការ​រឹបអូស​យក​ដី​ស្រែ​ចម្ការ​រហូត​មក​ដល់​ពេល​នេះ កើត​មាន​ពាស​ពេញ​ផ្ទៃ​ប្រទេស។ បញ្ហា​នេះ​មាន​ទ្រង់ទ្រាយ​ធំ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​មនុស្ស​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​នោះ ពុំ​ទទួល​បាន​សំណង ឬ​ទទួល​សំណង​មិន​សមរម្យ។
លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បាន​អោយ​ដឹង​ថា កម្ពុជា​មាន​ពលរដ្ឋ​ប្រមាណ​១លាន​នាក់ រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី។
ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ​ទីក្រុង​រ៉ូម (Rome ឬ Rome Statute) ដែល​បាន​ចូល​ជា​ធរមាន​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០០២ បាន​ផ្តល់​សមត្ថកិច្ច​ជូន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ស៊ើប​អង្កេត​លើ​បទ​សង្ស័យ​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​កម្រិត​ធ្ងន់ធ្ងរ កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​ហត្ថលេខី នៃ​តុលាការ​នោះ ហើយ​មិន​មាន​ឆន្ទៈ ឬ​មិន​មាន​លទ្ធភាព​បើក​ការ​ស៊ើប​អង្កេត ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នោះ។
សម្រាប់​កម្ពុជា សភា​ជាតិ​បាន​ផ្តល់​សច្ចាប័ន​ទទួល​ស្គាល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​២០០២។
ចំពោះ​ពាក្យ​បណ្ដឹង​របស់​អង្គការ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​កម្ពុជា តាម​រយៈ​ការ​បណ្ដេញ​ពលរដ្ឋ ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន និង​រឹបអូស​យក​ដី​ស្រែ​ចម្ការ​នោះ ក្រុម​អ្នក​វិភាគ​អោយ​ដឹង​ថា វា​អាស្រ័យ​លើ​សាក្សី និង​ភស្តុតាង​ដាក់​បន្ទុក ដែល​ត្រូវ​ដាក់​ជូន​ការិយាល័យ​ព្រះរាជអាជ្ញា នៃ​តុលាការ​អន្តរជាតិ​នេះ៕

0 comments:

Post a Comment