Monday, September 3, 2012

ក្រសួង​មហាផ្ទៃ​យល់​ព្រម​ឲ្យ​បង្កើត​គណបក្ស "សង្គ្រោះ​ជាតិ"


2012-09-02
ក្រសួង​មហាផ្ទៃ​យល់​ព្រម​ឲ្យ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តាម​ការ​ស្នើ​សុំ​ចុះ​បញ្ជី​បង្កើត​គណបក្ស​ថ្មី​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នោះ​ហើយ។
និម្មិតសញ្ញា គណបក្សសង្រ្គោះជាតិ

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​អ្នក​នាំ​ពាក្យ​សម្ព័ន្ធ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កញ្ញា ថា ក្រសួង​មហាផ្ទៃ បាន​ជូន​ដំណឹង​ឲ្យ​លោក​ដឹង​ថា ក្រសួង​មហាផ្ទៃ ទទួល​យក​សំណើ​ស្ដីការ​សុំ​បញ្ជី​បង្កើត​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ហើយ។
លោក ប៉ុល ហំម ជា​អនុ​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះអាសន្ន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា នៅ​ច័ន្ទ ទី​៣ កញ្ញា លោក​នឹង​ទៅ​យក​លិខិត​អនុញ្ញាត​ស្ដីពី​ការ​ទទួល​ស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ពី​ក្រសួង​មហាផ្ទៃ។
លោក ប៉ុល ហំម អះអាង​ទៀត​ថា ជា​ជំហាន​បន្ទាប់​ទៀត លោក​នឹង​រៀបចំ​រក​ស្នាម​មេដៃ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤​ពាន់​នាក់ ដើម្បី​ឲ្យ​គណបក្ស​នេះ​មាន​សុពលភាព៖ «ហើយ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ហ្នឹង​នៅ​ដដែល​ទេ ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​នេះ​មិន​ឈរ​ឈ្មោះ​ប្រកួតប្រជែង​បោះ​ឆ្នោត​នោះ​ទេ គឺ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​ចុះ​បញ្ជី​ប្រកួត​ប្រជែង​បោះ​ឆ្នោត ហើយ​សមាជិក​គណបក្ស​សិទ្ធិ​មនុស្ស និង​សមាជិក​គណបក្ស សម រង្ស៊ី នឹង​មក​ចូល​រួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ រួម​នឹង​សមាជិក​បក្ស​ដទៃ​ទៀត»
ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​ជំពូក​ទី​៥ បញ្ជាក់​ថា គណបក្ស​នយោបាយ​សុំ​ចុះ​បញ្ជី​គណបក្ស​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ៤​ពាន់​នាក់ មក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា។ សមាជិក​ទាំង​នោះ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ មាន​អាសយដ្ឋាន​​ស្នាម​មេដៃ​មាន​​ប័ណ្ណ​សមាជិក​គណបក្ស និង​កាលបរិច្ឆេទ​​ចូល​ជា​សមាជិកភាព គណបក្ស​នយោបាយ​ឲ្យ​បាន​ច្បាស់លាស់។
គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះអាសន្ន និង​លោក ប៉ុល ហំម ធ្វើ​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះអាសន្ន។
ក្រសួង​មហាផ្ទៃ​បាន​ទទួល​យក​សំណើ​សុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ នៅ​ក្រោយ​ពេល​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២០ សីហា កន្លង​ទៅ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​កញ្ញា។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​លើក​ឡើង​ថា នេះ​ជា​សញ្ញា​ល្អ​មួយ​ដែល​ក្រសួង​មហាផ្ទៃ បាន​បើក​ចំហ​ឲ្យ​ប្រកួតប្រជែង​ផ្នែក​នយោបាយ។
លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា។
លោក​មាន​ប្រសាសន៍​ថា ជា​បញ្ហា​ចោទ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​ខាង​មុខ​នោះ នៅ​ត្រង់​ថា កន្លង​មក​ទាំង​រដ្ឋាភិបាល ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ទទួល​ស្គាល់​លោក សម រង្ស៊ី ពីព្រោះ​ថា គេ​ចាត់​ទុក​លោក សម រង្ស៊ី ជា​ទណ្ឌិត៖ «ការ​យល់​ព្រម​ដោយ​ក្រសួង​មហាផ្ទៃ គឺ​ស្រប​នឹង​នីតិវិធី​ហើយ និង​ជា​ការ​បើក​ចំហ​ខាង​ប្រកួត​ប្រជែង​ខាង​នយោបាយ»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ប៉ុល ហំម ពន្យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សមាជ​នៅ​ពេល​ខាង​មុខ ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​លោក ប៉ុល ហំម បញ្ជាក់​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​លោក សម រង្ស៊ី រី​ឯ​អនុ​ប្រធាន​គណបក្ស ​គឺ​លោក កឹម សុខា ដូច​ដែល​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កន្លង​មក។ 
កាលបរិច្ឆេទ​ចុះ​ឈ្មោះ​តំណាង​គណបក្ស​នយោបាយ​ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​​​​ទី​៥ ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២។ ចំណែក​ឯ​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ៕


0 comments:

Post a Comment