Wednesday, August 22, 2012

មន្ត្រី​រដ្ឋាភិបាល​​​ឲ្យ​លោក ប៊ុន រដ្ឋា ចេញ​មុខ​តទល់​ចំពោះ​មុខ​ច្បាប់


2012-08-22
មន្ត្រី​រដ្ឋាភិបាល​ស្នើ​ឲ្យ​លោក ប៊ុន រដ្ឋា ចេញ​មុខ​តទល់​ចំពោះ​មុខ​ច្បាប់ បន្ទាប់​ពី​លោក ប៊ុន រដ្ឋា បាន​អះអាង​ថា រដ្ឋាភិបាល​ប្រឌិត​រឿង​មូល​បង្កាច់​រូប​​លោក​ថា​ជា​មេខ្លោង​ដឹកនាំ​បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
កម្លាំង​សមត្ថកិច្ច​ក្នុង​ពេល​ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​នៅ​
ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។ត ។
រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​លោក ប៊ុន រដ្ឋា ក្នុង​ការ​ចូល​ខ្លួន​មក​តតាំង​រក​ការ​ពិត ជុំវិញ​ការ​ចោទ​ប្រកាន់​ចំពោះ​មុខ​ច្បាប់ និង​តុលាការ។
លោក ប៊ុន រដ្ឋា ជា​តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​មួយ​ពាន់​គ្រួសារ ដែល​មាន​វិបត្តិ​ដីធ្លី​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្រោយ​មក​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា បាន​បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​នៅ​ពេល​ដែល​រដ្ឋាភិបាល​ដាក់​កម្លាំង​ចុះ​បង្ក្រាប​តំបន់​នោះ​រហូត​ដល់​សព្វថ្ងៃ​នេះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២១ សីហា ថា ករណី​របស់​លោក ប៊ុន រដ្ឋា មិន​មែន​ជា​ការ​ឆ្លើយ​ឆ្លង​ពាក្យ​សម្ដី​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ វា​គឺ​ជា​រឿង​មាន​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់ ហើយ​ត្រូវ​តែ​មាន​ការ​បក​ស្រាយ​មួយ​ជា​ផ្លូវការ​នៅ​ចំពោះ​មុខ​តុលាការ។
លោក ផៃ ស៊ីផាន៖ «ករណី​នេះ​ជា​ករណី​វិវាទ​រវាង​អ្នក​ប្តឹង ឬ​ជា​អ្នក​ដាក់​បន្ទុក​ជាមួយ​អ្នក​ត្រូវ​ដោះ​បន្ទុក ឬ​ជា​ជន​ជាប់​ចោទ។ នេះ​ជា​ការងារ​យុត្តិធម៌​សុទ្ធសាធ ជា​ការងារ​បច្ចេកទេស​ទេ។ អ្វី​ដែល​ផ្សព្វផ្សាយ​តាម​វិទ្យុ​អាស៊ីសេរី​ហ្នឹង អា​ហ្នឹង​គ្រាន់​តែ​ជា​ព័ត៌មាន​ដែល​មិន​អាច​យក​ជា​ផ្លូវ​ការ​បាន ដូច្នេះ​យើង​ទុក​ការងារ​នេះ​ជូន​តុលាការ​វិនិច្ឆ័យ​មើល​ថា តើ​ចុង​ចម្លើយ និង​អ្នក​ដោះ​បន្ទុក​ចុង​ក្រោយ​វា​ទៅ​ជា​យ៉ាង​ណា?»
អភិបាល​ខេត្ត​ក្រចេះ លោក ស ចំរ៉ុង មាន​ប្រសាសន៍​ដែរ​ថា រដ្ឋាភិបាល​មាន​ភស្តុតាង មាន​សាក្សី​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​លើ​លោក ប៊ុន រដ្ឋា ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​រដ្ឋ៖ «បើ​គាត់​មិន​បង្កើត​អបគមន៍ ម៉េច​គាត់​ទៅ​ចាប់​ប៉ូលិស​ហែក​ឯកសារ​ចោល របស់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​មិន​ឲ្យ​គេ​ស្រង់​ស្ថិតិ គាត់​ទៅ​ចាប់​យោធា។ ហៅ​គេ​មក​ប្រជុំ ហើយ​គាត់​គំរាមកំហែង​អាយុ​ជីវិត​អ្នក​មិន​មក​ប្រជុំ​ស្រែក​ថា ចង់​ស៊ី​ថ្លើម​អត់? គាត់​ទៅ​ដាក់​បារាស​យក​លុយ​គេ គំរាម​កំហែង​​វ៉ៃ​គេ បង្ខាំង​មនុស្ស​ខុស​ច្បាប់។ គាត់​មាន​កាំភ្លើង មាន​ស្នា ទៅ​ជា​ហ្វូង ទៅ​ជា​ក្បួន ប្រឆាំង​ជាមួយ​នឹង​រដ្ឋ​អំណាច។ យើង​មាន​ភស្តុតាង មាន​ឯកសារ​ត្រឹមត្រូវ​ទុក​នៅ​តុលាការ»
ប៉ុន្តែ​លោក ប៊ុន រដ្ឋា បាន​ហៅ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក និង​អ្នក​ដទៃ​ទៀត ដូចជា​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​អាដហុក​នោះ គឺ​ជា​រឿង​រៀប​ចំ​ទុក​ជា​មុន​របស់​អាជ្ញាធរ​មន្ត្រី​រដ្ឋាភិបាល​ដែល​ខុស​ពី​ការ​ពិត​ទាំង​ស្រុង៖ «រដ្ឋាភិបាល​គាត់​អាច​និយាយ​ថា​អ៊ីចឹង​បាន។ ទី​មួយ​គាត់​មាន​វិទ្យុ មាន​ទូរទស្សន៍ គាត់​អាច​ផ្សព្វផ្សាយ​លឿន​ជាង​ខ្ញុំ ប៉ុន្តែ​ផ្ទុយ​មក​វិញ អាវុធ​ដែល​គាត់​ថា ប្រជាពលរដ្ឋ​កាន់​នោះ គឺ​ជា​អាវុធ​បុរាណ គឺ​គាត់​រៀបចំ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ បូក​រួម​ទាំង​បារាស​កុងត្រូល គឺ​ពី​មុន​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​កម្លាំង​ទៅ​នោះ គឺ​អត់​មាន​អាវុធ អត់​មាន​អី​ទេ ប៉ុន្តែ​រយៈពេល ៣​ថ្ងៃ​ដែល​លោក ហ៊ុន សែន បាន​ទៅ​ព័ទ្ធ​តំបន់​នោះ​មិន​ឲ្យ​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​អ្នក​សារព័ត៌មាន មិន​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ចូល គឺ​នៅ​ក្នុង​ពេល​នោះ​ហើយ​គាត់​ខំ​ប្រមែប្រមូល​ដឹក​អាវុធ​យក​ទៅ​គរ​ដាក់​តំបន់​នោះ ហើយ​ចាប់​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​កាន់​អាវុធ​ទាំង​អស់​ហ្នឹង ដើម្បី​បំភ័ន្ត​ភ្នែក​សាធារណជន​ថា ពិត​ជា​មាន​អាវុធ​មែន។ ប៉ុន្តែ​ផ្ទុយ​មក​វិញ បើ​លោក ហ៊ុន សែន កុំ​បិទ​ឃុំ​កំពង់ដំរី បី​ថ្ងៃ​ក្រោយ​ពី​គាត់​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​នោះ គឺ​គាត់​អាច​ចោទ​ប្រកាន់​ខ្ញុំ​បាន​មួយ​រយ​ភាគរយ»
លោក ប៊ុន រដ្ឋា អះអាង​ទៀត​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ និង​លោក ចាន់ សុវ៉េត នោះ​ឡើយ។
អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ស្រី មូរ សុខហួរ មាន​ប្រសាសន៍​ដែរ​ថា មក​ដល់​ពេល​នេះ​ហើយ​​រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​ភស្តុតាង​ពិត​ប្រាកដ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត៖ «តើ​ការ​ស៊ើប​អង្កេត​នោះ​ដល់​ណា​ហើយ? ហើយ​ត្រូវ​តែ​យក​មក​បង្ហាញ​នូវ​ភស្តុតាង​ទាំង​អស់ ហើយ​ភស្តុតាង​ដែល​យើង​ដឹង​នោះ ស្ទើរ​តែ​អត់​មាន​ទេ គឺ​អត់​មាន​តែម្តង»
អភិបាល​ខេត្ត​ក្រចេះ លោក ស ចំរ៉ុង មាន​ប្រសាសន៍​ថា រឿង​នេះ​ជា​បច្ចេកទេស​របស់​តុលាការ ដូច្នេះ​ភាគី​ពាក់ព័ន្ធ​បើ​យល់​ថា​ខ្លួន​ស្អាតស្អំ​នោះ គួរ​តែ​ចូល​ខ្លួន​មក​តុលាការ​ជា​ការ​ស្រេច៖ «ម៉េច​មិន​ចូល​មក គេ​បង្ហាញ​ភស្តុតាង ម៉េច​ចាំបាច់​រត់ ហើយ​ស្រែក​ពី​ចម្ងាយ​មក​ធ្វើ​អី? ចូល​មក​ក្នុង​មក ហើយ​តតាំង​គ្នា​តាម​ផ្លូវ​ច្បាប់។ គេ​មាន​ធ្វើ​អី​យើង​ឲ្យ​តែ​យើង​គោរព​ច្បាប់ គេ​ធ្វើ​តែ​អ្នក​មិន​គោរព​ច្បាប់​តើ!»
លោក ប៊ុន រដ្ឋា មាន​ប្រសាសន៍​ពី​ក្រៅ​ប្រទេស​ថា លោក​មិន​ខ្លាច​មក​តតាំង​ចំពោះ​មុខ​តុលាការ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​បញ្ហា​តុលាការ​មិន​ទាន់​មាន​ភាព​ឯករាជ្យ៖ «ខ្ញុំ​ចង់​ណាស់ ខ្ញុំ​មិន​ចង់​រស់​នៅ​របៀប​គេច​ខ្លួន​ដូច​សព្វ​ថ្ងៃ​ទេ ខ្ញុំ​ចង់​មាន​សេរីភាព ហើយ​ខ្ញុំ​ចង់​ជួយ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​រស់​នៅ​ស្រប​ច្បាប់ មិន​ទាន់​មាន​ដីធ្លី​ឲ្យ​បាន​ច្រើន​ទៅ​មុខ​ទៀត មិន​គួរ​ណា​ខ្ញុំ​ឆាប់​បញ្ចប់​ភារកិច្ច​របស់​ខ្ញុំ​សោះ។ ហេតុផល​ដែល​ខ្ញុំ​មិន​អាច​ទៅ​បក​ស្រាយ​នៅ​តុលាការ​បាន ដោយសារ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​អត់​ឯករាជ្យ។ នៅ​ថ្ងៃ​ទី​២៦ លោក ហ៊ុន សែន គាត់​បាន​និយាយ​ច្បាស់​ថា លោក​អាច​បង្វែរ​ពី​ដីកា​ចាប់​ខ្លួន​ទៅ​ជា​សាក្សី​បាន លោក​ហ៊ាន​ធានា​ជន​ណា​ដែល​ធ្វើ​ខុស​នៅ​ឃុំ​កំពង់ដំរី​ហ្នឹង ឲ្យ​ចេញ​មក​រួម​ដៃ​ជាមួយ​លោក ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ គាត់​ឲ្យ​គេ​រួច​ខ្លួន។ អ៊ីចឹង​បាន​ន័យ​ថា តុលាការ​នៅ​ក្នុង​ស្រុក​ខ្មែរ​ហ្នឹង ស្ថិត​នៅ​ក្រោម​គាត់​បញ្ជា​ទាំង​អស់ ដូច្នេះ​បើ​ខ្ញុំ​ទៅ​បំភ្លឺ​នៅ​តុលាការ តើ​ផល​វិជ្ជមាន ឬ​អវិជ្ជមាន?»
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ លោក អំ សំអាត គាំទ្រ​ឲ្យ​មាន​ការ​រក​ខុស​ត្រូវ​ដោយ​សន្តិវិធី និង​តាម​ផ្លូវ​ច្បាប់​ដើម្បី​បញ្ចប់​បញ្ហា ប៉ុន្តែ​លោក​ក៏​បារម្ភ​ចំពោះ​ឯករាជ​ភាព​របស់​តុលាការ​ដែរ ដែល​អាច​ធ្វើ​ឲ្យ​ជន​ជាប់​ចោទ​រង​គ្រោះ​ដោយ​អយុត្តិធម៌។
លោក អំ សំអាត៖ «ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​ទៅ​តុលាការ យើង​តែង​តែ​ឮ​ហើយ ទាំង​មតិ​ជាតិ អង្គការ​អន្តរជាតិ ជា​ពិសេស​អ្នក​រាយការណ៍​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ មក​ទស្សនកិច្ច ហើយ​ទៅ​វិញ​តែង​តែ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​មាន​ភាព​ឯករាជ»
ទោះ​យ៉ាង​ណា​លោក​យល់​ថា ការ​បក​ស្រាយ​របស់​លោក ប៊ុន រដ្ឋា អាច​ជា​ការ​សម្រាល​បន្ទុក​មួយ​ដល់​លោក ម៉ម សូណង់ដូ និង​លោក ចាន់ សុវ៉េត បើ​សិន​ជា​តុលាការ​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ពុំ​មាន​សម្ពាធ​ពី​ភាគី​ណា​មួយ​នោះ។
រឿងរ៉ាវ​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះ តុលាការ​ខេត្ត​ក្រចេះ បាន​ចាប់​ឃុំ​ខ្លួន​ជន​ជាប់​ចោទ ៣​នាក់​ និង​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស ៥​នាក់​ទៀត ដែល​គេ​ចាត់​ទុក​ថា ជា​មេដឹកនាំ​ចលនា​បំបែក​រដ្ឋ។ តែ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ពួក​គេ​ទាំង​នោះ​ចូល​សារភាព ដោយ​សន្យា​ថា គ្មាន​ការ​យក​ទោសពៃរ៍​នោះ​ទេ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ថា មនុស្ស ៤​នាក់ ដែល​មាន​ដីកា​ចាប់​ខ្លួន​នោះ បាន​សារភាព​អស់​ហើយ គឺ​នៅ​សល់​តែ​ឈ្មោះ ប៊ុន រដ្ឋា ប៉ុណ្ណោះ​ដែល​ជា​មេខ្លោង។
ការ​ចោទ​ប្រកាន់​ថា មាន​ការ​បង្កើត​តំបន់​អបគមន៍​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដោយ​ថា លោក ម៉ម សូណង់ដូ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​កុមារី ហេង ចន្ថា និង​ចលនា​ចង់​បំបែក​រដ្ឋ​នៅ​ភូមិ​ប្រម៉ា។
ករណី​ដដែល​នេះ​ក៏​បាន​បន្លាយ​ទាញ​យក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ជាប់​ពាក់ព័ន្ធ​ផង​ដែរ ដោយ​តុលាការ​ក្រុង​ភ្នំពេញ បាន​កោះ​ហៅ​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​អាដហុក (Adhoc) ឲ្យ​ចូល​បំភ្លឺ​ក្រោម​បទ​ចោទ​ថា ផ្ដល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ឬ​ផ្ដល់​ជំនួយ​ដល់​ជន​ជាប់​ចោទ​គេច​ខ្លួន។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​លោក ចាន់ សុរ៉េត ប្រកែក ហើយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចាត់​ទុក​ថា ជា​រឿង​នយោបាយ៕

0 comments:

Post a Comment