Wednesday, February 1, 2012

នាយក​រដ្ឋ​មន្ត្រី​គំរាម​បញ្ឈប់​តួនាទី ណា ម៉ារឌី រឿង​បាញ់​ពលរដ្ឋ


postkhmer /WEDNESDAY, 01 FEBRUARY 2012 12:03
ម៉ៃ ទិត្យថារ៉ា​

120201_03
ពលរដ្ឋ​នៅ​ភូមិ​​វាល​​បី​ផ្ទុះ​កំហឹង​បិទ​​ផ្លូវ​​៧៦​អា​ បន្ទាប់​​ពី​សន្តិសុខ​​​បាញ់​អ្នក​ភូមិ​​។ រូបថត ជីវ័ន​
មណ្ឌលគិរីៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​គំរាម​បញ្ឈប់​តួនាទី​ទីប្រឹក្សា​របស់​លោក​ឧកញ៉ា ណា ម៉ារឌី  ដែល​ជា​ប្រធាន​ក្រុមហ៊ុន TTY  និង​គំរាម​ដក​អាជ្ញា​ប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​នេះ ប្រសិន​បើ​លោក​មិន​ប្រគល់​សន្តិសុខ​ដែល​បាន​បាញ់ និង​បង្ក​របួស​ធ្ងន់ធ្ងរ​លើ​អ្នក​ភូមិ ៤ នាក់ ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម នៅ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មករា​នោះ​ទេ។
លោក ថ្លែងថា៖ «​ខ្ញុំ​នឹង​បញ្ឈប់​លោក​[ណា ម៉ារឌី] ជា​ទីប្រឹក្សា​នាយក​រដ្ឋ​មន្រ្តី [ប្រសិន​បើ​លោក​មិន​ប្រគល់​អ្នក​ទាំង​នោះ​ទេ​]។ ក្រុមហ៊ុន​មិន​រួច​ពី​កំហុស​ទេ​ យើង​ត្រូវ​សួរ​ថា ​តើ​ក្រុមហ៊ុន​បាន​កាំភ្លើង​បែប​នេះ​ពី​ណា​មក ហើយ​អ្នក​បាញ់​ជា​អ្នក​ណា ព្រោះ​យើង​មាន​រូប​»។
អាជ្ញាធរ​បាន​ប្រកាស​ពី​ម្សិលមិញ​ថា សន្តិសុខ កែ សុវណ្ណា អាយុ ២៩ ឆ្នាំ សន្តិសុខ យុន ឆៃណា អាយុ​៣២​ឆ្នាំ និង​សន្តិសុខ ភីន អឿន អាយុ​៣៥​ឆ្នាំ ជា​សន្តិសុខ​ដែល​អាជ្ញាធរ​តាម​ចាប់​ខ្លួន ដើម្បី​ធ្វើ​ការ​សាក​សួរ​អំពី​ការ​បាញ់​ប្រហារ​នោះ។
ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ ៧៦ ក្នុង​ខេត្ត​មណ្ឌលគិរី លោក ហ៊ុន សែន ថា លោក ណា ម៉ារឌី ត្រូវ​ទទួល​ខុស​ត្រូវ​នាំ​មនុស្ស​ដែល​នគរបាល​តាម​ចាប់​ខ្លួន​មក​ឲ្យ​នគរបាល ហើយ​រក​មេធាវី​ឲ្យ​គេ ដោយ​លោក​ព្រមាន​ថា លោក ណា ម៉ារឌី អាច​ជា​អ្នក​ដែល​ត្រូវ​គេ​សាកសួរ​វិញ ប្រសិន​បើ​គាត់​មិន​ព្រម​អនុវត្ត​​តាម​។
លោក ហ៊ុន សែន បាន​បន្ត​ថា ប្រសិន​បើ​ក្រុមហ៊ុន TTY ​ត្រូវ​បាន​រក​ឃើញ​ថា កំពុង​ផ្តល់​កន្លែង​ឲ្យ​បុរស​ទាំង​បីនាក់​នេះ ក្រុមហ៊ុន​នឹង​ត្រូវ​ទទួល​ទណ្ឌ​កម្ម​។
សន្តិសុខ​ក្រុមហ៊ុន​ម្នាក់ បាន​បាញ់​កាំភ្លើង AK 47 ទៅ​ក្រុម​ប្រជាជន ៤០០ នាក់​ដែល​បាន​ព្យាយាម​រារាំង​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​កុំ​ឲ្យ​ឈូស ចម្ការ​ដំឡូង​មី​ពួក​គេ ក្នុង​ភូមិ​វាល​បី ឃុំ​២​ធ្នូ ស្រុក​ស្នួល កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មករា​កន្លង​ទៅ។
បុរស​ម្នាក់​រង​របួស​ធ្ងន់​ដោយ​រង​គ្រាប់​កាំភ្លើង​ជាច្រើន​កន្លែង ហើយ​បី​នាក់​ទៀត​ក៏​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​ដែរ។ ក្រោយ​មក មាន​លេច​រូបថត​សន្តិសុខ​ម្នាក់​ឈរ​លើ​គ្រឿង​ចក្រ​តម្រង់​កាំភ្លើង​មក កាន់​ប្រជាជន​។
លោក ហ៊ុន សែន បាន​បន្ត​ថា៖ «​ខ្ញុំ​សោកស្តាយ​បញ្ហា​នេះ ហើយ​ខ្ញុំ​ចាត់​ទុក​ជា​បញ្ហា​ធ្ងន់ធ្ងរ ដែល​មិន​អាច​លើក​លែង​ទោស​បាន​ យើង​កំពុង​បង្ហួរ​ឈាម​ប្រជាជន​នៅ​ទី​នេះ​។ ខ្ញុំ​ថ្កោល​ទោស​សកម្មភាព​នេះ​ហើយ​មិន​អាច​លើក​លែង​ទោស​វា​ទេ​។ ខ្ញុំ​សូម​អភ័យ​ទោស​គ្រួសារ​ជន​រងគ្រោះ ... វា​មិន​គួរ​កើត​ឡើង​ទេ​»។
កាល​ពី​ឆ្នាំ ២០០៨ ​ក្រុមហ៊ុន TTY ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ទ ៩​ពាន់​ហិកតា ​ក្នុង​នោះ​មាន​ស្រែ​ចម្ការ​និង​ផ្ទះ​របស់​ប្រជាជន​ក្នុង​ភូមិ​វាល​បី។ ប៉ុន្តែ ពី​ថ្ងៃ​ចន្ទ ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ភូមិ​វាលបី លោក ម៉ុក ម៉ារ៉េត ​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន បាន​សន្យា ​ប្រគល់​ដី​ឲ្យ​ប្រជាជន​វិញ។
លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​បញ្ជា​រួច​ហើយ​ឲ្យ​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ចាប់​ខ្លួន​សន្តិសុខ​ដែល​បាន​បាញ់​លើ​ប្រជាជន​ ហើយ​ជំរុញ​ឲ្យ​ជន​ល្មើស​ប្រគល់​ខ្លួន ​ដោយ​ព្រមាន​ថា ប៉ូលិស​អន្តរជាតិ​នឹង​ចាប់​ខ្លួន​ពួក​គេ បើ​ពួក​គេ​រត់​ទៅ​ក្រៅ​ប្រទេស​។
លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​គំរាម​ចាត់​វិធានការ​លើ​ក្រុមហ៊ុន ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាជន។ លោក​ថ្លែង​ថា ៖ «យើង​នឹង​ដក​អាជ្ញា​ប័ណ្ណ​ទាំង​អស់​ពី​ក្រុមហ៊ុន ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច បើ​គេ​ប្រើ​អំពើ​ហិង្សា»។
លោក​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ណា​ក៏​ដោយ​ដែល​ទទួល​សិទិ្ធ​អភិវឌ្ឍន៍​ដី មាន​ករណី​កិច្ច​ត្រូវ​ធានា​ថា ប្រជាជន​មិន​ត្រូវ​បាន​ធ្វើ​បាប ហើយ​ត្រូវ​រក​ដំណោះស្រាយ​ដល់​អ្នក​ទាំង​ឡាយ​ ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​អភិវឌ្ឍ​។  ​លោក​បន្ត​ថា ដំណោះស្រាយ​នឹង​រក​ជូន​ប្រជាជន​ជា​ដី​ឬ​ប្រាក់​ ហើយ​បាន​ជំរុញ​ពួក​គេ​កុំ​ឲ្យ​លេង​ហ្គេម​ជាមួយ​នឹង​រដ្ឋាភិបាល​។
លោក ហាក់ ហ៊ន ព្រះ​រាជ​អាជ្ញា​រង​ក្នុង​ខេត្ត​ក្រចេះ បាន​ថ្លែងថា សេចក្តី​លម្អិត​អំពី​រឿង​ក្តី​នេះ បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​រួច​ហើយ ហើយ​ថា សន្តិសុខ​ទាំង ៣ ដែល​កំពុង​តាម​ចាប់​ខ្លួន សាកសួរ​នោះ គឺ​លោក កែ សុវណ្ណា យុន ឆៃណា និង​ឈ្មោះ ភីន អឿន។  ​លោក​បញ្ជាក់​ថា៖ «​ចៅក្រម​ស៊ើប​សួរ​នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់ និង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត ដើម្បី​សិក្សា​អំពី​សាវតារ​ពួក​គេ»។
លោក ហេង សារ៉ាត ​អគ្គ​នាយក​រង​នៃ​ក្រុមហ៊ុន TTY ​បាន​ថ្លែង​ថា លោក​គ្មាន​ព័ត៌មាន​អំពី​ទីកន្លែង​របស់​សន្តិសុខ​ទេ​។ លោក​ថា៖ «​ខ្ញុំ​កំពុង​ស៊ើប​រក​អ្នក​ដែល​បំផ្លាញ​ក្រុមហ៊ុន​»។​ លោក​បន្ត​ថា សកម្មភាព​នេះ​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​យក​ដី​វិញ។
លោក អ៊ូច ឡេង ប្រធាន​កម្មវិធី​ដី​ធ្លី​នៅ​អង្គការ​អាដហុក​ថ្លែង​ថា លោក​ស្វាគមន៍​សុន្ទរ​កថា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ប៉ុន្តែ​ លោក​ឆ្ងល់​ថា ​មូល​ហេតុ​អ្វី​ថ្ងៃ​នោះ​ជន​ល្មើស​មិន​ត្រូវ​ចាប់​ខ្លួន៕ TK

0 comments:

Post a Comment