Wednesday, September 5, 2012

លោក ហ៊ុន សែន បន្ត​ពន្យល់​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម


2012-09-04
ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​បន្ត​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ដែល​គណបក្ស​ប្រឆាំង​រិះគន់។
៤-មេសា-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​
កាសែត​បិទ​បញ្ចប់​កិច្ច​ប្រជុំ​អាស៊ាន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។
នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​ជាង ៦​ពាន់​នាក់ មក​ពី​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម មក​ពន្យល់​ពី​​​ផ្ទៃដី​របស់​កម្ពុជា កើន​ផ្ទៃ​ក្រឡា​លើស​ពី ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ មិន​មែន​កម្ពុជា បាន​ពី​វៀតណាម ពី​ថៃ ឬ​ពី​​ប្រទេស​ឡាវ​ទេ ប៉ុន្តែ​ជា​កំហុស​បច្ចេកទេស​នៃ​ការ​វាស់ដី​​គ្មាន​ឧបករណ៍​​ទំនើប​ពី​សម័យ​មុន។
លោក ហ៊ុន សែន បន្ថែម​ដូច្នេះ៖ «ជំនាន់​នោះ​វាស់​តាម​ខ្សែ តាម​ប៉ាន់ស្មាន។ សំណាង​ដែរ​វាស់​ចេញ ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ ជា​សំណាង។ ប៉ុន្តែ​បើ​សិន​ពេល​ហ្នឹង​ស្រាប់​តែ​បារាំង ប្រកាស​ថា ផ្ទៃ​ដី​កម្ពុជា មាន​ទំហំ ២០០​ពាន់​គីឡូម៉ែត្រ​ការ៉េ រលាយ​ហើយ មិន​ដឹង​ជា​ទៅ​រក​ដី​មក​ពី​ខាង​ណា​មក​ទេ រលាយ​ហើយ។ ...ពេល​ហ្នឹង​ច្បាស់​ជា​អ្វី​ដែល​គេ​ចោទ​ថា បាត់​រាប់​រយ​រាប់​ពាន់​គីឡូម៉ែត្រ​ការ៉េ ត្រឹមត្រូវ​របស់​គេ​ហើយ។ ប៉ុន្តែ​ពេល​នេះ​សំណាង​ហើយ​វាស់​ទៅ​វា​លើស»
​​​ទាក់ទិន​បញ្ហា​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា បាន​មក​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​អនុវត្ត​ក្នុង​ពេល​ខាង​មុខ។
បញ្ហា​នេះ លោក ហ៊ុន សែន បាន​ចំណាយ​ពេល ៥​ម៉ោង និង ២០​នាទី ក្នុង​សភា​ជាតិ ដោយ​មាន​បញ្ចាំង​បង្ហាញ​រូបភាព​ផែនទី​ដែន​ទឹក និង​ដែន​គោក ​រវាង​កម្ពុជា និង​វៀតណាម ដែល​​​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម និង​​របប​លោក​សេនា​ប្រមុខ លន់ នល់។
ប្រមុខ​ដឹកនាំ​បង្ហាញ​ថា ផ្ទៃ​ដី​សរុប​ដែល​កម្ពុជា​ បាន​លយ​ចូល​​​វៀតណាម ​មាន​ជា ៩០០​ហិកតារ ចំណែក​ឯ​ផ្ទៃ​ដី​សរុប​​ដែល​វៀតណាម លយ​ចូល​កម្ពុជា ​មាន​ជាង ២.១០០​ហិកតារ។ ដូច្នេះ​ហើយ កម្ពុជា និង​វៀតណាម ចាំបាច់​ត្រូវ​តែ​ដោះ​ដូរ​ភូមិ ឬ​កាត់​ដី​មួយ​ចំនួន​ដើម្បី​ទូទាត់​​គ្នា។
ត្រង់​ចំណុច​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី នៅ​តែ​មាន​ចម្ងល់ និង​ទាមទារ​ឲ្យ​ប្រមុខ​ដឹកនាំ​ឆ្លើយ​បំភ្លឺ ឬ​ចង្អុល​បង្ហាញ​ភូមិ​ណា​ខ្លះ ដែល​កម្ពុជា​ត្រូវ​ដោះ​ដូរ​ឲ្យ​វៀតណាម ឬ​វៀតណាម​ដោះដូរ​ឲ្យ​កម្ពុជា នា​ពេល​ខាង​មុខ។
លោក សុន ឆ័យ៖ «រឿង​ដែល​ថា វៀតណាម​យក​ភូមិ​ខ្មែរ​អស់​មួយ​ចំនួន ហើយ​នៅ​ខ្វះ​យើង​ជាង ១​ពាន់​ហិកតារ យើង​នៅ​តែ​បន្ត​សួរ​ទៀត​ថា តើ​យើង​បោះ​បង្គោល​ម្ដេច​កើត? ពីព្រោះ​រដ្ឋាភិបាល​មាន​ផែនការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​ចប់​នៅ​ឆ្នាំ​២០១២។ ប៉ុន្តែ​បើ​យួន មិន​ទាន់​សង​ភូមិ​យើង ឬ​ដី​យើង​ជាង ១​ពាន់​ហិកតារ​ផង តើ​យើង​បោះ​បង្គោល​បញ្ច​ប់ម្តេច​កើត? ដូច្នេះ​យើង​តាម​ពិនិត្យ​ថា តើ​អ្វី​ដែល​ជា​ចំលើយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ហ្នឹង មាន​ភូមិ​ប៉ុន្មាន​ដែល​ពលរដ្ឋ​បញ្ជាក់​ថា ត្រូវ​យួន​យក​ទៅ ហើយ​រដ្ឋាភិបាល​ក៏​បាន​សារភាព​ថា យួន​មិន​ទាន់​សង​មក​វិញ​នោះ​នៅ​ទី​ណា​ខ្លះ ដើម្បី​ឲ្យ​យើង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង»
​បញ្ហា​ដូរ​ភូមិ​តាម​ព្រំដែន លោក ហ៊ុន សែន បាន​ពន្យល់​ថា ប្រទេស​កម្ពុជា-​វៀតណាម ត្រូវ​អនុវត្ត​​តាម​រូបមន្ត​រុះរើ​ខ្សែ​ផែនទី​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ផល​ប៉ះពាល់​ជាក់ស្ដែង​ មិន​មែន​កាត់​ភូមិ​ដូនតា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។
លោក ហ៊ុន សែន៖ «ជម្រើស​ជម្លៀស​ប្រជាជន​កាត់​ភូមិ​ខ្មែរ​ឲ្យ​វៀតណាម កាត់​ភូមិ​វៀតណាម ឲ្យ​ខ្មែរ អា​ជម្រើស​ហ្នឹង​ទៅ​មិន​រួច​ទេ។ ជម្រើស​រើ​ភូមិ​វៀតណាម​ចេញ ឬ​រើ​ភូមិ​ខ្មែរ​ចេញ អា​ជម្រើស​ហ្នឹង​ក៏​ទៅ​មិន​រួច​ដែរ នៅ​តាំង​ពី​ដូនតា​ផ្នូរ​ខ្មោច​ផ្នូរ​អី​នៅ​ទី​នោះ​ទាំង​អស់។ អ៊ីចឹង​សល់​តែ​ជម្រើស​តែ​១​គត់ ដែល​ងាយ​ស្រួល​ជាង​គេ គឺ​ជម្រើស​ខ្សែ​ផែនទី​សារ៉េ​ទៅ​តាម​ការ​កាន់​កាប់​ជាក់​ស្ដែង​របស់​ប្រជាពលរដ្ឋ»
​របាយការណ៍​​​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​ផ្ទៃដី​ដែល​កម្ពុជា លយ​ចូល​​វៀតណាម សរុប​ចំនួន ៩១៦​ហិកតារ និង​វៀតណាម លយ​ចូល​មក​ប្រទេស​កម្ពុជា សរុប​ចំនួន ២.១៦០​ហិកតារ គឺ​​​នៅ​ខេត្ត​កំពង់ចាម កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ៣៨៥​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ៨២៥​ហិកតារ។
នៅ​ខេត្ត​ស្វាយរៀង កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ២៨៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ១.១០០​ហិកតារ។ នៅ​ខេត្ត​ព្រៃវែង កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ៥៤​ហិកតារ​ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ៣០​ហិកតារ។
នៅ​ខេត្ត​តាកែវ កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​ជាង ១៥៩​ហិកតារ​ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ១៥១​ហិកតារ។ នៅ​ខេត្ត​កំពត កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​ជាង ២៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ ៥៣​ហិកតារ។
ខេត្ត​ដែល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​ដោះដូរ​ទឹក​ដី​ឆាប់ៗ​នេះ មាន​​ខេត្ត​កំពង់ចាម ខេត្ត​កំពត និង​ខេត្ត​តាកែវ។ រី​ឯ​ខេត្ត​ស្វាយរៀង និង​ខេត្ត​មួយ​ចំនួន​ទៀត កំពុង​​​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា៕

0 comments:

Post a Comment