Tuesday, March 13, 2012

ក្រសួងមហាផ្ទៃ បញ្ជាក់ថា រឿង​អតីត​អភិបាលក្រុង​បាវិត បាញ់​កម្មករ​ឲ្យ​របួសធ្ងន់ មិនអាច​ទៅ​ដកតំណែង​មន្ត្រីរាជការ​ទេ​

(ថ្ងៃទី 12 មីនា 2012, ម៉ោង 06:55:PM) | ដោយ: CEN 
ភ្នំពេញ: ក្រសួងមហាផ្ទៃ បានចេញ​លិខិត​មួយច្បាប់ ឆ្លើយតប​ចំពោះ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បានស្នើ​ឲ្យ​បញ្ឈប់​តំណែង ប្រធាន​ស្ថាប័ន ពាក់ព័ន្ធ​ក្នុង​ខេត្តស្វាយរៀង និង​ដាក់​រដ្ឋបាល​ឲ្យ​បាន​ធ្ងន់ធ្ងរ​។​

​ក្រសួងមហាផ្ទៃ បានទទួល​លិខិត របស់លោក រ៉ុង ឈុន មួយច្បាប់ ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១២ ដែល​បាន​ស្នើសុំ​ឲ្យ​បញ្ឈប់​តំណែង​ប្រធាន​ស្ថាប័ន ពាក់ព័ន្ធ​ខេត្តស្វាយរៀង និង​ដាក់វិន័យ រដ្ឋបាល​ឲ្យ​បាន​ធ្ងន់ធ្ងរ ដែល​បាន​បាញ់ប្រហារ ទៅលើ​កម្មករ នៅ​រោងចក្រ កាត់ដេរ​ស្បែកជើង កៅ​វ៉េ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ នៅ​សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ក្នុង​លិខិត​របស់លោក ស ខេង បាន​លើកឡើងថា ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ​ខាងលើនេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បានធ្វើការ ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ ប្រមូល​វត្ថុតាង​នៅ​កន្លែងកើតហេតុ និង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តស្វាយរៀង​រួចហើយ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ឆ្លើយតប​ក្នុង​លិខិត​នោះ​ថា ការហូតងារ​មន្ត្រីរាជកា​រ​ស៊ីវិល ត្រូវ​ផ្អែកលើ​ច្បាប់ ស្តីពី សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រកាស​ឲ្យ​ប្រើប្រាស់ ដោយ​ព្រះរាជក្រម​លេខ ០៦ ន​.​ស​.៩៤ ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៩៩៤ ជំពូក​ទី​៦ ស្តីពី ការចោទប្រកាន់​តាមផ្លូវ​តុលាការ ត្រង់​មាត្រា ៥៣ ចែងថា “​ការផ្តន្ទាទោស​ជា​បទឧក្រិដ្ឋ ឬ​ជាប​ទម​ជ្ឈឹ​ម ដោយ​ឥត​ព្យួរទោស បណ្តាល​ឲ្យ​ហូតងារ​មន្ត្រីរាជការ​នោះ គិតពី​ថ្ងៃ​សាលក្រម​ចូល​ជា​ស្ថាពរ​”​។​

​លិខិត​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ខាងលើនេះ ត្រូវបាន​សមាគម​គ្រូបង្រៀន​របស់លោក រ៉ុង ឈុន ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១២​។​

​ក្រុម​សង្គម​ស៊ីវិល បានទាមទារ​ឲ្យ​មានការ​ដកតំណែង និង​ផ្តន្ទាទោស​អាជ្ញាធរ​សមត្ថ​កិច្ច ពិសេស​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត និង​ចាប់​ទៅ​ផ្តន្ទាទោស​តាមច្បាប់ ដោយសារតែ​លោក​ឈូក ​បណ្ឌិត ជា​ជនសង្ស័យ​តែ​ម្នាក់​គត់ ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ​រោងចក្រ​កាត់ដេរ ៣ នាក់ ឲ្យ​របួសធ្ងន់ ក្នុង​ព្រឹត្តិការណ៍​តវ៉ា កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២​។​

​ក្នុង​សំណុំ​រឿងនេះ តុលាការខេត្ត​ស្វាយរៀង បានចេញ​ដីកា​កោះហៅ​លោក​ឈូក បណ្ឌិត ឲ្យ​ចូល​ឆ្លើយបំភ្លឺ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១២​។ លោក ឈូក បណ្ឌិត កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១២ ត្រូវបាន​ដកតំណែង​ពី​អភិបាលក្រុង​បាវិត ឲ្យ​ទៅ​បម្រើការ​នៅ​សាលាខេត្ត​ស្វាយរៀង​៕​

0 comments:

Post a Comment