Friday, February 3, 2012

លោក ហ៊ុន សែន ចោទ​លោក ប៉ែន សុវណ្ណ ថា​ជា​មនុស្ស​របស់​វៀតណាម

2012-02-03
លោក ហ៊ុន សែន បាន​ចោទ​លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​វៀតណាម កាន់កាប់​កម្ពុជា ក្នុង​ទសវត្សរ៍ ៨០ ថា ជា​មនុស្ស​ជំនិត​របស់​ទីក្រុង​ហាណូយ។

១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ ។ RFA/Sok Serey


បញ្ហា​វៀតណាម នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​ដដែល​ចំពោះ​អ្នក​នយោបាយ​ខ្មែរ​លើក​យក​មក​បន្តុះ​ បង្អាប់ និង​ចោទ​ដាក់​គ្នា​ទៅវិញ​ទៅ​មក​តាំង​ពី​ជំនាន់​មុន​មក​ដល់​ជំនាន់​នេះ។ ជា​ពិសេស បញ្ហា​នេះ​បាន​កើត​មាន​ឡើង​យ៉ាង​ញឹក​ញាប់ និង​ក្ដៅ​គគុក​ក្នុង​របប​នយោបាយ​ខ្មែរ​គ្រប់​អាណត្តិ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ នៅ​ពេល​កង​ទ័ព​វៀតណាម ចូល​មក​ប្រទេស​កម្ពុជា វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត មក​ទល់​ឆ្នាំ​២០១២​នេះ។
ជា​ថ្មី​ម្ដង​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា យ៉ាង​ចាស់​ដៃ​ថា លោក ប៉ែន សុវណ្ណ ជា​អ្នក​តស៊ូ​កុម្មុយនិស្ត​ខ្មែរ​ម្នាក់ បម្រើ​ឲ្យ​កុម្មុយនិស្ត​វៀតណាម តាំង​ពី​នៅ​តូច​ម្ល៉េះ តែ​ធ្វើ​ជា​ដើរ​តួ​ប្រឆាំង​វៀតណាម។
លោក ហ៊ុន សែន៖ «ហើយ​តាំង​ខ្លួន​ជា​បិតា ៧ មករា ហើយ​អី​ថា គេ​ហ្នឹង​ស្នេហា​ជាតិ គេ​ប្រឆាំង​វៀតណាម។ ប្រឆាំង​វៀតណាម​អី? វៀតណាម​យក​ទៅ​ចិញ្ចឹម​តាំង​ពី​ក្រោយ​ឆ្នាំ ៥៩ ក្រោយ​សន្និសីទ​ហ្សឺណែវ អី? ហេ! កោត​តែ​ចេះ​និយាយ​ទៅ​រួច!»
ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​មួយ​នៅ​ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​ទី​២ កុម្ភៈ លោក ហ៊ុន សែន បាន​អះអាង​ថា លោក ប៉ែន សុវណ្ណ ជា​អ្នក​ដឹកនាំ​មិន​មាន​អាជីព និង​មិន​ចុះសម្រុង​នឹង​ថ្នាក់​ដឹក​ខ្មែរ​ដែល​មាន​រូប​លោក​កាល​នោះ​ជា​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហេង សំរិន ប្រធាន​រដ្ឋ និង​លោក ជា ស៊ីម ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។
លោក​បាន​រំលឹក​ថា នៅ​ពេល​នោះ លោក ប៉ែន សុវណ្ណ បាន​ដឹក​នាំ​កម្លាំង​ទៅ​ឆែកឆេរ​ផ្ទះ​អ្នក​ដឹក​នាំ​ខ្មែរ​កំពូល​ៗ​ដោយ​សង្ស័យ ​ថា បាន​បង្កើត​កម្លាំង​ប្រឆាំង​វៀតណាម ដែល​​មាន​វត្តមាន​លោក នាង ផាត ដែល​បច្ចុប្បន្ន​ជា​ឧត្ដមសេនីយ៍​យោធា​មួយ​រូប​ចូល​រួម​ផង។
លោក ហ៊ុន សែន៖ «ផាត ឯង​មិន​ទៅ​ដែរ ហើយ​មិន​ឆែក​ផ្ទះ​បង ជា ស៊ីម ដែរ? ហើយ​ផ្ទះ​បង ហេង សំរិន ទៀត ប៊ិះ​ផ្ទះ​ខ្ញុំ​ទៀត​ថ្ងៃ​នោះ។ នែ! លេង​ដល់​ថ្នាក់​ហ្នឹង បាន​គេ​ដេញ​ចោល បាន​គេ​ចាប់​នោះ។ អា​រឿង​ហ្នឹង​និយាយ​តិច​ទៅ​ចុះ បិតា ៧ មករា​នោះ ហើយ​មក​ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ អត់​មាន​ទាហាន​មួយ​គ្រាប់​ទេ​អា​សត្វ​ហ្នឹង ហើយ​ចេះ​តែ​ថា ខ្ញុំ បង ហេង សំរិន បង ជា ស៊ីម ធ្វើ​ជា​ទាហាន​វា​ទៀត​ណាស់ វា​ឆ្ងាញ់​អា​ត្រង់​ហ្នឹង។ និយាយ​បន្តិច​ទៅចុះ​រឿង​អាថ៌​កំបាំង​ជាន់​ដើម។ អា​ហ្នឹង​ពាក់​សក្ដិ ២ កង​ទ័ព​វៀតណាម​តើ!»
លោក ប៉ែន សុវណ្ណ ត្រូវ​បាន​វៀតណាម ចាប់​ដាក់​គុក​នៅ​ទី​ក្រុង​ហាណូយ ឆ្នាំ​១៩៨១ ដោយសារ​រិះគន់ និង​ជំទាស់​នយោបាយ​វៀតណាម ក្នុង​ពេល​លោក​មាន​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ ជាង ១០​ឆ្នាំ​ក្រោយ​មក លោក​ត្រូវ​ដោះ​លែង​វិញ។ បច្ចុប្បន្ន​លោក​ធ្វើ​នយោបាយ​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា ដែល​ដែល​ជា​រឿយៗ​តែង​​រិះគន់​លោក​នាយករដ្ឋមន្ត្រី និង​បក្ស​ប្រជាជន​កម្ពុជា។ តែ​លោក​នាយ​រដ្ឋមន្ត្រី​បាន​រិះគន់​តប​វិញ​ថា លោក ប៉ែន សុវណ្ណ ធ្វើ​នយោបាយ​ប្រឆាំង​វៀតណាម បែរ​ជា​យក​ប្រពន្ធ​ជនជាតិ​វៀតណាម។
ឆ្លើយ​តប​នឹង​ពាក្យ​ចោទ​ប្រកាន់​ដែល​ថា វៀតណាម​បាន​យក​លោក​​ទៅ​​ចិញ្ចឹម​តាំង​ពី​មុន​ទសវត្សរ៍ ៦០ នោះ។ លោក ប៉ែន សុវណ្ណ បាន​ឆ្លើយ​ថា លោក​បាន​ទៅ​រៀន​នយោបាយ​នៅ​វៀតណាម​មែន តែ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បញ្ជូន​ទៅ​ទេ។ លោក​រំលឹក​ថា កាល​នោះ​មាន​កូន​ខ្មែរ​ក្មេងៗ​ប្រហែល ១០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​ជាមួយ​លោក។
ចំពោះ​ទស្សនៈ ៧ មករា វិញ លោក​យល់​ឃើញ​ផ្ទុយ​ពី​លោក​នាយករដ្ឋមន្ត្រី ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស៖ «ទស្សនៈ ​របស់​ខ្ញុំ និង កឹម សុខា អត់​ខុស​គ្នា​ទេ ដូចគ្នា​ត្រង់​ថា ៧ មករា ខ្មែរ​ក្រហម​​ដួល​រលំ ហើយ​ថ្ងៃ​ហ្នឹង​ប្រជាពលរដ្ឋ​កម្ពុជា រួច​ចាក​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍។ ប៉ុន្តែ​ប្រឆាំង ៧ មករា ដោយ​យួន​ឆ្លៀត​ឱកាស​ជួយ​ខ្មែរ​ដើម្បី​យក​ទឹក​ដី​ខ្មែរ​ត្រួតត្រា​ក្រោម​ កណ្ដាប់​ដៃ​របស់​យួន។ អា​ហ្នឹង​ដែល​ខ្ញុំ​ប្រឆាំង»
ទាក់ទង​រឿង​ឆែក​ផ្ទះ​អ្នក​ដឹក​ដែល​លោក ហ៊ុន សែន បាន​លើក​ឡើង​នោះ លោក ប៉ែន សុវណ្ណ រំលឹក​ថា កាល​នោះ​ជំនាញការ​វៀតណាម មិន​ទុក​ខ្មែរ​ទេ ហើយ​មាន​ផែនការ​វែក​មុខ​អ្នក​ដែល​ប្រឆាំង​វៀតណាម ព្រោះ​ថា មាន​មន្ត្រី​ខ្មែរ​ជា​ច្រើន​ដែល​មិន​ពេញ​ចិត្ត​វត្តមាន​កងទ័ព និង​អន្តោប្រវេសន៍​ វៀតណាម ​នៅ​លើ​ទឹក​ដី​ខ្មែរ។
លោក ប៉ែន សុវណ្ណ៖ «ដល់​ពេល​ហ្នឹង​លោក ជា ស៊ីម កាល​នោះ​ក៏​មាន​គំនិត​ប្រឆាំង​យួន​ដែរ។ គាត់​ចង់​កសាង​កម្លាំង​​ប្រដាប់​អាវុធ​របស់​គាត់​ដោយ​ឡែក​នៅ​មុខ​កំពូល ហើយ​ដល់​យួន​ឃើញ​អ៊ីចឹង គេ​បង្កើត​សេរីកា ក្រសួង​ការបរទេស​របស់ ហ៊ុន សែន ក៏​មាន​ដែរ គ្រប់​ក្រសួង​មន្ទីរ​ពួក​សេរីកា​ទាំង​អស់ ហើយ​កាល​ហ្នឹង​ចាប់​ពាយ​តែម្ដង»
លោក ប៉ែន សុវណ្ណ ដែល​ជា​កូន​ចៅ​អ្នក​តាកែវ កើត​នៅ​ឆ្នាំ​១៩៣៦ ហើយ​ចូល​បក្ស​កុម្មុយនិស្ត​តាម​រយៈ តា ម៉ុក ក្នុង​ទសវត្សរ៍ ៥០ បាន​រំលឹក​ដែរ​ថា នៅ​ទសវត្សរ៍​ឆ្នាំ​៨០ វៀតណាម​ក៏​បាន​បង្កើត​ចលនា​តស៊ូ​ក្លែង​ក្លាយ ដើម្បី​​វែក​មុខ​រក​អ្នក​ស្មោះ​ត្រង់ ​និង​អ្នក​ក្បត់​វៀតណាម​ដែរ។ លោក​ថា នៅ​ពេល​ដែល​ក្រុម​ខ្មែរ​តស៊ូ​នៅ​ជំរំ​ព្រំដែន​ថៃ បង្កើត​ចលនា​នេះ​ចូល​នៅ​ក្នុង​ប្រទេស​ដូច​គ្នា ហើយ​មាន​ខ្មែរ​ជាច្រើន​ធ្លាក់​ចូល​អន្ទាក់​នេះ។
លោក ប៉ែន សុវណ្ណ៖ «គឺ​មហិច្ឆតា​របស់​យួន គេ​ចង់​រែង​ច្រោះ​រក​ឲ្យ​ឃើញ​ខ្មែរ​សេរី ខ្មែរ​ណា​ជាតិ​និយម​ណា​ប្រឆាំង​យួន។ ម្ល៉ោះ​ហើយ​យួន​បង្កើត​ចលនា​តាំង​ពី​ជំរំ ០០៧ នៅ​ណងចាន់ ហើយ​គេ​ចាប់​ប្រជាជន​នៅ​ទី​ក្រុង​ភ្នំពេញ។ ជា​ពិសេស​ចាប់​តាម​ក្រសួង​មន្ទីរ ហើយ​ដល់​ខ្មែរ​យើង​កាល​ហ្នឹង​ខឹង​យួន​ត្រួតត្រា ឮ​ថា ពូក​សេរីកា ឬ​អ្នក​ជាតិ​និយម ដើម្បី​រួម​ចំណែក​ដើម្បី​ប្រឆាំង​យួន»
ចំពោះ​ការ​ចោទ​ប្រកាន់​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក ប៉ែន សុវណ្ណ នេះ អ្នកស្រី ពុង ឈីវកេក ក្នុង​នាម​អ្នក​វិភាគ​នយោបាយ​ក្នុង​ស្រុក​ឯករាជ្យ មាន​ប្រសាសន៍​ថា មិន​មែន​រឿង​ថ្មី​នោះ​ទេ ហើយ​ក៏​កើត​ឡើង​ជា​ញឹកញាប់​មក​ហើយ។ ហេតុផល​គឺ​ដោយសារ​តែ​ដណ្ដើម​​ប្រជាប្រិយភាព​នយោបាយ​គ្នា ព្រោះ​ថា រដូវ​បោះ​ឆ្នោត​ជិត​មក​ដល់៕

0 comments:

Post a Comment