Sunday, March 25, 2012

សមត្ថកិច្ចកំពុងតាមចាប់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលការពារព្រៃឡង់ ២ នាក់ ទាំងយប់នៅកំពង់ធំ

ថ្ងៃទី 25 មីនា 2012, ម៉ោង 10:58:PM | ដោយ: រតនា
កំពង់ធំ: សកម្មជន​ការពារ​ព្រៃឈើម្នាក់ និង​មន្រី្តអង្គការសិទ្ធិមនុស្ស​ម្នាក់​ប្រឈម​នឹង​ការ​តាម​ចាប់ខ្លួន​ពី​ សំណាក់​អាជ្ញាធរ​កងកំលាំងប្រដាប់អាវុធ​ជាច្រើន​នាក់​នៅ​ខេត្តកំពង់ធំ នៅ​យប់​ថ្ងៃទី​២៥​មីនា ឆ្នាំ​២០១១ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ចាន់ សុ​វេត មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ដែល​បាន​តាមដាន​ឃ្លាំមើល​សហគមន៍​ព្រៃ បាន​ចូលទៅ​ប្រមូល​ភស្តុតាង​នៅក្នុង​តំបន់​ព្រៃ​ឡង់​។​

​ លោក​ចាន់ សុ​វេត បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ពី​តំបន់​មាន​សេវា​នៅក្នុង​ព្រៃ​ឡង់​ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រហូតមកដល់​យប់ម៉ោង​៩ ថ្ងៃទី​២៥​មីនា នេះ​មានកំលាំងប្រដាប់អាវុធ​ជា​នគរបាល ប៉េអឹម ជាច្រើន​សិប​នាក់​ប្រដាប់​ដោយ​អាវុធ បាន​តាមឃ្លាំមើល​រាល់​សកម្មភាព​របស់​អង្គការសិទ្ធិមនុស្ស និង​សហគមន៍​ការពារ​ព្រៃឈើ ដែល​តាម​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ទាំង​នោះបាន​បញ្ជាក់ថា កំលាំងប្រដាប់អាវុធ​ទាំងនោះ​ឆ្មក់​ចាប់ខ្លួន​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​ ២ ​នាក់ ទី​១​លោក​ឆុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​ទី​២ លោក​ឈឹម សាវុធ មន្ត្រី​សម្របសម្រួល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។​

​ការ​តាម ​ចាប់ខ្លួន​មន្ត្រី​ទាំង ​២ ​នាក់​នេះ ពីព្រោះ​នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា ឆ្នាំ​២០១២ តំណាង​សហគមន៍​ព្រៃ​ឡង់ ដែល​បាន​ចូលទៅក្នុង​ព្រៃ​ឡង់​ចំនួន​ប្រមាណ​ជិត​ ៦០០​នាក់ ជាមួយនឹង​ម៉ូតូ​ចំនួន ២៥០​ គ្រឿង ​(​ក្នុង​មួយគ្រឿង​ជិះ​គ្នា​ ២​ នាក់​) ​នឹង​វិលត្រឡប់​មកវិញ យក​ភស្តុតាង​ទាំងនោះ​ដើម្បី​បង្ហាញ​ដល់​មន្ត្រី​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​ក្រុម​អ្នកតំណាងរាស្ត្រ​ឲ្យ​បានដឹង ពី​ការកាប់បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ព្រៃ​ឡង់ ដែល​ប្រជុំ​ខេត្ត​ចំនួន ៤ គឺ​ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និង​ខេត្តកំពង់ធំ​។​

​លោក​ចាន់ សុ​វេត មាន​ប្រសាសន៍​បញ្ជាក់ថា សហគមន៍​ព្រៃឈើ​បាន​ចូលទៅ​ក្នុងព្រៃ​ឡង់ ដោយ​ជិះ​ម៉ូតូ​ចំនួន​ ៥២ ​គ្រឿង ក្នុង​មួយ​ម៉ូតូ​ចំនួន ​២ ​នាក់ ដើម្បី​ប្រមូល​ភស្តុតាង របស់​ក្រុមហ៊ុន និង​សម្ភារៈ គ្រឿងចក្រ​ជាច្រើន​ទៀត ដែល​ក្រុមហ៊ុន​បាន​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់ ដែល​ភស្តុតាង​ទាំងនោះ នឹងត្រូវ​ដាក់​បង្ហាញសមាគមន៍​ជាតិ និង​អន្តរជាតិ មន្ត្រី​រដ្ឋាភិបាល ក្រុម​អ្នកតំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៦ ​មីនា ឆ្នាំ​២០១២​នេះ​ផងដែរ​។ ហើយ​ព្រឹក​ថ្ងៃទី​២៦​មីនានោះ​ នឹងមាន​ការបិទផ្លូវ​ចូលទៅ​ក្រុមហ៊ុន​កាប់​ព្រៃឈើ កាប់​ព្រៃ​ឡង់ ដើម្បី​បង្ហាញ​និង​ថតរូប​ភាពជា​ភស្តុតាង​បង្ហាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។​

​ លោក​ចាន់ សុ​វេត បាន​និយាយថា នេះ​ជាការ​គំរាម​គំហែង​សិទ្ធិសេរីភាព ទៅដល់​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​សហគមន៍​ព្រៃឈើ ដែល​មានការ​ព្រួយ​បារ​ម្មណ៍​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ដែលជា​ព្រៃ​ធម្មជាតិ​ដ៏​ធំ​នៅក្នុង​ប្រទេស​កម្ពុជា​។​

ជាមួយគ្នា​ នោះ លោក​ចាន់ សុ​វេត មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ​២ ​នាក់ លោក​ឆុត វុទ្ធី និង​ឈឹម សាវុធ ដែល​សមត្ថកិច្ច​ប្រមាញ់​ចាប់ខ្លួន​នោះ គឹ​នៅ​ថ្ងៃស្អែក និង​ពេលខាងមុខ​សមត្ថកិច្ច​នឹង​តាម​ចាប់​អ្នកតំណាង​សហគមន៍​ព្រៃឈើ និង​អ្នក​តវ៉ា​ជាច្រើន​ទៀត ដែល​ហ៊ានចេញមុខ​តវ៉ា​កុំ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ ៕​

1 comments:

Anonymous said...

Hi, cool post. I have been thinking about this topic,so thanks for sharing. I will probably be subscribing to your blog. Keep up great writing!!!
1984 Buick Skylark AC Compressor

Post a Comment