Monday, August 27, 2012

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC


2012-08-26
ជា​ទូទៅ នៅ​ក្នុង​ប្រទេស​នីមួយៗ យើង​ដឹង​ថា ស្ថាប័ន​សម្រាប់​ដោះស្រាយ​ជម្លោះ​ខាង​ផ្លូវ​ច្បាប់ គឺ​តុលាការ​ជាតិ ៣​ថ្នាក់ ដែល​មាន សាលា​ដំបូង សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។ ការ​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំពូល ដែល​ជា​សេចក្ដី​សម្រេច​បិទ​លែង​ឱ្យ​មាន​ការ​តវ៉ា​តទៅ​ទៀត។
បើ​ដូច​ការ​ពោល​ខាង​ដើម​នេះ តើ​អាច​មាន​មធ្យោបាយ​ណា​ផ្សេង​ទៀត​ទេ ប្រសិន​បើ​ពលរដ្ឋ​ប្រទេស​មួយ ទទួល​រង​ការ​ឈឺ​ចាប់​ពី​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ហើយ​មិន​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ថ្នាក់​ជាតិ​របស់​ប្រទេស​នោះ? តើ​ស្ថាប័ន​នោះ​មាន​ឈ្មោះ​អ្វី?
ក្នុង​ករណី​បែប​ដូច​ការ​លើក​ឡើង​ពី​ខាង​ដើម​នេះ អ្នក​ច្បាប់​បាន​ពន្យល់​ថា ពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ អាច​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​បាន។ តុលាការ​នេះ​មាន​ឈ្មោះ​ថា "តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ” (ICC)។
តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ជា​អ្វី? សៀវភៅ​មាន​ចំណង​ជើង​ថា "គោលការណ៍​បឋម ស្ដីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បោះពុម្ព​ដោយ​វេទិកា​អាស៊ី ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ប្រទេស​ថៃ បក​ប្រែ​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​សរសេរ​ថា តុលាការ​នេះ គឺ​ជា​តុលាការ​ឯករាជ្យ និង​អចិន្ត្រៃយ៍ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហគមន៍​អន្តរជាតិ នៃ​រដ្ឋ​នានា រួម​គ្នា​បង្កើត​ឡើង​ស្រប​តាម​លក្ខន្តិកៈ​ក្រុង​រ៉ូម (Rome Statute)។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​ទីតាំង​នៅ​ទី​ក្រុង​ឡាអេ (Hague) ប្រទេស​ហុល្លង់។
ដូច​គ្នា​នេះ​ដែរ សាស្ត្រាចារ្យ​ច្បាប់ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ក្រុង​ភ្នំពេញ គឺ​សាស្ត្រាចារ្យ អ៊ីហ្សាម មូសារ (Isham Mousar) ពន្យល់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ មាន​អាណត្តិ​ការងារ​របស់​ខ្លួន​ស្ថិតស្ថេរ គ្មាន​ពេល​បញ្ចប់​ទេ បន្ទាប់​ពី​គេ​បង្កើត​ហើយ៖ «មាន​ន័យ​ថា តុលាការ​ហ្នឹង​មិន​មាន​ពេល​កំណត់​របស់​ខ្លួន​ទេ គឺ​តុលាការ​ហ្នឹង នឹង​មាន​ជីវិត​ចាប់​ពី​ពេល​គេ​បង្កើត​ជា​រៀង​រហូត ដរាប​ណា​សមាជិក​នៃ​តុលាការ​ហ្នឹង គាត់​សម្រេច​នៅ​ក្នុង​សភា​របស់​ខ្លួន​ថា តុលាការ​ហ្នឹង​ត្រូវ​បិទ ទើប​តុលាការ​ហ្នឹង​បិទ​តែ​ម្ដង។ ក៏​ប៉ុន្តែ ជា​ករណី​មួយ​មិន​មាន​ភាព​ងាយ​ស្រួល​ទេ ហើយ​យើង​អះអាង​ថា តុលាការ​ហ្នឹង​មាន​ជីវិត​ជា​រៀង​រហូត»
លោក​បញ្ជាក់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ហៅ​ថា អាយ.ស៊ី.ជេ (ICJ)។ តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ ទទួល​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស និង​ប្រទេស។ ឧទាហរណ៍ ដូច​ជា ករណី​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។ ក៏​ប៉ុន្តែ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ វិញ មាន​យុត្តាធិការ ឬ​ដែន​អំណាច​ខាង​ផ្លូវ​ច្បាប់ ដោះស្រាយ​តែ​ករណី​ព្រហ្មទណ្ឌ រវាង​ពលរដ្ឋ និង​រដ្ឋ ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​មួយ​ប៉ុណ្ណោះ។
លោក​ថ្លែង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ជំនុំជម្រះ​លើ​បទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​បំផុត ជា​ប្រភេទ​បទ​ឧក្រិដ្ឋ តាម​ច្បាប់​អន្តរជាតិ ដែល​សហគមន៍​អន្តរជាតិ​ព្រួយ​បារម្ភ។ បទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​បំផុត ដែល​ជា​ប្រភេទ​បទ​ឧក្រិដ្ឋ មាន​ដូច​ជា អំពើ​ប្រល័យ​ពូជសាសន៍ បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដូច​គ្នា​នឹង​តុលាការ​ខ្មែរក្រហម​សព្វថ្ងៃ​ដែរ៖«តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ យុត្តាធិការ​របស់​គាត់ ធ្វើ​ការ​តែ​នៅ​លើ​ព្រហ្មទណ្ឌ តែ​ប៉ុណ្ណេះ​ទេ។ ទាក់ទិន​តែ​ទៅ​លើ​រឿង​ដែល​ហៅ​ថា រឿង​ទាក់ទង​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​ទាក់ទង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​បាន​លើក​អម្បាញ់មិញ»
ទោះ​ជា​ដូច្នេះ​ក្ដី លោក​សាស្ត្រាចារ្យ​ពន្យល់​ពី​ភាព​ខុស​គ្នា​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ មាន​យុត្តាធិការ ឬ​ដែន​អំណាច​ជំនុំជម្រះ​លើ​ឧក្រិដ្ឋកម្ម​បន្ថែម​មួយ​ទៀត គឺ​ឧក្រិដ្ឋកម្ម​ឈ្លានពាន ភាសា​អង់គ្លេស​ហៅ​ថា Aggression ដែល​លើស​ពី​យុត្តាធិការ​របស់​តុលាការ​ខ្មែរ​ក្រហម។
ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ឈ្លានពាន លោក​សាស្ត្រាចារ្យ អ៊ីហ្សាម មូសារ លើក​ឧទាហរណ៍​ករណី​ដូច​ជា ការ​វាយ​ប្រហារ​អាគារ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១។ ទោះ​ជា​បែប​នេះ​ក្ដី បទ​ឧក្រិដ្ឋកម្ម​ឈ្លានពាន​នេះ នៅ​តែ​ជា​ចំណោទ​មិន​ទាន់​កំណត់​ដាច់​ស្រេច​នៅ​ឡើយ ពីព្រោះ​ប្រទេស​ហត្ថលេខី នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​តែ​ខ្វែង​មតិ​គ្នា​លើ​និយមន័យ៖ «និយមន័យ​នៅ​មិនទាន់​ច្បាស់​ទេ ហើយ​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​កំពុង​កំណត់​លម្អិត​ជាង (នេះ) ក៏​ប៉ុន្តែ​មិន​ទាន់​ច្បាស់​នោះ​ទេ។ វា​ពិបាក​នឹង​កំណត់ ព្រោះ​មាន​ប្រទេស​មួយ​ចំនួន គាត់​ដាក់​និយមន័យ​​ទូលំទូលាយ ហើយ​ប្រទេស​មួយ​ចំនួន​ទៀត ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គាត់​ដាក់​និយមន័យ​ដូច​ជា​តឹងរ៉ឹង​ជាង។ ដូច្នេះ គេ​មិន​ទាន់​បាន​សម្រុះ​សម្រួល​គ្នា​នៅ​លើ​និយមន័យ​ហ្នឹង​ទេ។ ក៏​ប៉ុន្តែ គេ​ដាក់​ឧក្រិដ្ឋកម្ម​ឈ្លានពាន​ហ្នឹង​ជា​មុន នៅ​ក្នុង​លក្ខន្តិកៈ​ទី​ក្រុង​រ៉ូម ស្ដីពី​តុលាការ​អន្តរជាតិ មក​ហើយ។ ឧក្រិដ្ឋកម្ម​ហ្នឹង​មាន​តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មួយ​ទេ ដែល​គេ​កាត់​ទោស​អ្នក​ប្រព្រឹត្ត​នោះ។ តុលាការ​ខ្មែរក្រហម មិន​កាត់​ទោស​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម Aggression (ឧក្រិដ្ឋកម្ម​ឈ្លានពាន) នេះ​ទេ»
បន្ថែម​លើ​សេចក្ដី​ពន្យល់​របស់​សាស្ត្រាចារ្យ អ៊ីហ្សាម មូសារ សៀវភៅ​ដែល​បោះពុម្ព​ដោយ​វេទិកា​អាស៊ី ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ មាន​ចំណង​ជើង​ថា "គោលការណ៍​បឋម ស្ដីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ" សរសេរ​ថា នៅ​ក្នុង​ច្បាប់​អន្តរជាតិ គំនិត​នៃ​អំពើ​ឈ្លានពាន​នេះ គេ​កំពុង​តែ​ដោះស្រាយ​ដោយ​យឺតៗ ជា​ពិសេស ទាក់ទង​នឹង​សកម្មភាព​យោធា ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក នីការ៉ាកា (Nicaragua) កូស្តារីតា (Costa Rita) និង​អែលសាល់វ៉ាឌ័រ (El Salvador)។
សៀវភៅ​ដដែល​បន្ត​ថា ប្រទេស​ខ្លះ ដូច​ជា​សហរដ្ឋអាមេរិក ដែល​បោះ​ឆ្នោត​ប្រឆាំង​នឹង​ការ​ដាក់​បន្ថែម​បទ​ល្មើស​ឈ្លានពាន បញ្ចូល​ទៅ​ក្នុង​លក្ខន្តិកៈ​ក្រុង​រ៉ូម មាន​ការ​ភ័យ​ខ្លាច​ថា ការ​ដាក់​បន្ថែម​បទ​ឧក្រិដ្ឋ​នេះ នឹង​ដាក់​មេ​បញ្ជាការ​យោធា​របស់​ខ្លួន​ដែល​បំពេញ​ប្រតិបត្តិការ​យោធា នៅ​ប្រទេស​ផ្សេងៗ ឱ្យ​ទទួល​ទោស​នេះ។ ការ​ជំនុំជម្រះ និង​ការ​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឈ្លានពាន អាច​អនុវត្ត​ទៅ​បាន កាល​ណា​រដ្ឋ​ហត្ថលេខី​ទាំង​នោះ ព្រមព្រៀង​គ្នា​លើ​និយមន័យ និង​ធាតុ​ផ្សំ​របស់​ឧក្រិដ្ឋកម្ម​នេះ​រួច។
តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី មាន​អំណាច​ស៊ើប​អង្កេត និង​នាំ​ខ្លួន​បុគ្គល​ជន​ផ្ដាច់ការ និង​ឧក្រិដ្ឋជន​ដទៃ​ទៀត ទៅ​ជំនុំជម្រះ និង​កាត់​ឱ្យ​ជាប់​ទោស នៅ​ពេល​ដែល​គេ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​សង្គ្រាម បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ អំពើ​ប្រល័យ​ពូជសាសន៍ និង​អំពើ​ឈ្លានពាន ហើយ​មាន​និទ្ទណ្ឌភាព ឬ​រួច​ខ្លួន​ផុត​ពី​យុត្តាធិការ​ជាតិ ទោះ​ការ​ប្រព្រឹត្ត​នេះ​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល ឬ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល ដែល​កំពុង​កាន់​អំណាច ឬ​នៃ​ក្រុម​ឧទ្ទាម ឬ​ក្រុម​ប៉ុនប៉ង​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ក៏​ដោយ។
លោក​សាស្ត្រាចារ្យ អ៊ីហ្សាម មូសារ បន្ថែម​ថា ពលរដ្ឋ​ជា​បុគ្គល ឬ​សមាគម អាច​ប្ដឹង​ទៅ​តុលាការ ព្រហ្មទណ្ឌ​អន្តរជាតិ ឱ្យ​ចាត់​ការ​រឿង​ក្ដី​ព្រហ្មទណ្ឌ​ទាំង​នេះ​បាន៖ «តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ស្នើសុំ​ឱ្យ​រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ យក​រឿង​ក្ដី​ណា​មួយ ដើម្បី​ជម្រះ។ គាត់​មិន​យក​រដ្ឋ​ទៅ​កាត់​ទោស​ទេ គាត់​យក​មេ​ដឹក​នាំ​ជា​បុគ្គល ជា​មេ​ដឹកនាំ​រដ្ឋ​ណា​មួយ ឬ​មេ​ទាហាន​ជា​អ្នក​សម្រេច​នៅ​ក្នុង​ប្រទេស​ណា​មួយ​ជា​បុគ្គល យក​ទៅ​កាត់​ទោស។ ដូច​តុលាការ​ខ្មែរ​ក្រហម​យើង​អ៊ីចឹង មិន​មែន​កាត់​ទោស​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ គឺ​កាត់​ទោស​មេ​ដឹកនាំ ឬ​ក៏​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​របស់​កម្ពុជា​ប្រជាធិបតេយ្យ»
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អនុវត្ត​យុត្តាធិការ ឬ​ដែន​អំណាច​ដោះស្រាយ​តែ​លើ​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​ណា ដែល​កើត​មាន​បន្ទាប់​ពី​លក្ខន្តិកៈ​ក្រុង​រ៉ូម (Rome Statute) ចូល​ជា​ធរមាន​ប៉ុណ្ណោះ គឺ​មិន​អនុវត្ត​ថយ​ក្រោយ​ឡើយ។ មិន​ដូច​តុលាការ​ខ្មែរ​ក្រហម ដោះស្រាយ​លើ​ឧក្រិដ្ឋកម្ម ដែល​កើត​មាន​ក្នុង​ចន្លោះ​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩ ទេ បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​ដូច​គ្នា​ក៏​ដោយ។
រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ចំនួន​១២១​ហើយ ដែល​ផ្ដល់​សច្ចាប័ន​ដល់​លក្ខន្តិកៈ​ក្រុង​រ៉ូម។
សភាជាតិ​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​ដល់​លក្ខន្តិកៈ​ក្រុង​រ៉ូម នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​២០០២។ ការ​ផ្ដល់​សច្ចាប័ន​នេះ គឺ​ប្រទេស​កម្ពុជា​មាន​កាតព្វកិច្ច​គោរព​តាម​គោលការណ៍ ដែល​គ្រប់គ្រង​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ការ​នាំ​យក​ជន​ទទួល​ខុស​ត្រូវ​បទ​ឧក្រិដ្ឋ ទៅ​ជំនុំជម្រះ​ទោស និង​សហការ​ឱ្យ​បាន​ពេញលេញ​ជា​មួយ​ក្រុម​សមត្ថកិច្ច​របស់​តុលាការ​នេះ៕

0 comments:

Post a Comment